កំពង់ចាមៈ គំនរ​កម្ទេច​ក្រណាត់​ជាង​ ៤០០ ​តោន ​ដែល​ស្តុក​នៅក្នុង​ឃ្លាំង​មួយកន្លែង​នៅ​ក្នុងភូមិ​អណ្ដូងច្រុះ ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ត្រូវបាន​ឆេះ​អស់ទាំង​ស្រុង នៅពេល​រសៀល​ថ្ងៃទី​ ២៧ ខែ កុម្ភៈ ឆ្នាំ​ ២០២១ ដោយ​មិនទាន់​ដឹង​ពី​មូលហេតុ​។

លោក ឯក វ៉ាន់ដន អធិការ​ស្រុក​កំពង់សៀម​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃអាទិត្យ​ថា ឃ្លាំង​ស្តុក​កម្ទេច​ក្រណាត់​ដែល​រង​ការឆេះ​ខូចខាត​នោះ​មាន​ទំហំ​ទទឹង​ ៣០ ​ម៉ែត្រ និង​បណ្ដោយ​ ៤០ ​ម៉ែត្រ និង​មាន​កម្ពស់​ ៦ ​ម៉ែត្រ ធ្វើ​ពី​ថ្ម​ប្រក់​សង្ក័សី ជា​កម្មសិទ្ធិ​របស់​ពាណិជ្ជករ​ម្នាក់​ឈ្មោះ រ៉ាវុធ អាយុ​ ៤២ ឆ្នាំ មាន​ទីលំនៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។

លោក វ៉ាន់ដន បាន​បញ្ជាក់ថា​៖ «​ឃ្លាំង និង​កម្ទេច​សាច់ក្រណាត់​ជាង​ ៤០០ ​តោន រួមទាំង​ឧបករណ៍ សម្ភារ​ប្រើប្រាស់​នៅក្នុង​ឃ្លាំង​នោះ​ត្រូវបាន​ឆេះ​ខូចខាត​ទាំងស្រុង ដែល​គិត​ជា​សាច់ប្រាក់​អស់​ជាង​ ២០ ​ម៉ឺន​ដុល្លារ​»​។

បើតាម​លោក វ៉ាន់ដន មកទល់​ពេល​នេះ​ក្រុមមន្ត្រី​នគរបាល​ជំនាញ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​នៃ​ការឆេះ​នេះ​នៅឡើយ​ទេ ខណៈ​សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​។ ទោះជា​បែបណា​ក្ដី ពុំមាន​ពលរដ្ឋ​ណា​ម្នាក់​រងរបួស ឬ​ស្លាប់​នៅក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​នេះឡើយ​។

ជុំវិញ​ករណីនេះ​លោក រ៉ា វុធ ម្ចាស់​ទីតាំង​ឃ្លាំង​ស្តុក​កម្ទេច​ក្រណាត់ មិនអាច​ទាក់ទង​សុំ​ការពន្យល់​បាន​ទេ​កាលពី​ម្សិលមិញ​។

ចំណែក​លោក យ៉ន ឌីន ប្រធានការិយាល័យ​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ដោយសារ​តែ​ឃ្លាំង​ស្តុក​កម្ទេច​ក្រណាត់​នោះ មាន​កម្ទេច​ក្រណាត់​ច្រើនសន្ធឹក​សន្ធាប់​ខ្លាំងពេក​បាន​ធ្វើឲ្យ​កំសួល​ភ្លើង​ឆាបឆេះ​ខ្លាំង និង​មាន​ផ្សែង​ក្រាស់ ព្រមទាំង​មាន​ក្លិន​ឈ្ងៀម​ខ្លាំង​ពិបាក​នៅក្នុង​ការពន្លត់​។

លោក ឌីន ថ្លែងថា​៖ «​កម្លាំង​នគរបាល​ពន្លត់​អគ្គិភ័យ​យើង មកពី​គ្រប់​បណ្ដា​អង្គភាព​សរុប​ ១៥០ ​នាក់​ បាន​ប្រតិបត្តិការ​រួមគ្នា​ពន្លត់​អគ្គិភ័យ​នេះ ដោយ​ប្រើ​រយៈពេល​អស់​ ៧ ​ម៉ោង ទើប​អាច​ពន្លត់ភ្លើង​បានសម្រេច​»​។

បើតាម​លោក ឌីន នៅក្នុង​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នេះ​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ប្រើ​រថយន្ត​អេស្កាវ៉ាទ័រ ១ ​គ្រឿង ដើម្បី​កាយ​ដី​កាត់មុខ​ភ្លើង កុំ​ឲ្យ​ឆេះ​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​នៅក្បែរ​នោះ និង​បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ១១ ​គ្រឿង ដោយ​ប្រើប្រាស់​ទឹក​អស់​ ៤៩៥ ​ម៉ែត្រគុប​៕