ភ្នំពេញៈភ្លុកដំរី​ចំនួន​ ៣,៥ ​តោន​​ ដែល​ដឹក​មក​ប្រទេស​កម្ពុជា​ ត្រូវ​បាន​រឹប​អូស ​ដោយ​អាជ្ញា​ធរ ​ក្នុង​ប្រទេស​​​ម៉ូសំប៊ិច​កាល​ពី​ចុង​សប្តាហ៍​មុន។ នេះ​បើ​​តាម​​អង្គការ CITES ​ដែល​ជា​អង្គការ​អនុសញ្ញា​ ស្តីពី​ពាណិជ្ជ​កម្ម​អន្តរជាតិ​​ចំពោះ​ពពួក​សត្វ​​និង​រុក្ខ​ជាតិ​ជិត​ផុត​ពូជ​។

ព័ត៌​មាន​របស់​​អង្គការ CITES គឺ​ផ្អែក​ទៅ​លើ​​របាយការណ៍​ ពី​ក្លឹប​សារព័ត៌​មាន​ម៉ូសំប៊ិច និង​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដទៃ​ៗ​ទៀត​។ ​ចំនួន​ភ្លុក​នេះ​ ដំបូង​ត្រូវ​បាន​រាយការណ៍​ថា​ មាន​ចំនួន​ ១,៥​ តោន ​ប៉ុន្តែ​ក្រោយ​មក​ កើន​ឡើង​ដល់ ​៣,៥​ តោន​ ដោយ​លាក់​នៅ​ខាង​ក្រោម​ដប​ប្លាស្ទិក​។

មន្រ្តី​គយ ​​នៅ​ប្រទេស​ម៉ូសំប៊ិច​​ មិនបាន​ឆ្លើយ​តប​ នឹង​សំណើ​សុំ​អត្ថា​ធិប្បាយ​​ កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ ​ហើយ​​អង្គការ​ CITES ក៏​មិន​បាន​ឆ្លើយ​តប​ នឹង​សំណើ​សុំ​អត្ថា​អប្បាយ​ដែរ។

ការ​ចុះ​បង្ក្រាប​នេះ ​បាន​ធ្វើ​ឡើង​ កាល​ពី​ថ្ងៃ​ទី ១២ ខែ​មេសា នៅ​កំពង់​ផែ Maputo ។ នេះ​បើ​តាម​ការ​រាយ​ការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ​

លោក អេង ទូច ​ដែល​ជា​តំណាង​មន្រ្តី​គយ​​កម្ពុជា​ ​មិន​អាច​​ទាក់​ទង​សុំ​អត្ថា​ធិប្បាយ​បាន​ទេ កាល​ពី​ថ្ងៃ​ពុធ​ ​ខណៈ​មន្រ្តី​មួយ​ចំនួន​ទៀត ​នៅ​ក្រសួង​បរិស្ថាន​​ ក៏​មិនបាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​អត្ថា​ធិប្បាយ​ផង​ដែរ​។

នាប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ​ ​កម្ពុជា ​ធ្លាប់​មាន​ករណី​ចាប់​ភ្លុក​ដំរី​ធំៗ​​មួយ​ចំនួន​ ក្នុង​នោះ​ជន​ជាតិ​ចិន​ចំនួន​ពីរ​នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​ ពាក់​ព័ន្ធ​នឹង​ការ​រឹបអូស​ភ្លុក​ដំរី​​កាល​ពី​ខែ​សីហា​ និង​ខែ​វិច្ឆិកា ឆ្នាំ​មុន។

ទោះ​យ៉ាង​ណា​ក្តី មិន​មាន​ការ​​ចាប់​ខ្លួន​ធ្វើឡើង​ទេ​ នៅ​ក្នុង​ការ​ចាប់​ភ្លុក​​ដំរី​នា​ពេល​ថ្មី​ៗ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​ ដែល​បាន​កើត​ឡើង ​កាល​ពី​ខែ​ធ្នូ នៅ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ ដែល​ភ្លុក​​ដំរី​ជិត​ ៣០០ ​ភ្លុក​​ដែល​ត្រូវ​បាន​រត់​ពន្ធ​ត្រូវ​បាន​ចាប់​។ ​

ភ្លុក​​ដំរី​ទាំង​នោះ​ ត្រូវ​បាន​រក​ឃើញ ​នៅ​ក្នុង​កុង​តឺន័រ​​ ដែល​នាំ​ចូល​ពី​ប្រទេស​ម៉ូសំប៊ិច​​ ដោយ​ក្រុម​ហ៊ុន Cam Transit Import ​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ដឹក​ភ្លុក​ដទៃ​ៗ​ទៀត​​ដែល​រត់​ពន្ធ​មក​ប្រទេស​កម្ពុជា​ កាល​ពី​អតី​ត​កាល។

ក្រុម​អ្នក​សង្កេត​ការ​ បាន​ហៅ​ប្រទេស​កម្ពុជា​ថា ​ជា​​ចំណុច​ផ្ទេរ​ទំនិញ​ សម្រាប់​ការ​ត់​ពន្ធ​ភ្លុក​​ដំរី​ចាប់​តាំង​ពី​ឆ្នាំ ​២០១៣​។

កាល​ពី​ដើម​ឆ្នាំ​ ២០១៧ ក្រសួង​បរិស្ថាន ​​បាន​ប្រកាស​ថា កម្ពុជា​ ចង់​​​បន្ត​រឹប​អូស​ភ្លុក​​​ដំរី​សម្រាប់​ការ​ស្រាវ​ជ្រាវ​វិទ្យា​សាស្រ្ត ​​និង​តាំង​ពិព័រពណ៌​ ​បើ​ទោះបី​ជា​វា​ត្រូវ​ការ​​មាន​ការ​អនុញ្ញាត​ ពី​តុលាការ​ក៏​ដោយ​។ ​

សេចក្តី​សម្រេច​នេះ ​បាន​ធ្វើ​ឲ្យ​មាន​ការរិះ​គន់​ ពី​​ក្រុម​អ្នក​អភិរក្ស​បរិស្ថាន​ ដែល​​បាន​ធ្វើ​ទឡ្ហីករណ៍​ជា​យូរ​មក​ហើយ​ថា ​វា​ល្អ​ជាង​ប្រសិន​បើ​​កម្ទេច​ភ្លុក​ដែល​ត្រូវ​បាន​រឹប​អូស​ទាំង​នោះ ​​ដើម្បី​ការ​ពារ​មិន​ឲ្យ​មាន​​អ្នក​រត់​ពន្ធ​នា​ពេល​ខាង​មុខ​ទៀត​ ​ហើយ​បារម្ភ​ថា ភ្លុក​នេះ​​ នឹង​មិន​មាន​សុវត្ថិ​ភាព ​ខណៈ​​វា​ស្ថិត​នៅ​ក្រោម​​ការ​រក្សា​ទុកដោយ​រដ្ឋា​ភិបាល។

លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា លោក​​នៅ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ថា តុលាការ ​​​នឹង​អនុញ្ញាត​ឲ្យ​ក្រសួង​បរិស្ថាន​​ រក្សា​ទុក​ភ្លុក​នោះ​ ឬ​អត់​នោះ​ទេ ជា​ជាង​ដុត​ភ្លុក​ទាំង​នោះ​ ដូច​ប្រទេស​ដទៃ​ៗ​ភាគ​ច្រើន​បំផុត​ដែល​បាន​ធ្វើ។

លោក​បាន​ថ្លែង​ថា​៖ «​ចំពោះ​ករណី​នេះ ខ្ញុំ​ត្រូវ​ការ​ពិនិត្យ​​ជា​មួយ​នាយក​ដ្ឋាន​ជំនាញ​»៕ PS