ខេត្តពោធិ៍សាត់៖ ភ្លៀងលាយឡំ ខ្យល់កន្ត្រាក់ និងផ្គររន្ទះ បានបង្កឲ្យប្រជាកសិករ ម្នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួសធ្ងន់ ព្រមទាំងបង្កការខូចខាតផ្ទះប្រជាពលរដ្ឋ ៦៥ ខ្នង និង អគាររដ្ឋបាលសាធារណៈមួយចំនួនទៀតក្នុងខេត្តចំនួន ៣ គឺខេត្តឧត្តរមានជ័យ បាត់ដំបង និង ខេត្តពោធិ៍សាត់។ នេះបើតាម អាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃអាទិត្យនេះ។
លោក ជា ពិសិដ្ឋ ប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តឧត្តរមានជ័យបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ភ្លៀងលាយឡំខ្យល់កន្ត្រាក់ និងផ្គររន្ទះ កាលពីល្ងាចថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២១ បានបង្កឲ្យពលរដ្ឋម្នាក់ស្លាប់ និង ម្នាក់ទៀតរងរបួសធ្ងន់ និង បានបង្កការខូចខាតលំនៅឋានប្រជាពលរដ្ឋ ចំនួន ៣៥ ខ្នងក្នុងក្រុង-ស្រុកចំនួនបី គឺក្រុងសំរោង ស្រុកបន្ទាយអំពិល និង ស្រុកចុងកាល់។
លោកថ្លែងថា៖ «នៅថ្ងៃអាទិត្យនេះ ក៏មានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមផងដែរ នៅក្នុងខេត្តឧត្តរមានជ័យ ប៉ុន្តែពុំមានករណីខ្យល់កន្ត្រាក់ និង ផ្គររន្ទះកើតឡើងនោះទេ»។
បើតាមលោក ពិសិដ្ឋ បុរសរងគ្រោះ ឈ្មោះ ស្មោន ល័ក្ខ អាយុ ៥០ ឆ្នាំជាប្រជាកសិករនៅភូមិវល្លិ៍យាវ ឃុំបេង ស្រុកបន្ទាយអំពិល ត្រូវបានរន្ទះបាញ់ស្លាប់នៅនឹងកន្លែង គ្រាដែលគាត់កំពុងដាំដំឡូងមី ពេលមេឃកំពុងមានភ្លៀង។ ចំណែក យុវតីរងគ្រោះឈ្មោះ ហ្គិក ស្រីហួយ អាយុ ១៧ ឆ្នាំ ដែលជាអ្នកជិតខាងរបស់លោក ស្មោន ល័ក្ខ បានរងរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោក សន និល អធិការស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កាលពីរសៀលថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២១ នៅក្នុងភូមិសាស្ត្រស្រុករតនមណ្ឌល ក៏មានភ្លៀងលាយឡំខ្យល់កន្ត្រាក់បក់បោកខ្លាំងផងដែរ ដោយបានបង្កការខូចខាត បង្គោលអង់តែនវិទ្យុទាក់ទងចំនួន ១ និងអគាររដ្ឋបាលនៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌលចំនួន ២ ព្រមទាំងដួលរលំផ្ទះប្រជាពលរដ្ឋចំនួន ៣០ ខ្នង។
លោកបញ្ជាក់ថា៖ «តាំងពីតូចមក ខ្ញុំមិនធ្លាប់ជួប ឬឃើញផ្ទាល់នឹងភ្នែកនូវ ខ្យល់កន្ត្រាក់ ឬ ព្យុះបែបនេះទេ។ វាបានបក់កាច់ផ្ដួលបង្គោលអង់តែនវិទ្យុទាក់ទង និង គួចរំលើងដើមឈើទាំងឫស មកដួលសង្កត់លើអគាររដ្ឋបាលនៃអធិការដ្ឋាននគរបាលយើងខ្ញុំ បណ្ដាលឲ្យរងការខូចខាតចំនួន ២ អគារ។ ចំណែកផ្ទះប្រជាពលរដ្ឋវិញគឺលើកផុតពីជើងតាង ដួលរលំអស់ ៣០ ខ្នង។ ប៉ុន្តែសំណាងល្អ ដែលពុំមានបង្កគ្រោះថ្នាក់ដល់ពលរដ្ឋណាម្នាក់»។
ចំណែកលោក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក៏បានប្រាប់ភ្នំពេញប៉ុស្តិ៍ដែរថា បាតុភូតភ្លៀងលាយឡំខ្យល់កន្ត្រាក់ នៅថ្ងៃទី ១៦ ខែមេសា កន្លងទៅថ្មីៗនេះ បានបង្កការខូចខាតដំបូលអគារប៉ុស្តិ៍នគរបាលរដ្ឋបាលព្រងិល ទាំងស្រុង និងខូចខាតឯកសារ និងសម្ភារមួយចំនួន ព្រមទាំងប៉ើងរបើកដំបូលផ្ទះអ្នកភូមិកំពែងឃុំព្រងិល ចំនួន ២ ខ្នងទៀត។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ ក្រសួងធនធានទឹក និង ឧតុនិយមបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បច្ចុប្បន្នកម្ពុជាកំពុងទទួលរងនូវឥទ្ធិពលនៃព្យុះស៊ូរីហ្គឺ (SURIGAE) ហើយនៅពេលនេះ ព្យុះស៊ូរីហ្គឺបានវិវត្តខ្លួនទៅជាព្យុះកំបុតត្បូង (TY) ដើរស្របតាមបណ្ដោយឆ្នេរភាគខាងកើតនៃប្រទេសហ្វីលីពីន ឆ្ពោះទៅទិសខាងជើង ធ្វើឱ្យមានខ្យល់មូសុងនិរតី កើតឡើងដូចក្នុងរដូវវស្សា ដែលអាចបង្កឲ្យមានភ្លៀងធ្លាក់ពីតិចទៅច្រើន ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែមេសា ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានញឹកញាប់ ជាពិសេសបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្តាល៕