កំពង់ចាមៈ ដូនជី​ម្នាក់​បាន​ឆេះ​ស្លាប់​នៅក្នុង​ឧប្បទ្ទវហេតុ​ភ្លើង​ឆេះ​សាលាសំណាក់​ធម៌​មួយ​ក្នុង​បរិវេណ​វត្ត​សុវណ្ណរង្សី នៅ​ភូមិ​អង្គរបានទី​ ៦ ឃុំ​អង្គរបាន ស្រុក​កងមាស​កាលពី​វេលា​ម៉ោង​ ៤ ទៀបភ្លឺ ថ្ងៃអាទិត្យ​។

លោក ជា ជួន អធិការ​ស្រុក​កងមាស​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ដូនជី​រងគ្រោះ​ឈ្មោះ សន លី អាយុ​ ៧៦ ​ឆ្នាំ​ស្នាក់​នៅ​បន្ទប់​សាលា​សំណាក់ធម៌​នៃ​វត្ត​សុវណ្ណរង្សី​។ លោក​បន្តថា តាម​ការបំភ្លឺ​របស់​ព្រះចៅអធិការ​វត្ត​ និង​អ្នកភូមិ​ចំណុះជើងវត្ត​មុនពេល​កើតហេតុ ដូនជី​រងគ្រោះ​ស្នាក់​នៅក្នុង​បន្ទប់​សាលាសំណាក់​ធម៌​នោះ​តែម្នាក់ឯង​ប៉ុណ្ណោះ ហើយ​សាលា​សំណាក់ធម៌​នោះ​មិនមាន​ការតភ្ជាប់​ខ្សែបណ្ដាញ​ចរន្ត​អគ្គិសនី​ប្រើប្រាស់​នោះទេ គឺ​ដូនជី​រងគ្រោះ​ប្រើប្រាស់​ទាន​អុជ​បំភ្លឺ​នៅពេល​យប់​។

លោក​បញ្ជាក់ថា​៖ «​ក្រោយពេល​ដឹងថា មាន​ភ្លើង​ឆេះ​សាលាសំណាក់​ធម៌ ព្រះសង្ឃ​ក្នុង​វត្ត​រួមទាំង​អ្នកភូមិ​ចំណុះ​ជើងវត្ត​បាន​នាំគ្នា​ទៅ​ជួយ​ដូនជី​រងគ្រោះ​ដែរ តែ​ទ្វារ​សាលា​សំណាក់ធម៌​នោះ​ត្រូវបាន​ចាក់​គន្លឹះ​ជាប់​ពី​ខាងក្នុង​។ ទម្រាំ​សមត្ថកិច្ច​មូលដ្ឋាន​ទៅដល់​រក​វិធី​គាស់​ទម្លុះ​ទ្វារ​ចូល​ទៅ​ខាងក្នុង​បាន ដូនជី​រងគ្រោះ​បាន​ឆេះ​ស្លាប់​នៅក្នុង​បន្ទប់​នៃ​សាលាសំណាក់​ធម៌​នោះ​បាត់​ទៅ​ហើយ​»​។ លោក​ ជួន សន្និដ្ឋាន​ថា គ្រោះ​អគ្គិភ័យ​នេះ​បង្កឡើង​ដោយសា​ភ្លើងទៀន​ដែល​ដូនជី​រងគ្រោះ​បាន​ដុត​បំភ្លឺ​នៅពេល​យប់​។

លោក​ យ៉ន ឌីន ប្រធាន​ការិយាល័យ​នគរបាល​បង្ការ និង​ពន្លត់​អគ្គិភ័យ​ខេត្ត​កំពង់ចាម​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ជា​ការពិត​ណាស់​ការអុជ​ភ្លើងទាន​ធូប​មិន​ប្រយ័ត្ន​អាច​បង្ក​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​បាន ប៉ុន្តែ​យើង​ចាំបាច់​ត្រូវ​ចុះ​ពិនិត្យ​ស្រាវជ្រាវ​បន្ថែម​ទៀត​នៅ​កន្លែង​កើតហេតុ ដោយ​ផ្អែកលើ​បទដ្ឋាន​បច្ចេកទេស​វិទ្យាសាស្ត្រ​ចៀសវាង​ការសន្និដ្ឋាន​តែ​លើ​បបូរមាត់​»​។

ការស្លាប់​របស់​ដូនជី​រងគ្រោះ​ឈ្មោះ​ សន លី ​នៅពេល​នេះ​បាន​ធ្វើឲ្យ​តួលេខ​នៃ​ចំនួន​អ្នកស្លាប់​ដោយ​ករណី​គ្រោះ​អគ្គិភ័យ​ក្នុង​រយៈពេល​ជិត​ ២ ​ខែ​ដើម​ឆ្នាំ​ ២០២០ ​នេះ​បាន​កើន​ដល់​ ៦ ​នាក់​។

លោក នេត វន្ថា ប្រធាន​នាយកដ្ឋាន​បង្ការ​ទប់សង្កាត់ និង ពន្លត់​អគ្គិភ័យ​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ថា គិត​ត្រឹម​ពី​ដើម​ខែ​មករា​មក​ទល់​នឹង​ថ្ងៃទី​ ២៤ ខែ​កុម្ភៈ ឆ្នាំ ២០២០ ​នេះ​គ្រោះ​អគ្គិភ័យ​បាន​កើតឡើង​ចំនួន ១២៧ ​លើក​បាន​សម្លាប់​ជីវិត​មនុស្ស​ចំនួន​ ៦ ​នាក់ និង​បង្ក​របួស​ចំនួន​ ២ ​នាក់​ និង​បាន​បង្ក​ការឆេះ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​សរុប ១២០ ​ខ្នង និង តូប​លក់ដូរ សរុប ៤៦ ​តូប​។

លោក​ថ្លែងថា កត្តា​ដែល​នាំ​ឲ្យ​កើត​មាន​គ្រោះ​អគ្គិភ័យ​ច្រើន​ជាង​គេ​គឺ​បណ្ដាលមកពី​ការផ្ទុះ​ឆ្លង​ចរន្តអគ្គិសនី​ចំនួន​ ៤០ ​ភាគរយ ខណៈ​ផ្ដើម​ចេញពី​កត្តា​ភ្លើង ចង្ក្រាន ទាន ធូប និង ការបោះ​ចោល​នូវ​កន្ទុយ​ភ្លើង​ផ្សេងៗ​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​ចំនួន ៣៩ ​ភាគរយ និង ២១ ​ភាគរយ​ទៀត ​គឺ​មិនទាន់​ដឹង​ពី​មូលហេតុ និង​កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​៕