ភ្នំពេញៈ ភ្ញៀវទេសចរ​ភាគច្រើន​ដែល​ទៅលេង​កម្សាន្ត​ក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល ២០២០ ​ឈាន​ចូល​ ២០២១ នៅតាម​បណ្តា​ខេត្ត​ជាប់មាត់​សមុទ្រ​មាន​ការយល់ដឹង​ច្រើន និង​បាន​វេចខ្ចប់​ទុកដាក់​សំរាម​បាន​ត្រឹមត្រូវ ថែមទាំង​មាន​ឥរិយាបថ​ល្អ​ក្នុង​ការចូលរួម​ថែរក្សា​បរិស្ថាន​ និង​អនាម័យ​លើកលែង​តែ​ភ្ញៀវទេសចរ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ដែល​នៅតែ​បន្ត​បោះចោល​សំរាម​។

លោក​ ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​ក្នុង​ថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ​សកល​កាលថ្ងៃ​ទី​ ៣១ ខែ​ ធ្នូ ឆ្នាំ​ ២០២០ និង​ថ្ងៃទី​ ១ មករា​ ឆ្នាំ​ ២០២១ ​មាន​ចំនួន​សរុប ៧៤ ៩២៣ ​នាក់​កើនឡើង​ ១៤, ៨៦% បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ក្នុង​នោះ​ភ្ញៀវ​ជាតិ​ ៧២ ៣៣០ ​នាក់ កើនឡើង​ ៣៩,២១% ភ្ញៀវបរទេស ២ ៥៩៣ នាក់ ថយចុះ ៨០,៤៥%​។

លោក​បាន​បន្តថា​៖ «​យើង​សង្កេតឃើញ​ថា បងប្អូន​ប្រជាពលរដ្ឋ​មាន​ការចូលរួម​ក្នុង​ការសម្អាត​បរិស្ថាន​តាម​តំបន់ឆ្នេរ ជាពិសេស​ការទុកដាក់​សំរាម​ដោយ​មាន​ការវេចខ្ចប់​កាកសំណល់​សំរាម​បានល្អ​។ ពួកគាត់​បាន​រៀបចំ វេចខ្ចប់​សំរាម​រួចជាស្រេច​ទុកដាក់​នៅ​កន្លែង​ធុងសំរាម ឬ​កន្លែង​ទុកដាក់​សំរាម​សម្រាប់​ឱ្យ​ក្រុមការងារ​ដឹកជញ្ជូន​យក​ទៅ​ទុក​នៅ​ទីលាន​ដាក់​សំរាម​»​។ សកម្មភាព​របស់​ប្រជាពលរដ្ឋ​ចំពោះ​ការរៀបចំ​ទុកដាក់​សំរាម​បាន​ល្អ​បែបនេះ​គឺជា​គំរូ​ល្អ​មួយ​ដែល​បានបញ្ជាក់​ពី​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ ជាពិសេស​ភ្ញៀវទេសចរ​ក្នុង​ការថែរក្សា​អនាម័យ បរិស្ថាន និង​ជួយ​លើកស្ទួយ​សោភណភាព​តំបន់ឆ្នេរ​សមុទ្រ​។

លោក ភារម្យ បញ្ជាក់ថា​៖ «​ក្នុងនាម​អាជ្ញាធរ​ខេត្ដ​ព្រះសីហនុ យើង​នៅតែ​ពង្រឹង​ការសម្អាត​ឆ្នេរសមុទ្រ​របស់​យើង ដោយ​យើង​មាន​ក្រុមការងារ​សម្អាត​ឆ្នេរ មាន​ម៉ាស៊ីន​សម្រាប់​សម្អាត រថយន្ត​សម្អាត និង​បានធ្វើ​ជាប្រចាំ​»​។

លោក​បាន​អំពាវនាវ​ដល់​ប្រជាពលដ្ឋ​ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ឱ្យចូល​រួមសហការ​បន្ថែម​ទៀត​ក្នុង​ការជួយ​សម្អាត​ឆ្នេរសមុទ្រ ដើម្បីឱ្យ​ធានាបាន​នូវ​អនាម័យ បរិស្ថាន គុណភាព​ឆ្នេរខ្សាច់ គុណភាព​ទឹក និង​គុណភាព​ខ្យល់​នៅ​តាម​រមណីយដ្ឋាន និង​តំបន់ឆ្នេរ​កម្សាន្ត​នានា​។

អ្នកស្រី គួង សុខគៀង ពលរដ្ឋ​ម្នាក់​រស់នៅ​ភ្នំពេញ​ដែល​បាន​ទៅលេង​កម្សាន្ត​នៅ​ក្រុងព្រះសីហនុ​កាល​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ថ្លែងថា នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​មាន​មនុស្ស​ច្រើន​ទៅលេង​កម្សាន្ត​នៅ​ឆ្នេរសមុទ្រ​ក្រុងព្រះសីហនុ ហើយ​សំរាម​ក៏មាន​ច្រើន​ដែរ​។ ប៉ុន្ដែ​សំរាម​ទាំងនោះ​ត្រូវបាន​រៀបចំ​ទុកដាក់​យ៉ាង​មាន​សណ្ដាប់ធ្នាប់​។ អ្នកស្រី​ប្រាប់ថា​៖ «​សុំ​សរសើរ​ដែរ​ព្រោះ​ពេលយប់​ឆ្លង​ឆ្នាំ​មនុស្ស​ច្រើនណាស់​សំរាម​ក៏​ច្រើន តែ​ព្រឹក​ឡើង​មើល​នៅតាម​ឆ្នេរ​ឡើង​ស្អាត សំរាម​ទោះ​ជញ្ជូន​មិនទាន់​អស់​ក៏បាន​រៀបចំ​ជា​គំនរ​យ៉ាង​មាន​របៀប​»​។

លោក អ៊ឹង វុទ្ធី នាយក​រដ្ឋបាល​ខេត្ដ​កែប​ថ្លែង​ពី​ម្សិលមិញ​ដែរ​ថា ភ្ញៀវទេសចរ​ក្នុង​ថ្ងៃ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​ថ្ងៃទី​ ៣១ ខែ ធ្នូ​ ២០២០ និង​ថ្ងៃទី​ ១ មករា ២០២១ មាន​ជាង​ ៥ ​ម៉ឺន​នាក់​ក្នុង​នោះ​ទេសចរ​ភាគច្រើន​បាន​រៀបចំ​ទុកដាក់​សំរាម​បានល្អ​។ ប៉ុន្ដែ​នៅ​យប់​ថ្ងៃទី​ ៣១ ខែធ្នូ មាន​ភ្ញៀវទេសចរ​ច្រើន​បាន​ទៅលេង​តាម​តំបន់ឆ្នេរ​ក៏មាន​ពលរដ្ឋ​មួយចំនួន​មិនបាន​ទុកដាក់​សំរាម​ត្រឹមត្រូវ​ដែរ​។

លោក​ថ្លែងថា​៖ «​នៅ​យប់​ឆ្លង​ឆ្នាំ​សកល​មាន​បងប្អូន​ប្រជាពលរដ្ឋ​មកលេង​កម្សាន្ត​នៅតាម​តំបន់​ឆ្នេរសមុទ្រ​ច្រើន ហើយ​យើង​ក៏​ឃើញ​មាន​សំរាម​ច្រើន​ដែល​បងប្អូន​ប្រជាពលរដ្ឋ​មិនបាន​រៀបចំ​ទុកដាក់​បានល្អ ហើយ​មាន​សំរាម​ធ្លាក់ចូល​សមុទ្រ​មួយចំនួន​។ ប៉ុន្ដែ​យើង​បាន​ចាត់​ឱ្យ​ក្រុមការងារ​ទៅ​ប្រមូល​សំរាម​ទាំងនោះ​អស់​ហើយ​ដែរ​»​។

បើតាម​លោក​ វុទ្ធី រដ្ឋបាល​ខេត្ដ​កែប​មាន​យន្តការ​រៀបចំ​សណ្ដាប់ធ្នាប់ និង​បរិស្ថាន​នៅតាម​តំបន់​ឆ្នេរសមុទ្រ​ដើម្បី​ថែរក្សា​អនាម័យ​បរិស្ថាន​នៅតាម​តំបន់ឆ្នេរ​។ រដ្ឋបាល​ខេត្ដ​ក៏​បាន​បំពាក់​ធុងសំរាម​នៅ​តាម​តំបន់​កម្សាន្ត​នានា និង​មាន​ទីលាន​សម្រាប់​ចាក់សំរាម​ក្នុង​ក្រុង​ផងដែរ​។

ចំណែក​លោក សុខ សុទ្ធី អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ដ​កោះកុង ថ្លែង​ពី​ម្សិលមិញ​ថា ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មកលេង​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ដ​កោះកុង​ក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​ចាប់ពី​ថ្ងៃទី​ ៣១ ខែ ធ្នូ ឆ្នាំ​ ២០២០ ដល់​ថ្ងៃទី​ ២ ខែ មករា ឆ្នាំ​ ២០២១ ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន ២៦ ២៤៥ ​នាក់​កើនឡើង​ចំនួន ៣ ៦៣៥ ​នាក់​ស្មើនឹង ១៦ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។ ទេសចរ​អន្តរជាតិ​មាន​ចំនួន​ ៧៤ ​នាក់ ថយចុះ ៨ ៣៧០ ​នាក់​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។

លោក​បញ្ជាក់ថា​៖ «​ពលរដ្ឋ​យើង​គាត់​មាន​ឥរិយាបថ​ថា ការប្រមូល​សំរាម​ ឬ​ក៏​ការសម្អាត​បរិស្ថាន គឺជា​បន្ទុក​របស់​អាជ្ញាធរ ឬ​ជា​របស់​អ្នកទទួលបន្ទុក​ណា​ម្នាក់ គឺ​មិនមែន​ជា​បន្ទុក​របស់​ពួកគាត់ នេះ​គឺជា​ឥរិយាបថ​ទូទៅ​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​ខេត្ដ​កោះកុង​»៕