ព្រះសីហនុៈ ស្ថានភាពទឹកភ្លៀងនៅក្នុងរដូវវស្សា និងការអភិវឌ្ឍខ្លាំងនៅកណ្ដាលទីក្រុងបានបង្កើតជាជំនន់ទឹកភ្លៀងចាប់តាំងពីថ្ងៃទី ២៤ ខែឧសភា នៅក្នុងភូមិដាច់ស្រយាលចំនួន ២ នៃសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ហើយរហូតមកដល់ពេលនេះ អាជ្ញាធរសង្កាត់មិនទាន់អាចបញ្ជាក់បានអំពីព័ត៌មាននៃផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះទេ។
លោក សេង នីម ចៅសង្កាត់លេខ ៤ នៃក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីម្សិលមិញបានទទួលស្គាល់ថា តំបន់ដែលបានលិចទឹកនៅក្នុងភូមិនោះ គឺនៅឆ្ងាយពីក្រុង និងមិនទាន់មានបណ្ដាញបង្ហូរទឹក ទើបបណ្តាលឱ្យមានការជន់លិច។
លោក សេង នីម ថ្លែងថា៖ «ខ្ញុំមិនមានព័ត៌មានលម្អិតអំពីជំនន់ទឹកភ្លៀងដែលបានកើតឡើងនេះទេ និងអំពីស្ថានភាពគ្រួសារដែលរងផលប៉ះពាល់នោះទេ ព្រោះតំបន់នោះនៅឆ្ងាយពីកន្លែងដែលខ្ញុំស្នាក់នៅ»។
ទោះយ៉ាងណាក៏ដោយ មន្ត្រីជំនាញនៃរដ្ឋបាលខេត្តព្រះសីហនុកំពុងចុះសិក្សា និងប្រមូលទិន្នន័យនានានៅក្នុងផ្នែកខ្លះនៃភូមិសាស្ត្រសង្កាត់លេខ ៤ នៃក្រុងព្រះសីហនុ ដែលមានការជន់លិចដោយទឹកភ្លៀង។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២១ ថា រដ្ឋបាលខេត្តកំពុងរង់ចាំរបាយការណ៍លម្អិតដើម្បីរកវិធីសាស្ត្រដោះស្រាយជូនប្រជាពលរដ្ឋ នៅពេលដែលមន្ត្រីជំនាញ បានកំពុងចុះទៅស្រាវជ្រាវធ្វើកិច្ចការនេះនៅក្នុងតំបន់ជន់លិច។
លោក ឃាង ភារម្យ ថ្លែងថា៖ «នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង និងជាប់ៗ គ្នា តែងតែចៀសមិនផុតពីការជន់លិចនោះទេ ជាពិសេសនៅក្នុងតំបន់ទំនាប ប៉ុន្តែ ការជន់លិចនេះ គឺមិនយូរនោះទេ ព្រោះអាជ្ញាធរខេត្តកាលពីកន្លងមកនេះបានស្តារ និងពង្រីកប្រព័ន្ធលំហូរទឹក ដូចជាប្រឡាយ និងអូរ នានា បានធ្វើឱ្យទឹក មានការហូរលឿនជាងមុន»។
លោកស្រី ជៀប សុធារី មន្ត្រីសម្របសម្រួលនៃសមាគមអាដហុកប្រចាំនៅខេត្តព្រះសីហនុបានឱ្យដឹងថា បច្ចុប្បន្ននេះនៅក្នុងក្រុងព្រះសីហនុមិនមានការជន់លិចដោយទឹកភ្លៀងទៀតទេចាប់តាំងពីឆ្នាំ ២០២០ ព្រោះអាជ្ញាធរខេត្តបានកាយប្រឡាយ ស្តារអូរ។ ប៉ុន្តែក៏មានតំបន់មួយចំនួនដែលនៅឆ្ងាយពីក្រុង នៅតែប្រឈមនឹងការលិចដោយសារជំនន់ទឹកភ្លៀង ជាពិសេសនៅភូមិ ៥ និង ភូមិ ៦ នៃសង្កាត់លេខ ៤ នេះមានការលិចទឹកជារៀងរាល់ឆ្នាំ។
លោកស្រី សុធារី ថ្លែងថា៖ «បើទីក្រុងលិចទឹកនៅក្នុងតំបន់នេះមានការលិចខ្លាំងរហូតដល់មានការហែល។ ការលិចនេះ ដោយសារតែអូរ និងប្រឡាយនានាមានការកកស្ទះ វាហូរមិនទាន់»។
លោកស្រី ជៀប សុធារី បញ្ជាក់ទៀតថា ជំនន់ទឹកភ្លៀងកើតឡើង ដោយសារមានការអភិវឌ្ឍក្រុងយ៉ាងគំហុក និងការចាក់បំពេញដី ដើម្បីអភិវឌ្ឍអគារខ្ពស់ៗបានធ្វើឱ្យតំបន់ក្នុងភូមិ ២ នោះក្លាយជាតំបន់ទំនាប និងមានទឹកជន់លិច។
ភ្លៀងធ្លាក់ជាប់គ្នាចាប់តាំងពីថ្ងៃទី ២១ ខែឧសភា រហូតមកដល់ថ្ងៃទី ២៥ មានទាំងព្យុះ និងខ្យល់កន្ត្រាក់ ដែលធ្វើឱ្យដើមឈើដួលរលំ និងតំបន់ខ្លះលិចទឹក ដូចនៅក្នុងតំបន់ភូមិ ៥ និងភូមិ ៦ នេះ ដែលរហូតមកដល់នេះ នៅតែមានទឹកលិចផ្ទះរបស់ប្រជាពលរដ្ឋ៕