ភ្នំពេញៈ ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ (UN) ប្រចាំ​នៅ​កម្ពុជា​អំពាវនាវ​ដល់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ឱ្យ​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​នៅក្នុង​ពន្ធនាគារ​ឱ្យ​មាន​តម្លាភាព ដូច​ការផ្សព្វផ្សាយ​ក្នុង​ក្របខ័ណ្ឌ​ផ្សេង​ដែរ បន្ទាប់ពី​ពួកគេ​មិន​ទទួលបាន​ទិន្នន័យ​ច្បាស់លាស់​ពី​ការរីករាលដាល​កូវីដ​ ១៩ ​នៅក្នុង​ពន្ធនាគារ​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ចេញ​កាលពី​ថ្ងៃទី​ ២៨ ខែឧសភា​ បានឱ្យដឹងថា ភ្នាក់ងារ​អង្គការ​សហប្រជាជាតតិ​ប្រចាំ​នៅ​កម្ពុជា បាន​ធ្វើ​ការងារ និង​សហការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ដោយ​ផ្អែកលើ​កាតព្វកិច្ច​របស់​ភ្នាក់ងារ​នីមួយៗ​ក្នុង​គោលបំណង​ធានាថា សិទ្ធិ​របស់​មនុស្ស​នៅក្នុង​ការឃុំខ្លួន និង​អ្នក​ដែល​ធ្វើការ​ជាមួយ​ជន​ជាប់ឃុំ ត្រូវ​បាន​ការពារ ស្របតាម​កាតព្វកិច្ច​សិទ្ធិមនុស្ស​អន្តរជាតិ​របស់​ប្រទេស​កម្ពុជា​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា មិនមាន​ព័ត៌មាន​ជាក់លាក់​អំពី​ចំនួន​ករណី​វិជ្ជមាន​នៅក្នុង​ពន្ធនាគារ​នៅ​កម្ពុជា​ទេ​។ ដូច្នេះ​យើង​អំពាវនាវ​ឱ្យមាន​តម្លាភាព​កាន់តែ​ប្រសើរឡើង​ចំពោះ​ការផ្សព្វផ្សាយ​ព័ត៌មាន​នៃ​ការរកឃើញ​ករណី​វិជ្ជមាន​អ្នកជំងឺ​កូវីដ​ ១៩ ​នៅក្នុង​ពន្ធនាគារ​ ដើម្បី​ធានាថា ករណី​រីករាលដាល​ជំងឺ​កូវីដ​ ១៩ ​នៅក្នុង​ពន្ធនាគារ​ត្រូវបាន​ផ្សព្វផ្សាយ​ដូច​ទៅនឹង​ករណី​រកឃើញ​វិជ្ជមាន​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ផ្សេង​ទៀត​ដែរ​»​។

អង្គការ​សហប្រជាជាតិ​នៅតែ​បន្ត​តស៊ូ​មតិ និង​ផ្តល់ជំនួយ​បច្ចេកទេស​ក្នុង​ការអនុវត្ត​ជម្រើស​ផ្សេងៗ​ចំពោះ​ជន​កំពុង​ជាប់ឃុំ ជាពិសេស​នៅក្នុង​បរិបទ​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។ អង្គការសហប្រជាជាតិ​បាន​ជំរុញ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា គួរតែ​ប្រើ​មធ្យោបាយ​ចុងក្រោយ​នូវ​វិធានការ​ជំនួស ក្រៅពី​ការ​ដាក់​ពន្ធនាគារ ចំពោះ​ជន​ត្រូវ​ជាប់ឃុំ​។

លោក នុត សវនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បានទេ​នៅ​ថ្ងៃទី​ ៣០ ​ឧសភា​។ ប៉ុន្ដែ​លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ២៧ ឧសភា​ថា លោក​មិន​ទទួលបាន​គោលការណ៍​ក្នុង​ការបង្ហាញ​ទិន្នន័យ​បច្ចុប្បន្នភាព ជន​ជាប់ឃុំ​ដែល​ឆ្លង​ជំងឺ​កូវីដ​ ១៩ នោះទេ ហើយ​រឿងនេះ​ជា​សមត្ថកិច្ច​របស់​ក្រសួង​សុខាភិបាល​ និង​រដ្ឋបាល​រាជធានី​-​ខេត្ដ​។

លោក​បន្តថា​៖ «​ប៉ុន្ដែ​បើ​ព័ត៌មាន​ផ្លូវការ​របស់​ក្រសួង​សុខាភិបាល​ក៏ដូចជា​រដ្ឋបាល​រាជធានី-ខេត្ដ​ប្រចាំថ្ងៃ ដែល​បានចេញ​ផ្សាយ​នោះ​ជា​សមត្ថកិច្ច​ក្នុង​ការផ្សាយ​របស់គេ​»​។

លោក អំ សំអាត នាយករង​អង្គការ លីកាដូ ថ្លែង​ថា​បច្ចុប្បន្ននេះ​ចំពោះ​ពត៌មាន​ពី​ស្ថានភាព​កូវីដ​នៅតាម​ពន្ធនាគារ គឺ​មិនមាន​ភាពច្បាស់លាស់ និង​មិនមាន​តម្លាភាព​ទេ ទើប​ធ្វើឱ្យ​ក្រុមគ្រួសារ​របស់​ជន​ជាប់ឃុំ​មាន​ការបារម្ភ​ពី​ស្ថានភាព​របស់​អ្នក​ដែល​កំពុង​ជាប់ឃុំ ព្រោះ​ពួកគេ​មិនបាន​ជួប​សួរសុខទុក្ខ​ជាច្រើន​ខែ​មកហើយ ក្នុង​អំឡុងពេល​រីករាលដាល​កូវីដ​ ១៩​។ «​ដូចនេះ​ខ្ញុំ​គាំទ្រ​ការលើកឡើង​របស់​អង្គការ​សហប្រជាជាតិ ដែល​សូមឱ្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ និង​ពន្ធនាគារ​បង្ហាញ​នូវ​ព័ត៌មាន​ប្រកបដោយ​តម្លាភាព​ពី​ស្ថានភាព​កូវីដ​ ១៩ ​ក្នុង​ពន្ធនាគារ​ ព្រោះ​ពន្ធនាគារ​ដែល​មាន​ភាពចង្អៀតណែន​ទូទាំង​ប្រទេស​នេះ ជា​ហានិភ័យ​ខ្ពស់​សម្រាប់​ស្ថានភាព​ពន្ធនាគារ​»​។

ប៉ុន្តែ​លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ថ្លែងថា កន្លងមក​ការបង្ហាញ​ព័ត៌មាន​អ្នក​ដែល​វិជ្ជមាន​នៅ​ខាងក្រៅ ពន្ធនាគារ​ជា​តំបន់​ដែល​ផ្ទុះ​កូវីដ​ខ្លាំង គឺ​ដោយសារ​តែ​វា​មាន​ភាពចាំបាច់​ដើម្បី​លើក​ទឹកចិត្ដ​ឱ្យ​អ្នកពាក់ព័ន្ធ​មក​យក​សំណាក​ទៅ​ពិនិត្យ​ ដើម្បី​ទប់ស្កាត់​ការឆ្លង​កូវីដ​។

លោក​ថា ប៉ុន្ដែ​ចំពោះ​ជន​ជាប់ឃុំ គឺ​ពួកគេ​នៅតែ​ជាប់ឃុំ គឺ​មិនមាន​ទំនាក់ទំនង​ជាមួយ​អ្នក​ខាងក្រៅ ដូច្នេះ​ជាការ​ចាំបាច់ ឬ​មិនចាំបាច់​កម្រិតណា ក្នុង​ការបង្ហាញ​​អត្តសញ្ញាណ គឺ​អាស្រ័យ​ទៅលើ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ជា​អ្នកសម្រេច​៕

វីដេអូ៖