ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបន្តបិទខ្ទប់ភូមិចំនួន ៣ បន្ថែមទៀតនៅក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ បន្ទាប់ពីមើលឃើញពីហានិភ័យនៃការរីករាលដាលជំងឺកូវីដ១៩។
តាមសេចក្តីសម្រេចកាលពីម្សិលមិញបានឲ្យដឹងថា ការបិទខ្ទប់ភូមិចំនួន ៣ បន្ថែមទៀតនេះ គឺមានភូមិទ្រា៤ ភូមិដំណាក់ធំ២ និងភូមិដំណាក់ធំ៣ សម្រាប់រយៈពេល ២ សប្តាហ៍ ដោយគិតចាប់ពីម៉ោងសូន្យថ្ងៃទី ១១ រហូតដល់ថ្ងៃ ទី ២៤ ខែមេសា។
សាលារាជធានីបានបញ្ជាក់ថា៖ «ការបិទខ្ទប់នេះ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងភូមិសាស្ត្រដែលត្រូវបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះ មិនឲ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត»។
ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអះអាងថា បុគ្គលគ្រប់រូបត្រូវបានហាមឃាត់ ការធ្វើដំណើរចេញពីផ្ទះ លើកលែងតែក្នុងករណីចាំបាច់ ដោយមានលិខិតបញ្ជាក់ពីសកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម និងការចេញទៅទិញម្ហូបអាហារ គ្រឿងឧបភោគបរិភោគ។
លោកបន្តថា ចំពោះករណីចេញទៅកាន់មន្ទីរពេទ្យ ឬកន្លែងចាំបាច់មួយចំនួន ក៏ត្រូវបានអនុញ្ញាតផងដែរ ដោយត្រូវទទួលការអនុញ្ញាតជាមុនពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ទទួលបន្ទុកអនុវត្តវិធានការបិទខ្ទប់។
យ៉ាងណាលោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា៖ «រាល់ការលើកលែងខាងលើ បុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាល រួមមាន ការពាក់ម៉ាស់ និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ និងការវាស់កម្តៅ»។
កាលពីថ្ងៃសុក្រលោក ឃួង ស្រេង បានសម្រេចធ្វើការបិទខ្ទប់ផ្នែកខ្លះនៃខណ្ឌចំនួន ៣ គឺខណ្ឌមានជ័យ សែនសុខ និងខណ្ឌពោធិ៍សែនជ័យរយៈពេល ១៤ ថ្ងៃ ចាប់ពីម៉ោងសូន្យថ្ងៃទី ១០ ដល់ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២១។
តំបន់ដែលបានបិទនោះរួមមានសង្កាត់ស្ទឹងមានជ័យ១ និងមានជ័យ២ ក្នុងខណ្ឌមានជ័យ។ ភូមិទ្រុងមាន់១ នៃសង្កាត់អូរបែកក្អម ភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រនៃសង្កាត់ចោមចៅ១, ភូមិចំការឪឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១ នៃសង្កាត់កាកាបទី១ និងភូមិចំការឪឡឹក១ នៃសង្កាត់កាកាបទី ២ ដោយសារកម្មករបានមកជួលផ្ទះនៅតំបន់នោះ៕