តាកែវៈ យ៉ាងហោចណាស់ទ្រព្យសម្បត្តិដែលត្រូវបានប៉ាន់ស្មានមានតម្លៃប្រមាណជា ៥០ ម៉ឺនដុល្លារត្រូវបានបំផ្លាញ ក្រោយពីភ្លើងឆេះតូបលក់ដូរចំនួន ៥០ កន្លែងក្នុងចំណោមតូបជាច្រើននៅក្នុងផ្សារត្រាំកក់ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ កាលពីយប់ថ្ងៃទី ៥ ខែឧសភា។
លោក ម៉ៅ សុផល ស្នងការរងទទួលបន្ទុកផ្នែកបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តតាកែវបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅព្រឹកថ្ងៃទី ០៦ ខែឧសភាថា ភ្លើងបានឆេះតូបជាច្រើនដូចជាតូបលក់ទូរស័ព្ទដៃ សម្លៀកបំពាក់ និង ស្បែកជើង ដែលសម្ភារលក់ដូរទាំងនោះត្រូវបានរក្សាទុកក្នុងតូបនៅក្នុងផ្សារ។
លោកបានបញ្ជាក់ថា៖ «តាមការសាកសួរ និងពិនិត្យភាពជាក់ស្ដែងនៅកន្លែងកើតហេតុ ករណីគ្រោះអគ្គិភ័យនេះបង្កឡើងពីការផ្ទុះឆ្លងចរន្តអគ្គិសនី ហើយឆេះចេញពីតូបលក់ទូរស័ព្ទដៃមួយរបស់អាជីវករឈ្មោះ ណុប សុវណ្ណ។ ក្នុងហេតុការណ៍នេះ មិនមានបងប្អូនប្រជាពលរដ្ឋ អាជីវករ និងសមត្ថកិច្ចណាម្នាក់រងគ្រោះថ្នាក់ ឬ ស្លាប់នោះទេ»។
លោក សុផល ថ្លែងថា សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ១៤ គ្រឿង ដើម្បីពន្លត់ភ្លើងក្នុងរយៈពេលប្រមាណជាង ២ ម៉ោង ទើបរលត់ទាំងស្រុង។
ទោះជាបែបណាក៏ដោយ មកទល់ពេលនេះ អាជ្ញាធរមូលដ្ឋាននៅមិនទាន់វាយតម្លៃការខូចខាតសរុបនៃគ្រោះអគ្គិភ័យនេះនៅឡើយទេ ប៉ុន្តែបើតាមការប៉ាន់ប្រមាណក្នុងជំហានបឋមនេះ គឺមានទំហំជាទឹកប្រាក់ប្រមាណជាង ៥០ ម៉ឺនដុល្លារ។ នេះបើតាមការបញ្ជាក់របស់លោក សោម រ័ត្ន មេឃុំត្រាំកក់ ដែលបានចុះស្រង់ស្ថិតិពីអាជីវកររងគ្រោះកាលពីព្រឹកថ្ងៃទី ០៦ ខែឧសភា។
លោកថ្លែងថា៖ «យោងតាមការអះអាងរបស់អាជីវកររងគ្រោះក្នុង ១ ម្ចាស់តូប មានការខាតបង់ចន្លោះពី ៨ ០០០ ដុល្លារ ដល់ ៣០ ០០០ ដុល្លារ។ ដូច្នេះបើយើងបូកប៉ាន់ប្រមាណនូវចំនួនតូបទាំង ២២ ដែលរងការឆេះខូចខាតទាំងស្រុងនោះ សរុបជាទឹកប្រាក់ ប្រមាណ ៥០ ម៉ឺនដុល្លារ។ ប៉ុន្តែនេះគ្រាន់តែជាការប៉ាន់ប្រមាណជំហានដំបូង ដោយផ្អែកលើទិន្នន័យ ដែលអាជីវករផ្ដល់ឲ្យប៉ុណ្ណោះ មិនដឹងថាពួកគេបំប៉ោងតួលេខឬយ៉ាងណានោះទេ»។
លោក ណុប សុវណ្ណ ម្ចាស់តូបលក់ទូរស័ព្ទដៃដែលត្រូវបានអាជីវករភាគច្រើន អះអាងថា អគ្គិភ័យបានឆាបឆេះចេញពីតូបរបស់គាត់នោះ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ពេលដែលទទួលបានដំណឹងពីការឆេះផ្សារភ្លាម គាត់បានរត់មកតូបរបស់គាត់ ដើម្បីប្រមូលយកទំនិញដែលភាគច្រើនជាទូរស័ព្ទដៃ និងគ្រឿងបន្លាស់ចេញ ប៉ុន្តែពេលមកដល់ភ្លើងបានឆេះយ៉ាងសន្ធោសន្ធៅរួចទៅហើយ និងបានរាលដាលដល់តូបជាច្រើននៅក្បែរនោះ។
លោកបានថ្លែងថា៖ «ខ្ញុំគ្មានអ្វីសេសសល់ទៀតទេ ទំនិញទាំងអស់គិតជាទឹកប្រាក់សរុបជាង ៣ ម៉ឺនដុល្លារត្រូវឆេះអស់ក្នុង ១ ប៉ប្រិចភ្នែក»។
លោក សុវណ្ណ ថ្លែងថា៖ «មុនចេញទៅផ្ទះខ្ញុំបានបិទភ្លើងអគ្គិសនីទាំងអស់នៅក្នុងតូបលក់ដូររបស់ខ្ញុំអស់ទៅហើយ ប៉ុន្តែហេតុអ្វីបានជាកើតមានករណីផ្ទុះសេខ្សែភ្លើងនេះទៀត»៕