កំពតៈ បុរស​ម្នាក់​ដែល​បម្រើ​ការងារ​នៅ​កាស៊ីណូ​ហាទៀងវេហ្គាស នៅ​ច្រកព្រំដែន​ក្នុង​ស្រុក​កំពង់ត្រាច បាន​ឆេះ​ស្លាប់​នៅពេល​អគារ​ស្នាក់នៅ​របស់​បុគ្គលិក​នៃ​កាស៊ីណូ​នេះ​បាន​ឆាបឆេះ​ឡើង​កាលពី​វេលា​ម៉ោង ៥ ទៀបភ្លឺ​ថ្ងៃ​ពុធ​។

លោក ញាណ សារី អធិការរង​ស្រុក​កំពង់ត្រាច​ទទួល​បន្ទុក​ផ្នែក​បង្ការ និង​ពន្លត់​អគ្គិភ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា ជនរងគ្រោះ​នៅក្នុង​ហេតុការណ៍​នេះ​ឈ្មោះ ឆេង ម៉ាឡៃ អាយុ​ ២៩ ​ឆ្នាំ​ជា​បុគ្គលិក​ផ្នែក​ចែក​បៀ​នៃ​កាស៊ីណូ​ហាទៀងវេហ្គាស ដែល​មាន​ទីតាំងនៅ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែកចាក​ក្នុង​ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។

លោក​បញ្ជាក់​ថា​៖ «​យោងតាម​ការចុះពិនិត្យ​ជាក់ស្ដែង​នៅ​កន្លែង​កើតហេតុ អគ្គិភ័យ​នោះ​បណ្ដាល​មកពី​ការផ្ទុះ​ឆ្លង​ចរន្តអគ្គិសនី​»​។ «​តាម​ចម្លើយ​របស់​សាក្សី​នៅពេល​កើតហេតុ បុគ្គលិក​ទាំងអស់​នាំ​គ្នា​រត់​ចុះ​មក​ក្រោម ប៉ុន្តែ​គ្មាន​នរណាម្នាក់​ដឹងថា​ជនរងគ្រោះ​ដេក​លង់លក់​ក្នុង​បន្ទប់​រហូត​ដល់​ឆេះ​ស្លាប់​នោះទេ​។ ក្រោយ​ហេតុការណ៍​កើតឡើង​សព​ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ នាំយក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​នា​ភូមិ​ធម្មន័យ ឃុំ​លំចង់ ស្រុក​សំរោង ខេត្ត​តាកែវ​»​។

បើតាម​លោក​ សារី មុនពេល​ក្រុម​កម្លាំង​នគរបាល​ពន្លត់​អគ្គិភ័យ​ទៅ​ដល់​ក្រុម​បុគ្គលិក​កាស៊ីណូ​នោះបាន​គ្រប់គ្រង​មិន​ឲ្យ​អណ្ដាតភ្លើង​ឆាបឆេះ​ឆ្លង​រាលដាល​ទៅ​បន្ទប់​ផ្សេងទៀត​ដោយ​ប្រើ​បំពង់​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​ ៦៨ ​បំពង់​។ បន្ទាប់មក​ក្រុម​ពន្លត់​អគ្គិភ័យ​បាន​បាញ់​ពន្លត់​ដោយ​ប្រើ​ទឹក​អស់​ ២ ​រថយន្ត​។

កាលពី​ម្សិលមិញ​សាច់ញាតិ​ជនរងគ្រោះ​ម្នាក់​គឺ​លោក​ តាំង តារា អាយុ ៣៣ ឆ្នាំ​ រស់នៅ​ភូមិ​ធម្មន័យ​ឲ្យ​ដឹងថា ខាង​ក្រុមហ៊ុន​បាន​នាំយក​ថវិកា​ ១ ០០០ ដុល្លារ​ ចូល​បុណ្យសព​ជនរងគ្រោះ​។ ​«​ខ្ញុំ​មិន​នៅក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​នោះ​ទេ ប៉ុន្តែ ខ្ញុំ​ជឿថា​ប្អូនប្រុស​ជីដូនមួយ​របស់​ខ្ញុំ​ [​ម៉ាឡៃ​] មិន​ដេក​ទ្រមក់​ដល់​ថ្នាក់​ភ្លើង​ឆេះ​ផ្អើល​អស់​មនុស្ស​ក្នុង​កាស៊ីណូ​ហើយ​នៅ​តែ​មិនដឹង​ខ្លួន​រហូត​ដល់​ឆេះ​ស្លាប់​នោះទេ​។ ខ្ញុំ​ចង់​ឲ្យ​សមត្ថកិច្ច ស្រាវជ្រាវ​បន្ថែម​ទៀត​នៅក្នុង​ករណីនេះ​»​។

ជុំវិញ​ករណី​នេះ​លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ​ខេត្ត​កំពត​ថ្លែង​ថា សមត្ថកិច្ច​បាន​ចុះ​ធ្វើ​កោសល្យវិច័យ​នៅ​កន្លែង​កើតហេតុ​ដោយ​ត្រួតពិនិត្យ​នូវ​កាមេរ៉ា​សុវត្ថិភាព​ហើយ​ពុំ​ឃើញ​មាន​សកម្មភាព​អ្វី​ចម្លែក​នោះទេ ក្រៅពី​ឃើញ​ជនរងគ្រោះ​ដើរចូល​ទៅក្នុង​បន្ទប់ដេក​របស់​គាត់​នា​វេលា​ម៉ោង​ ៣ ​ទៀបភ្លឺ​ក្នុង​ដំណើរ​ទ្រេតទ្រោត​ដូចជា​មនុស្ស «​ស្រវឹងស្រា​»​។ បន្ទាប់មក​នៅ​ម៉ោង​ ៤ និង​ ៣០ ​នាទី​ទៀបភ្លឺ​ក៏​មាន​ហេតុការណ៍​ភ្លើង​ឆេះ​តែម្ដង ហើយ​ពេលនោះ​បុគ្គលិក​ទាំងអស់​បាន​រត់ចេញ លើកលែង​តែ​ជនរងគ្រោះ​មិនឃើញ​ចេញ​មក​ក្រៅ​។

លោក​បញ្ជាក់ថា​៖ «​ក្រោយ​ការត្រួតពិនិត្យ​សមត្ថកិច្ច​ជំនាញ​បាន​សន្និដ្ឋានថា ជនរងគ្រោះ​អាច​ស្រវឹងស្រា ហើយ​ដេកលង់​ក្នុង​ដំណេក​ជ្រុល​រហូត​ដល់​ថប់ដង្ហើម​ស្លាប់ នៅពេល​មាន​អគ្គិភ័យ​ឆាបឆេះ​ខ្លាំង​ពេញ​ក្នុង​បន្ទប់​នោះ ទើបបាន​ជា​ជនរងគ្រោះ​មិន​អាច​រត់​ចេញ​មក​ក្រៅ​បន្ទប់​នោះ​បាន​»៕