
ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម បានព្រមានកាលពីម្សិលមិញថា ភ្លៀងមូសុងខ្លាំង ខ្យល់បក់ខ្លាំង និងរន្ទះបាញ់នឹងប៉ះពាល់តំបន់សមុទ្រចាប់ពីថ្ងៃអង្គារ រហូតដល់ថ្ងៃអាទិត្យ។
លោក លឹម គានហោ រដ្ឋមន្រ្តី ក្រសួងធនធានទឹក បានអំពាវនាវដល់មន្រ្តីឲ្យប្រុងប្រយ័ត្នចំពោះខ្យល់ព្យុះនិងចៀសវាងកុំធ្វើដំណើរតាមសមុទ្រប៉ុន្មានថ្ងៃខាងមុខនេះ។
លោក អុំ រីណា ប្រធាននាយកដ្ឋានឧតុនិយម បានថ្លែងថា៖ « យើងបានស្នើអ្នកនេសាទនិងភ្ញៀវទេសចរដែលចង់ធ្វើដំណើរទៅកោះឲ្យប្រុងប្រយ័ត្នក្នុងរយៈពេល ៦ ថ្ងៃនេះ។ លោកបានបន្ថែមថា នាយកដ្ឋានលោករំពឹងថា កម្រិតទឹកសមុទ្រនឹងឡើងខ្ពស់ពី១ ម៉ែត្រ ដល់ ២,៥ ម៉ែត្រ ក្នុងអំឡុងពេលមានខ្យល់ព្យុះ។
បើទោះបីជាខ្យល់ព្យុះទំនងជាខ្លាំងនៅពេលចាប់ផ្តើម និងចុងរដូវវស្សាក្នុងមួយឆ្នាំៗក៏ដោយ ក៏ប៉ុន្តែ ភ្លៀង និងខ្យល់ក្នុងឆ្នាំនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់១៦ នាក់បង្ករបួសមនុស្ស ៦៨នាក់ បំផ្លិចបំផ្លាញផ្ទះជាង ១០០០ ខ្នង និងធ្វើឲ្យខូចខាតផ្ទះជាង៥០០០ ខ្នង គិតដល់ចុងខែឧសភា ឆ្នាំនេះ។ចំណែកនៅក្នុងរដូវប្រាំងឆ្នាំ២០១២ ខ្យល់ព្យុះបានសម្លាប់មនុស្ស១០ នាក់បង្ករបួសមនុស្ស៦០ នាក់ និងបំផ្លាញផ្ទះប្រហែល៧០០ ខ្នង គិតមកដល់ចុងខែឧសភា។
លោក កែវ វី នាយខុទ្ទកាល័យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការខូចខាតដោយសារខ្យល់ព្យុះកាន់តែធ្ងន់ធ្ងរក្នុងឆ្នាំនេះ៕TK