កាសែត​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ម្សិលមិញ​បាន​ចាប់ផ្តើម​កម្មវិធី​លើ​ទូរស័ព្ទ​ជា​ផ្លូវការ​របស់​ខ្លួន​ដែល​លោក​អគ្គនាយក លី តៃសេង បាន​ហៅ​កម្មវិធី​លើ​ទូរស័ព្ទ​នេះ​ថា​ជា​ជំហាន​មួយ​ឆ្ពោះ​ទៅ​មុខ​នៅ​ក្នុង​ការ​ផ្តល់ព័ត៌មាន​ទៅ​ដល់​អ្នកអាន​របស់​កាសែត​នេះ ភាពរីកចម្រើន និង​មហិច្ឆតា​ឌីជីថល​។

ដោយ​ត្រូវ​បាន​ហៅថា The Phnom Penh Post សម្រាប់​ភាសា​អង់គ្លេស និង Post Khmer សម្រាប់​ជា​ភាសា​ខ្មែរ កម្មវិធី​នេះ​អាច​ទាញ​យក​ដោយ​មិន​គិតថ្លៃ នៅ​លើ Google Play Store និង Apple App Store​។

លោក តៃសេង បាន​ថ្លែង​ថា​ជាមួយ​នឹង​ការចាប់ផ្តើម​កម្មវិធី​នេះ​សាធារណជន​អាច​តាមដាន​ព័ត៌មាន​ដោយ​ងាយស្រួល​នៅ​លើ​ទូរស័ព្ទដៃ​របស់​ពួកគេ ហើយ​អាច​ចែករំលែក​ព័ត៌មាន​នោះ​ភ្លាមៗ​ទៅ​គ្រួសារ និង​មិត្តភក្តិ​របស់​ពួកគេ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ប្រជាពលរដ្ឋ​កម្ពុជា​ជា​មធ្យម​មាន​វ័យ​ ២៤ ​ឆ្នាំ​។ ពួកគេ​មាន​ចំណេះដឹង និង​សមត្ថភាព​ឌីជីថល​ហើយ​ភាគច្រើន​បំផុត​នៃ​ពួកគេ​យ៉ាង​ហោច​ណាស់​មាន​ទូរស័ព្ទ​ស្មាតហ្វូន​មួយ​ដែល​ពួកគេ​ក៏​អាច​ប្រើប្រាស់​ដើម្បី​ទទួល​បាន​ដំណឹង និង​ព័ត៌មាន​ច្រើន​ជាង​តាមរយៈ​មធ្យោបាយ​ដទៃៗ​»​។

លោក តៃសេង បាន​ថ្លែង​ថា​៖ «​តាមរយៈ​ការចាប់ផ្តើម​កម្មវិធី​នៅ​លើ​ទូរស័ព្ទ​របស់​យើង យើង​កំពុង​តាម​ទាន់​ភាព​ជា​អ្នកអាន​ដែល​កំពុង​កើនឡើង ដោយ​ពង្រីក​លទ្ធភាព​របស់​ពួកគេ​ឲ្យ​ទទួល​បាន​ព័ត៌មាន​តាមរយៈ​ទម្រង់​ឌីជីថល​។ ឥឡូវ​នេះ​សាធារណជន​ថែម​ទាំង​អាច​ទទួល​បាន​ព័ត៌មាន​ទាន់​ហេតុការណ៍​នៅក្នុង​ដៃ​របស់​ពួកគេ​ក្នុង​ប្រទេស​កម្ពុជា និង​ទូទាំង​សកលលោក​ផង​ដែរ​»​។

ទោះ​យ៉ាង​ណា​ក្តី​លោក តៃសេង បាន​ថ្លែង​ថា​អ្នក​គាំទ្រ​កាសែត​ភ្នំពេញ ប៉ុស្តិ៍​មិន​ចាំបាច់​បារម្ភ​ទេ ដោយសារ​កាសែត​នេះ​នឹង​នៅ​តែ​បន្ត​បោះពុម្ព​ជា​ ២ ​ភាសា​។

លោក​ក៏​បាន​ថ្លែង​អំណរគុណ​អ្នកអាន​ស្ម័គ្រស្មោះ​របស់​កាសែត​ភ្នំពេញ-ប៉ុស្តិ៍ និង​អតិថិជន​របស់​ភ្នំពេញ ប៉ុស្តិ៍​ចំពោះ​ការបន្ត​គាំទ្រ និង​ក្រុម​ការងារ​ឌីជីថល​ដែល​ខិតខំ​ធ្វើ​ការងារ​ក្នុង​រយៈកាល​ ២ ​ខែ​កន្លង​មក​នេះ​ដើម្បី​រចនា​កម្មវិធី​ដែល​ងាយស្រួល​សម្រាប់​អ្នកប្រើប្រាស់​ទាំង​ ២ ​ភាសា​។

លោក James Ong ប្រធាន​មន្ត្រី​ប្រតិបត្តិ​បាន​ថ្លែង​ស្រប​ពេល​ជាមួយ​នឹង​ការចាប់ផ្តើម​កម្មវិធី​នេះ​ផង​ដែរ​ថា ការបញ្ចុះ​តម្លៃ​ពិសេស​នឹង​ផ្តល់​ជូន​អ្នក​ដែល​ចង់​ផ្សាយ​ពាណិជ្ជកម្ម​។

លោក​បាន​ថ្លែង​ថា​៖ «​អត្រា​បញ្ចុះតម្លៃ​នេះ​នឹង​បន្ត​រហូត​ដល់​ថ្ងៃទី​ ៣១ ខែ​កក្កដា​។ ជាការពិត​យើង​ព្យាករ​សក្តានុពល​ដ៏ធំ​សម្រាប់​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​របស់​យើង​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ទីផ្សារ​ជាមួយ​អ្នកអាន​របស់​យើង​»​។

លោក Ong បាន​ថ្លែង​ថា​ផ្អែក​តាម​ការសិក្សា​ស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា កម្មវិធី​លើ​ទូរស័ព្ទ​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ការទាញ​យក​កម្មវិធី​នេះ​យ៉ាង​ហោច​ណាស់​ចំនួន ១ លាន​នៅ​ក្នុង​រយៈពេល​សមហេតុផល​មួយ​។

លោក​បាន​ថ្លែង​ថា៖ «​យើង​នឹង​ផ្សព្វផ្សាយ​វា​តាមរយៈ​ហេ្វសប៊ុក​របស់​យើង កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ជា​ភាសា​អង់គ្លេស និង​ជា​ភាសា​ខ្មែរ​តាមរយៈ Twitter និង​គេហទំព័រ​របស់​យើង​ផង​ដែរ​»​។

លោក​បាន​ថ្លែង​ថា ​គេហទំព័រ​ជា​ភាសា​ខ្មែរ​បច្ចុប្បន្ន​មាន​ការ​ចូល​មើល​ចំនួន ៤,៥ លាន ខណៈ​ភាសា​អង់គ្លេស​មាន​ចំនួន ២,៥ លាន​។ លោក​បន្ត​ថា​៖ «​ជាមួយ​នឹង​កម្មវិធី​លើ​ទូរស័ព្ទ​នេះ​យើង​មាន​ទំនុកចិត្ត​ថា យើង​រឹតតែ​អាច​ទទួល​បាន​ការចូល​មើល​ខ្ពស់​ជាង​មុន​»៕ PS