បាត់ដំបង៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន នៅ​វេលា​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី ៤ ឧសភា ដោយសារ​ភ្លើង​ឆេះ​ផ្ទះ ដែល​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​នៅ​ភូមិ​កៀនកែស ឃុំ​គោកឃ្មុំ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង។

លោក លឹម ពុទ្ធាឡា ស្នងការ​រង​ទទួល​ការងារ​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​រសៀល​ថ្ងៃទី ៤ ឧសភា​ថា ជន​រងគ្រោះ​ឈ្មោះ រើន ឡី ភេទ​ប្រុស អាយុ ២៤ ឆ្នាំ រស់នៅ​ក្នុង​ភូមិ​កើត​ហេតុ​ខាង​លើ។ ប៉ុន្តែ​ករណី​ឆេះ​ស្លាប់​នេះ មិនមែន​បណ្តាល​មក​ពី​ជន​ម្នាក់​ណា​មក​បង្ក​ឡើយ គឺ​ជន​រងគ្រោះ​បង្ក​ដោយ​ខ្លួន​ឯង។

លោក​ថ្លែង​ថា៖ «ព្រឹក​ក្រោយ​កើត​ហេតុ​ខ្ញុំ​បាន​ឱ្យ​មន្រ្តី​ទៅ​ធ្វើ​កោសល្យវិច័យ​ និង​ប្រមូល​ព័ត៌មាន​ពី​អ្នក​ភូមិ​ឃើញ​ថា គ្មាន​ពាក់ព័ន្ធ​រឿង​មនុស្ស​ឃាត​ទេ»។

ដោយ​ឡែក លោក ផង់ សុភាព អធិការ​នគរបាល​ស្រុក​ថ្មគោល​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី ៤ ឧសភា​ថា ផ្ទះ​ដែល​ជន​រង​គ្រោះ​ស្នាក់​នៅ​ជា​ផ្ទះ​តៀម ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ទំហំ ៥ ម៉ែត្រ​គុណ ៦ ម៉ែត្រ ជា​កម្មសិទ្ធិ​ឈ្មោះ ទុយ សាឡៅ អាយុ ៤៣ ឆ្នាំ ត្រូវ​ជា​សាច់ញាតិ​របស់​ជន​រងគ្រោះ។

ម្ចាស់​ផ្ទះ​ឲ្យ​បុរស​រងគ្រោះ​ស្នាក់នៅ​ជាមួយ​ប្អូន​ស្រី​ជន​រងគ្រោះ ព្រោះ​ម្ចាស់​ផ្ទះ​មាន​ផ្ទះ​មួយ​ទៀត​នៅ​ក្នុង​ភូមិ​កើត​ហេតុ​ដែរ។ ចំពោះ​ផ្ទះ​នោះ​ត្រូវ​ភ្លើង​ឆេះ​អស់​រលីង។ ក្រៅ​ពី​ជន​រងគ្រោះ​ម្នាក់​ស្លាប់ គឺ​មាន​របស់របរ​មួយ​ចំនួន​រង​ការ​ខូចខាត រួម​មាន ទូរទស្សន៍ ១ គ្រឿង ម៉ាស៊ីន​ដេរ ១ គ្រឿង តុ ១ សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់នៅ។

លោក សុភាព ប្រាប់​តាម​សម្តី​សាច់ញាតិ​ជន​រងគ្រោះថា ជន​រងគ្រោះ​ឈ្មោះ រើន ឡី គឺ​កូនៗ​របស់​គាត់​ត្រូវ​បាន​ឪពុក​ម្តាយ​របស់​គាត់​នាំ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ អស់​ហើយ ដោយ​ទុក​តែ​ជន​រងគ្រោះ និង​ប្អូនស្រី​របស់​គាត់​ឱ្យ​រស់នៅ​តែ ២ នាក់​បងប្អូន​ទេ។

ប៉ុន្តែ​នៅ​យប់​ថ្ងៃ​កើត​ហេតុ ប្អូនស្រី​របស់​ជន​រងគ្រោះ បាន​ចេញ​ទៅ​ដេក​ផ្ទះ​បងប្អូន​ដែល​នៅ​ក្នុង​ភូមិ​កើត​ហេតុ​នោះ​ដែរ។

បើ​តាម​លោក​អធិការ​ ជន​រងគ្រោះ​ជា​មនុស្ស​ប្រើប្រាស់​គ្រឿង​ញៀន ហើយ​កន្លង​មក​សមត្ថកិច្ច​របស់​លោក​បាន​កោះ​ហៅ ដើម្បី​អប់រំ​ណែនាំ​កុំ​ឱ្យ​ប្រើប្រាស់​គ្រឿង​ញៀន​ដែរ។ ករណី​ឆេះ​ផ្ទះ​នេះ​អាច​ថា ជន​រងគ្រោះ​ដុត​ផ្ទះ​នោះ​ដោយ​ខ្លួន​ឯង។

លោក​ថ្លែង​ថា៖ «ករណី​ឆេះ​ស្លាប់​រួម​ទាំង​ការ​ប្រមូល​ព័ត៌មាន​ជុំវិញ​ហេតុការណ៍ សមត្ថកិច្ច​សន្និដ្ឋាន​ថា ជន​រងគ្រោះ​ញៀន​ថ្នាំ​ហើយ​អាច​បែក​ថ្នាំ»៕