សៀមរាប: ភ្នាក់ងារ​ទេសចរ​ចំនួន​ ១៥៥ ​នាក់​ ត្រូវ​បាន​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ប្រវត្តិសាស្ត្រ​ទូទៅ​ទាក់ទង​នឹង​ឧទ្យានអង្គរ ការអភិរក្ស និង​ការជួសជុល​ប្រាសាទ ទីតាំង​មាន​ហានិភ័យ និង​វិធាន​ការការពារ​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​បន្ទាប់ពី​សិក្សា​រយៈពេល​ ១ ​ខែ​​ដើម្បី​ឱ្យ​ពួកគាត់​ចូលរួម​អង្កេត​ផ្តល់ព័ត៌មាន និង​រួមចំណែក​រាយការណ៍​ពី​ហានិភ័យ​នៅតាម​ប្រាសាទ​។

លោក ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ និង​ជា​អ្នកនាំពាក្យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ថ្លែងថា នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ សហការ​ជាមួយ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អង្គរ​នៃ​អាជ្ញាធរជាតិ​អប្សរា​បាន​បណ្ដុះបណ្ដាល​ដោយ​ផ្ដោត​សំខាន់​ពី​ហានិភ័យ​ប្រាសាទ​ក៏ដូចជា របៀប​ពន្យល់​ពី​ប្រវត្តិសាស្ត្រ​អង្គរ​ទៅ​កាន់​ភ្ញៀវទេសចរ​។ ​កម្មវិធី​នេះ​ត្រូវបាន​រៀបចំឡើង​រយៈពេល​ ១ ​ខែ ហើយ​ទើបតែ​បញ្ចប់​កាលពី​ថ្ងៃទី​ ៣០ ខែ​ កញ្ញា ឆ្នាំ​ ២០២០ ​ថ្មីៗ​នេះ​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ជា​​ច្រើនលើក ច្រើន​វគ្គ​រួចមកហើយ ប៉ុន្ដែ​មិនមែន​មុខជំនាញ​ដដែលៗ​​ទេ គឺ​យើង​ផ្លាស់ប្ដូរ​មុខវិជ្ជា​ប្លែកៗ​ដែល​ចាំបាច់​តាម​តម្រូវការ​បច្ចុប្បន្ន ដែល​យើង​មើលឃើញ​ថា មន្ត្រី​យើង​នៅ​មាន​ចំណុច​ខ្វះខាត​។ ​យើង​នៅ​បន្ត​បើក​វគ្គ​បណ្ដុះបណ្ដាល​បន្ថែមទៀត​ហើយ​រក​គ្រូឧទ្ទេស​ជាតិ និង​អន្តរជាតិ​មក​បង្ហាត់បង្រៀន​​សិក្ខាកាម​យើង​ដែល​ប្រឡូក​ផ្ទាល់​ជាមួយ​ភ្ញៀវទេសចរ​»​។

លោក​ លឹម ស្រ៊ូ ប្រធាន​ភ្នាក់ងារ​ទេសចរណ៍​ក្នុង​តំបន់​អង្គរ​បាន​ឱ្យ​ដឹង​កាលពី​ថ្ងៃទី​ ៤ តុលា​​ ថា វគ្គ​បណ្តុះបណ្តាល​អំពី​ហានិភ័យ​ប្រាសាទ​នេះ​មាន​ភ្នាក់ងារ​ទេសចរ​ចូលរួម​ចំនួន​ ១៥៥ ​នាក់​​ ដែល​សុទ្ធតែ​ជា​ប្រធាន និង​អនុប្រធាន​ក្រុម​ប្រចាំ​គោលដៅ​សំខាន់ៗ​ដូចជា ក្រុម​គោលដៅ​ប្រចាំ​ប្រាសាទ​អង្គរវត្ត ប្រាសាទ​បាយ័ន ប្រាសាទតាព្រហ្ម ប្រាសាទ​ប្រែរូប​ និង​ប្រាសាទ​បាគង​ជាដើម​។

លោក​បន្តថា វគ្គបណ្តុះបណ្តាល​នេះ បង្រៀន​សិក្ខាកាម​ពី​តួនាទី​របស់​ភ្នាក់ងារ​ទេសចរ​ដែល​មាន​ការពន្យល់​ពី​អ្នកជំនាញ​ជាតិ-អន្តរជាតិ ​អំពី​ប្រវត្តិសាស្ត្រ​ទូទៅ​នៃ​ឧទ្យាន​អង្គរប្រវត្តិ​នៃ​ការអភិរក្ស និង​ការជួសជុល​ប្រាសាទ ការចុះពិនិត្យ​ទីតាំង​ដែល​មាន​ហានិភ័យ​ខ្ពស់ និង​វិធានការ​ការពារ​ប្រាសាទ​នានា​ដើម្បី​ជួយ​សង្គ្រោះ​ប្រាសាទ​ក្នុង​តំបន់​អង្គរ​។

លោក​ លឹម ស្រ៊ូ បាន​បញ្ជាក់ថា​៖ «​តាមរយៈ​មេរៀន​ទាំងនេះ​គឺ​ដើម្បី​ឱ្យ​ភ្នាក់ងារ​ទេសចរ​មាន​មូលដ្ឋាន​ជា​គ្រឹះ​ខ្លះៗ អាច​ចូលរួម​អង្កេត​ផ្តល់​ព័ត៌មាន និង​រួមចំណែក​ផ្តល់​សញ្ញា​ព័ត៌មាន​ដល់​ភ្ញៀវទេសចរ​បាន​ជ្រាប និង​ទប់ស្កាត់​ហានិភ័យ​ផ្សេងៗ​នៅតាម​ប្រាសាទ​។ ​លើស​ពី​នេះ​បង្រៀន​ពី​របៀប​សង្គ្រោះ​បឋម​ចំពោះ​ភ្ញៀវទេសចរ ដែល​មាន​បញ្ហា​សុខភាព​ក្នុង​អំឡុងពេល​ដើរ​ទស្សនា​តំបន់​អង្គរ​»​។

ទាក់ទង​នឹង​ការបណ្ដុះបណ្ដាល​នេះ ភ្នំពេញ​ប៉ុស្ដិ៍​បាន​ទាក់ទង​ទៅ​សិក្ខាកាម​មួយចំនួន​ក្នុង​ចំណោម​ ១៥៥ ​នាក់​នោះ ប៉ុន្តែ​ពួកគាត់​បាន​ស្នើសុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​កម្មវិធី​នេះ​ទេ​កាលពី​ម្សិលមិញ​។

លោក សុខ សង្វារ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​ទទួល​បន្ទុក​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ​បាន​ថ្លែង​ក្នុង​​ឱកាស​បិទ​វគ្គ​បណ្តុះបណ្តាល​នេះ នៅ​ប្រាសាទ​បាគង​កាលពី​ថ្ងៃទី​ ២ ខែ​តុលា ដោយ​លោក​បាន​អរគុណ​ចំពោះ​គ្រូឧទ្ទេស​ទាំងអស់​ដែល​បាន​ចូលរួម​ចែករំលែក​ចំណេះដឹង និង​បទពិសោធ​ដល់​ក្រុម​ការងារ​ភ្នាក់ងារ​ទេសចរ​នេះ​។

ជាមួយ​នេះ​ដែរ​លោក​បាន​រំពឹងថា ភ្នាក់ងារ​ទេសចរ​ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​ទាំងនេះ​នឹង​យក​ចំណេះដឹង​ទៅ​ប្រើប្រាស់ និង​ចែករំលែក​បន្តទៀត​ប្រកប​ដោយ​ផ្លែផ្កា​ល្អ​ក្នុង​ការងារ​ប្រចាំថ្ងៃ​របស់​ខ្លួន ដើម្បី​ភាពល្អប្រសើរ​ក្នុង​តំបន់​អង្គរ​៕