សៀមរាប/បន្ទាយមានជ័យៈ ភ្លៀងលាយឡំខ្យល់កន្ត្រាក់ក្នុងរយៈពេល ២ ថ្ងៃជាប់គ្នាមកនេះបានធ្វើឲ្យបាក់រលំដើមឈើធំៗ ៧ ដើម នៅក្នុងបរិវេណប្រាសាទតាព្រហ្ម ប្រាសាទអង្គរ និងបានបង្កការខូចខាតផ្ទះប្រជាពលរដ្ឋ សាលារៀន និងកុដិព្រះសង្ឃសរុបចំនួន ៨៩ ខ្នង នៅក្នុងខេត្តចំនួន ២ ផ្សេងទៀតរួមមានខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ។ នេះបើតាមសេចក្ដីរាយការណ៍ពីអាជ្ញាធរមូលដ្ឋានកាលពីព្រឹកម្សិលមិញ។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរាប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃចន្ទថា ដើមស្ពង់ និងដើមបង្កែវដំរីក្នុងតំបន់អង្គរចំនួន ៧ ដើមបានបាក់រលំ បន្ទាប់ពីមានភ្លៀងខ្យល់បក់បោកខ្លាំងកាលពីល្ងាចថ្ងៃទី ១២ ខែមេសា។
លោកថ្លែងថា៖ «ដើមឈើដែលបាក់រលំមាន ៤ ដើមស្ថិតនៅក្នុងបរិវេណប្រាសាទតាព្រហ្ម និង ១ ដើមស្ថិតក្នុងបរិវេណ ប្រាសាទអង្គរវត្ត និង ២ ដើមទៀតស្ថិតនៅក្នុងភូមិកររបស់ប្រជាពលរដ្ឋដែលមានទីតាំងក្នុងតំបន់អភិរក្សអង្គរ។ ទោះយ៉ាងណា វាមិនបង្កផលប៉ះពាល់ដល់តួ ឬប្រាង្គប្រាសាទនោះទេ»។
លោក យូ ពៅ ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិនបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃចន្ទថា ភ្លៀងនៅតែបន្តធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ និងមានលាយឡំជាមួយខ្យល់កន្ត្រាក់បក់បោកខ្លាំងនៅក្រុងប៉ៃលិន ដែលបង្កឲ្យខូចខាតលំនៅឋានប្រជាពលរដ្ឋចំនួន ៥ ខ្នងថែមទៀតនៅភូមិប៉ាហ៊ីត្បួង និងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិនកាលពីរសៀលថ្ងៃទី ១២ ខែមេសា ខណៈកាលពីថ្ងៃចន្ទសប្ដាហ៍មុនភ្លៀងខ្យល់ និងផ្គររន្ទះបានសម្លាប់ស្ត្រីជាកម្មករស៊ីឈ្នួលដាំដំឡូងមីម្នាក់នៅឃុំអូរអណ្ដូង ស្រុកសាលាក្រៅ និង បានបង្កការខូចខាតផ្ទះប្រជាពលរដ្ឋជាង ១០ ខ្នង។
លោក ពៅ និយាយថា៖ «ភ្លៀងខ្យល់កាលពីរសៀលថ្ងៃអាទិត្យបានធ្វើឲ្យផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មជាច្រើនផ្ទាំងបាក់រលំ សង្កត់លើម៉ូតូបណ្ដាលឲ្យខូចខាតអស់ ៣ គ្រឿង ប៉ើងរបើកដំបូលផ្ទះអាជីវករលក់ទូរស័ព្ទដៃនៅផ្សារប៉ាហ៊ីអស់ ៥ ខ្នង និងខូចខាតសម្ភារ និងទូរស័ព្ទដៃជាច្រើនគ្រឿងដែលសរុបជាទឹកប្រាក់ជាង ៣៥ ០០០ ដុល្លារ»។
ដោយឡែកនៅខេត្តបន្ទាយមានជ័យភ្លៀងខ្យល់ក្នុងរយៈពេល ២ ថ្ងៃជាប់គ្នានេះបានបង្កការខូចខាតផ្ទះប្រជាពលរដ្ឋសរុប ៨៤ ខ្នងក្នុងនោះនៅស្រុកថ្មពួកប៉ះពាល់ផ្ទះ ៥៣ ខ្នង និង ៣១ ខ្នងទៀតនៅក្រុងប៉ោយប៉ែត។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ភ្លៀងលាយឡំខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី ១២ ខែមេសា បានបង្កការខូចខាតផ្ទះនិងបន្ទប់ជួលសរុបចំនួន ៣១ ខ្នងនៅក្នុងសង្កាត់ផ្សារកណ្ដាល និងសង្កាត់និមិត្តព្រមទាំងបាក់រលំបង្គោលអគ្គិសនីចំនួន ១ ដើម។
លោកបញ្ជាក់ថា៖ «ខណៈនេះខ្ញុំ និងក្រុមការងារគណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែតកំពុងនាំគ្នាចុះជួយអន្តរាគមន៍ជួសជុលផ្ទះជូនប្រជាពលរដ្ឋរងគ្រោះឡើងវិញ និងចែកជូននូវស្បៀងអាហារព្រមទាំងសម្ភារបង្ការទប់ស្កាត់ការឆ្លងមេរោគកូរ៉ូណាមួយចំនួនទៀតដល់ពួកគាត់»។
ចំណែកលោក ឌៀប ឈួន អភិបាលស្រុកថ្មពួកថ្លែងថា កាលពីល្ងាចថ្ងៃទី ១១ ខែមេសា មានភ្លៀងខ្យល់បក់បោកខ្លាំងដោយបានបង្កផលប៉ះពាល់លំនៅឋានប្រជាពលរដ្ឋសរុប ៥៣ ខ្នង និងប៉ើងរបើកដំបូលអគារសាលារៀន ១ ខ្នង និង កុដិលោក ១ ខ្នង នៅក្នុងឃុំគោករមៀត និងឃុំបន្ទាយឆ្មារ។ លោកបញ្ជាក់ថា៖ «ផ្ទះចំនួន ១១ ខ្នង ក្នុងចំណោមផ្ទះ ៥៣ ខ្នង ដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់នោះបានដួលរលំ និងបាក់បែកខូចខាតអស់ទាំងស្រុង»។
បើតាមតួលេខពីអាជ្ញាធរមូលដ្ឋាន និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយគិតត្រឹមថ្ងៃចន្ទទី ១៣ ខែ មេសា ឆ្នាំ ២០២០ បាតុភូតភ្លៀងខ្យល់ និងរន្ទះបានបង្កឲ្យមនុស្ស ៦ នាក់ស្លាប់ និង ៧ នាក់រងរបួស ងាប់គោ ២ ក្បាល និងខូចខាតផ្ទះប្រជាពលរដ្ឋសរុបជាង ២ ០០០ ខ្នង ព្រមទាំងអគារសាធារណៈរបស់រដ្ឋមួយចំនួនទៀត។ ក្នុងនោះខេត្តបាត់ដំបង រងការខូចខាតច្រើនជាងគេបន្ទាប់មកខេត្តបន្ទាយមានជ័យ សៀមរាប និងខេត្តពោធិ៍សាត់៕