ក្នុង​អំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​កូវីដ១៩ នេះ ភ្នាក់ងារ​វីង​ទូទាំង​ប្រទេស​បាន​រួម​គ្នា​បរិច្ចាគ​នូវ​ធនធាន​ផ្ទាល់​ខ្លួន​ម្តង​ទៀត​ហើយដើម្បី​ជួយ​សហគមន៍ ។

ខណៈ​ពេល​ដែល​ជំងឺ​រាតត្បាត​នៅ​តែ​បន្ត​ជះឥទ្ធិពល​ដល់​ប្រទេស កម្ពុជា ភ្នាក់ងារ​វីង​នៅ​ទូទាំង​ប្រទេស​បាន​រួបរួម​គ្នា​ម្តង​ទៀតហើយ ដោយ​បរិច្ចាគ​នូវ​ធនធាន​ផ្ទាល់​ខ្លួន ដើម្បី​គាំទ្រ​ដល់​សហគមន៍​មូលដ្ឋាន​ដែល​កំពុង​ជួប​ការ​លំបាក​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។

អ្នកស្រី​តាន់ សៀកលៀង មានអាយុ ៣០ឆ្នាំ រស់នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ក្នុង​រាជធានី​ភ្នំពេញបាន​រៀប​ចំ​អង្ករ ៣០០ គីឡូក្រាម ព្រម​ទាំង​ត្រី​ខកំប៉ុង និង​ទឹកត្រី នៅ​ពី​មុខ​ហាង​វីង​របស់​គាត់​ដើម្បី​ចែក​ជូន​ដល់​សហគមន៍ ដែល​ភាគ​ច្រើន ជា​កម្មករ​សំណង់ និងអ្នក​រើស​អេតចាយ។ អ្នកស្រី សៀកលៀង បាន​ឲ្យ​ដឹង​ថា៖«ការ​ចូលរួម​របស់​ខ្ញុំ​គឺ​មិន​ច្រើន​ទេ ប៉ុន្តែ​វា​នឹង​ជួយ​កាត់​បន្ថយ​បន្ទុក​ដល់​គ្រួសារ​របស់​ពួកគេបាន​ខ្លះៗ។ ម្តាយ​ខ្ញុំ និង​ខ្ញុំ​បាន​រស់​នៅ​ទី​នេះ​ជិត ៣០​ឆ្នាំ​ហើយ។ យើង​ចង់​ជួយ​អ្នក​ជិត​ខាង​របស់​យើង»។

នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ឯណោះ​វិញ លោកស្រី មូ ស៊ីវតាន​ មានអាយុ ៣៨ឆ្នាំ ជា​ម្ចាស់​ហាង​វីង យីហោ ថៃ ឆាង​ ក្នុង​ខេត្ត​រតនគិរី បាន​ចែក​អាហារ​ដល់​អ្នក​ខ្វះខាត និង​អ្នក​ធ្វើ​ការងារ​នៅ​មណ្ឌល​ចាក់​វ៉ាក់​សាំង​កូវីដ១៩។ លោកស្រី ស៊ីវតាន បានមាន​ប្រសាសន៍​ថា៖​«នេះ​ជា​ស្មារតី​នៃ​ការ​ចែក​រំលែក​ដល់​សហគមន៍។ ឥឡូវនេះ ខ្ញុំ​កំពុង​បបួល​បងប្អូន​ឲ្យ​ចូលរួម​កិច្ចការ​សប្បុរសនេះ​បន្ថែម​ទៀត»។

ក្រុម​គ្រួសារ​របស់​ភ្នាក់ងារ​វីង​រៀប​ចំ​របស់របរ​ដើម្បី​ចែក​ជូន​សហគមន៍។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយក​នៃ​ធនាគារ វីង (ខេមបូឌា) ម.ក បាន​មាន​ប្រសាសន៍​ថា៖«សាមគ្គីភាព​មាន​សារៈសំខាន់​ក្នុង​ការ ជម្នះ​នូវ​ការ​លំបាក​ដែល​កើត​ឡើង​នៅ​ក្នុង​ស្ថានភាព​វិបត្តិ​បែប​នេះ។ យើង​មាន​មោទនភាព​ណាស់​ដែល​ភ្នាក់ងារ​របស់​យើង​ជាច្រើន​បាន​ចូល​រួម​ក្នុង​សកម្មភាព​សប្បុរសធម៌​បែប​នេះ​ម្តង​ទៀត។ សកម្មភាព​សប្បុរសធម៌​របស់​ពួកគេ​នឹង​ជំរុញ​អ្នក​ជិត​ខាង​របស់ពួកគេ​ឱ្យ​ចូលរួម​ផងដែរ» ។

លោក ស៊ុ្រន ឈាងស្រេង នាយក​គ្រប់គ្រង​អាជីវកម្ម​ទីផ្សារ​អតិថិជន​នៃ​ធនាគារ វីង បាន​សង្កេត​ឃើញ​នូវ​ការ​ចូលរួម​វិភាគ​ទានសប្បុរសធម៌​ពី​ភ្នាក់ងារ​វីង​ជាច្រើន​នៅ​ទូទាំង​ប្រទេស​នៅ​ពេល​ពួកគេ​ចែកចាយ​សកម្មភាព​ទាំង​នោះ​តាម​អ៊ីនធើណែត។

លោក ឈាងស្រេង មាន​ប្រសាសន៍​ថា៖«យើង​បាន​ឃើញ​មាន​ភ្នាក់ងារ​នៅ​ខេត្ត​បាត់ដំបង បន្ទាយ​មានជ័យ កំពង់ឆ្នាំង មណ្ឌលគិរី និង​ខេត្ត​ដទៃ​ទៀត បាន​ជួយ​គាំទ្រ​សហគមន៍​របស់​ពួកគេ ។ យើង​បាន​ស្នើ​ពួកគេ​ឲ្យ​គោរព​តាម​វិធានការ​សុវត្ថិភាពដោយ​ពាក់​ម៉ាស់ រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​ឈរ​តាម​ស្លាក​សញ្ញា​សុវត្ថិភាព​នៅ​ពេល​ពួកគេ​ធ្វើ​កិច្ចការ​សប្បុរសធម៌»។

ក្នុងគ្រា​ដ៏​លំបាកនេះ វីង​ក៏​មិន​យក​ថ្លៃ​សេវា​សម្រាប់​ការ​ផ្ទេរប្រាក់​ពី​វីង​ទៅ​វីង​ដោយ​ប្រើ​កម្មវិធី​ស្មាត​ហ្វូនវីង ហើយ​អនុញ្ញាត​ឲ្យ​ផ្ទេរប្រាក់​បាន​រហូត​ដល់ ២០ ០០០ ដុល្លារ ក្នុង១ថ្ងៃ។ នេះ​នឹង​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​ក្នុង​ការ​ផ្ញើ​ប្រាក់ទៅ​គ្រួសារ​របស់​ពួកគេ ហើយ​នឹង​កាត់​បន្ថយការ​ធ្វើ​ដំណើរ​ក្នុង​ពេល​មាន​ជំងឺ​កូវីដ១៩ នេះ។

ក្រុម​គ្រួសារ​របស់​ភ្នាក់ងារ​វីង​រៀបចំ​របស់​របរ​នៅ​មុខ​ហាង​វីង​របស់​គាត់​ដើម្បី​ចែក​ជូន​អ្នក​ដំណើរ។​

ចំណែក វីងម៉ល​ក៏​កំពុង​ផ្តល់​សេវាកម្ម​ដឹក​ជញ្ជូន​ឥត​គិតថ្លៃ​ដល់​អាជីវករ ដែល​កំពុង​ជួប​ការ​លំបាក​និង​អ្នក​ដែល​ត្រូវ​ការ​ទិញអាហារ គ្រឿងទេស និង​ទំនិញ​ចាំ​បាច់​តាម​រយៈកម្មវិធី​ស្មាត​ហ្វូន​វីង ។

ប្រជាជន​ក៏​អាច​ប្រើ​កម្មវិធី​ស្មាត​ហ្វូន​វីង ដើម្បី​ទូទាត់​ការ​ចំណាយ​ផ្សេងៗ ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​ឆ្ងាយ សម្រាប់​សេវាកម្ម សំខាន់ៗ​ដូចជា៖ ការ​ទូទាត់​ថ្លៃ​ទឹក​ភ្លើង បញ្ចូល​ទឹក​ប្រាក់​ទូរស័ព្ទ ការ​ទូទាត់​ជាមួយ​សេវាកម្ម​ដឹកជញ្ជូន និង​អាជីវកម្ម​ផ្សេងៗ៕