ត្បូងឃ្មុំៈ អង្គការ​ភ្លែន​អន្ដរជាតិ បាន​សម្រេច​ «បិទ​បញ្ចប់ តំបន់​ប្រតិ​​បត្តិ​កម្មវិធី​ប្រចាំ​ខេត្ត ត្បូង​ឃ្មុំ»​ ក្រោយ​ពី​បាន​អនុវត្ដ​គម្រោង លើក​កម្ពស់​សិទ្ធិ​កុមារ ជា​ពិសេស​​សមភាព​ក្មេងស្រី​ និង​​បណ្តុះ​បណ្តាល​ជំនាញ​ផ្សេង​ៗ​​ដល់​ប្រជា​ពល​រដ្ឋ​ និង​បាន​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធជា​ច្រើន អស់​រយៈ​ពេល​ ១៥ ឆ្នាំ (២០០៤-២០១៩) នៅ​ក្នុង​​ខេត្ត​​ជាប់​ព្រំដែន​មួយ​នេះ​ ខណៈ​ជីវភាព​ប្រជា​ពលរដ្ឋ​មាន​ភាព​រីក​ចម្រើន​ប្រសើរ​ជាង​មុន។​

លោក យី​ គីម​ថាន នាយករង​ប្រចាំ​ប្រទេស ផ្នែក​កម្មវិធីនៃ​​អង្គការ​ភ្លែន​អន្តរជាតិ ​ បានថ្លែង​ថា៖ «ដោយ​សារ​​ស្ថាន​ភាព​​ជីវភាព​ប្រជាជន​ ក៏ដូចជាស្ថាន​ភាព​សិទ្ធិ​កុមារ​ ជាពិសេស​កុមារី​ នៅក្នុង​តំបន់​គោលដៅ​ខេត្ត​ ត្បូង​ឃ្មុំ​​ មាន​ភាព​ប្រសើរ​ឡើង​​គួរឲ្យ​ កត់​សម្គាល់​ បន្ទាប់​​​ពីការ​​​អនុវត្ត​គម្រោង​​របស់​យើង​អស់​រយៈពេល​ ១៥ ឆ្នាំ​កន្លង​មក​ ​យើង​សម្រេចថា ​វាជាពេល​វេលា​ដ៏ស័ក្តិសម ​ក្នុងការ​​ដក​ខ្លួន​ចេញ​ពី​ខេត្ត​នេះ»។​

អង្គការ​ភ្លែន​អន្តរ​ជាតិ ចាប់​ផ្តើម​ប្រតិ​បត្តិការ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំកាល​ពី​ឆ្នាំ ២០០៤ ដោយ​ធ្វើ​ការ​ក្នុង​ស្រុក​ចំនួន ២ គឺ ​​​ស្រុក​តំបែរ និង​ពញា​ក្រែក ដែល​គ្រប​ដណ្តប់​លើ​ឃុំ​ចំនួន ១៧ និង​ភូមិ​ចំនួន ១៥២។

អង្គការ​នេះ បាន​ផ្តោត​លើកម្មវិធី​សំខាន់​ៗ​មួយ​ចំនួន​ក្នុង​ការ​ជួយ​ដល់​ប្រជា​ពលរដ្ឋ​ រួម​មាន គាំ​ពារ និង​អភិវឌ្ឍកុមារ​តូច កិច្ច​ការ​ពារ​កុមារ ទឹក​ស្អាត និង​អនាម័យ ​អាហារូបត្ថម្ភ​ ការ​បង្កើន​កម្រិត​ជីវភាព​គ្រួសារ និង​ការ​អប់រំ​ថ្នាក់​បឋម​សិក្សា និង​អនុ​វិទ្យា​ល័យ​ ការ​ចូល​រួម​របស់​កុមារ ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​បម្រែ​បម្រួល​អាកាស​ធាតុ និង​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ។

លោក​ គីមថាន​ បន្ថែម​ថា៖ «​យើង​រួមចំណែក​​ធ្វើឲ្យ​​ស្ថានភាព​សិទ្ធិ​កុមារ​ជាពិសេស​​កុមារី​ មាន​ភាព​ប្រសើរ​ឡើង​ច្រើន​ជាពិសេស​គឺ​​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ទទួល​បាន​សុខ​ភាព​ល្អពីកំណើត​ សិទ្ធិ​ទទួល​បាន​ការ​អប់រំ​សិទ្ធិ​ទទួ​ល​បាន​ទឹក​ស្អាត​ និង​អនាម័យ​ សិទ្ធិ​ចូលរួម និង​ទទួល​​បាន​ការ ការពារ​ពី​គ្រប់​ទម្រង់​នៃ​ការ​រើស​អើង។ រយៈពេល​ ១៥ ឆ្នាំមកនេះ​​ យើង​​បាន​ធ្វើការ​ជាមួយ​កុមារ និង​គ្រួសាររបស់​គាត់​ប្រមាណ​ ២,៥ សែន​នាក់»។

បើតាម​លោក​ គីមថាន ដោយ​សារ​មាន​​​កិច្ច​សហ​ប្រតិ​បត្តិការ​យ៉ាង​ជិត​ស្និទ្ធ ជាមួយ​អង្គការ​ដៃគូ អាជ្ញាធរនិង​សហគមន៍​ក្នុង​រយៈ​ពេល​ ១៥ ឆ្នាំ​​​ គម្រោ​ង​នេះ​ទទួល​​បាន​​​សមិទ្ធផល​សំខាន់ៗ​គួរ​ឲ្យ​សាទរ។ ​សមិទ្ធ​ផល​​ទាំង​នោះ​រួម​មាន​បង្កើត​ក្លិប​កុមារ និង​បណ្តុះ​បណ្តាល​ពីសិទ្ធិ​កុមារ​ ការគ្រប់គ្រង​ក្លិប​ និង​ជំនាញ​សម្រប​សម្រួល​ ចំនួន ១៨៧ ក្លិប​។ គាំទ្រ​បង្កើត​បណ្តាញ​ការ​ពារកុមារ​ អប់រំ​ រាយ​ការណ៍​ និង​ដោះ​ស្រាយ​ ពីការ​រំលោភ​បំពាន​កុមារ​ចំនួន ១៨៧ បណ្តាញ។

សាង​សង់​អណ្តូង​ទឹក ក្នុង​សហគមន៍​ សាលារៀន​ និង​ក្នុង​សាលា​មតេ្ត​យ្យ​សហគមន៍​ ចំនួន ៥៤១​។ សាងសង់​ បង្គន់​នៅសាលា​រៀន និង​មតេ្តយ្យ​សហ​គមន៍ចំនួន​ ១០០។ សាងសង់​ មណ្ឌល​សុខភាព អគារ​សម្រាក​ក្រោយ​ពេល​សម្រាល​ បំពាក់​ជាមួយ​សម្ភារ​ បង្គន់​​​ អណ្តូង​ និង​ផ្ទាំង​សូឡា​ចំនួន​ ៩។ សាងសង់​សាលា​បឋម​សិក្សា​ និង​អនុ​វិទ្យាល័យ​ចំនួន​ ១៨ ​ខ្នង​។​ សាងសង់​អគារ​បណ្ណាល័យ​ចំនួន ១៣ ខ្នង​ព្រម​ទាំង​ផ្គត់ផ្គង់​សម្ភារ​ ​និង​សៀវភៅ​អាន។

កសាងសួន​កុមារ​នៅតាម​សាលារៀន​ចំនួន​ ៤១។ គាំ​ទ្រមណ្ឌល​សុខភាព​ចំនួន​ ៥ ក្នុង​ការ​ចាក់​វ៉ាក់​សាំង​ដល់​កុមារ ៣,៧០៧​ នាក់​។ គាំទ្រ​កម្មវិធី​អាហា​រូបត្ថម្ភ​ ដល់​កុមារ​តូច​ ចំនួន​ ១១,២៧០ នាក់​។

គាំទ្រ​បង្កើត​ក្រុម​អប់រំ​ និង​បណ្តុះ​បណ្តាល​ការអប់រំ​សុខភាព​បន្តពូជ​ដល់​យុវជន​ ៧៥,៩៨៦ នាក់​។ គាំទ្រ​ និង​សាង​សង់​ ១៣១ សាលា​មតេ្តយ្យ​សហគមន៍​ និង​មតេ្តយ្យ​រដ្ឋ​ (ជាមួយ​សម្ភារ​រៀន​និង​បង្រៀន​ បង្គន់​ និងសួន​កុមារ)។

គាំទ្រ​ និង​បង្កើត​ក្រុម​ឪពុក​ម្តាយ​ចំនួន​ ៩៥៨ និង​បណ្តុះបណ្តាល​ពួកគាត់ ​ពីទម្លាប់​ល្អ​ទាំង ១២​ យ៉ាង​។ បណ្តុះបណ្តាល​គ្រូ ១២០ នាក់​ ពីបចេ្ច​កទេស​បង្រៀន​កុមារ​តូច​។ គាំទ្រ​បង្កើត​ថ្នាក់​សិស្ស​រៀន​យឺត​សម្រាប់​ ១០០ ក្រុម​។ បញ្ចូល​កុមារ​ និង​យុវជន​ ក្នុង​ការ​ងារ​ត្រៀម​ និង​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​ ដែល​សរុប​ជាទឹក​ប្រាក់​ដែល​បាន​ចំណាយ​រយៈ​ពេល​ ១៥ ឆ្នាំ​អស់​ប្រមាណ ១៥ ​លាន​ដុល្លារ។

អ្នក​ស្រី ជឿង ជឿន តំណាង​សហ​​គមន៍​សេវា​សង្គម​កិច្ច​កម្ពុជា (SSC) ស្ថិត​ក្នុង​ឃុំ​គោក​ស្រុក ស្រុក​តំបែរ​ ខេត្ដ​ត្បូង​ឃ្មុំ បាន​សម្ដែង​ការ​សោក​ស្ដាយ​ ខណៈ​កំពុង​ចូលរួម​ជាមួយ​កម្មវិធី​បិទ​បញ្ចប់​គម្រោង​របស់​អង្គការ​ភ្លែន​ នៅសាលាខេត្តត្បូង​ឃ្មុំ កាលពី​​ម្សិល​មិញ​ដោយ​​អ្នក​ស្រី​លើកឡើងថា អង្គការ​មួយនេះ​ធ្លាប់​នៅ​រួម​សុខទុក្ខ គាំទ្រ​ ​​ប្រជាពលរដ្ឋ ពិសេស​កុមារ​តូច​ នៅតាម​សហគមន៍ ចំពោះ​ការ​ថែទាំ​សុខភាព អនាម័យ​ទឹក​ស្អាត​ សាលា​រៀន និង​បណ្ណា​ល័យ​ជាដើម​អស់​រយៈពេល​​ ១៥​ ឆ្នាំ​កន្លង​មក​នេះ​។

ជាង​កំពុង​​ធ្វើ​បង្គន់​ផ្តល់​ដោយ​អង្គការ​ភ្លែន​នៅ​សាលា​​ប្រាសាទ​គោល​។ សហការី

អ្នក​ស្រី​​ថ្លែង​ថា​៖ «ខ្ញុំ​មាន​អារម្ម​ណ៍​ ដូចជា​បាត់​អ្វីម្យ៉ាង​ពីក្នុង​ខ្លួន ពេល​ដឹងថា អង្គការ​ភ្លែន​​បិទ​បញ្ចប់​គម្រោង​នៅទីនេះ។ អង្គការ​នេះ​បាន​ចូលមក​ជួយ​បណ្ដុះ​បណ្ដាល​ប្រជាពលរដ្ឋ​ទាំង​ជំនាញ​វិជ្ជា​ជីវៈ ការ​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​ចៀស​ផុត​ពីការ​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ និង​ផ្ដល់​ការ​គាំទ្រដល់កុមារ​ លើក​កម្ពស់​សិទ្ធិកុមារជាដើម។ ក្មេងៗ​ឱ្យ​តែ​ឮ​ថា អង្គការ​ភ្លែន​ពួកគាត់​ដឹង​តែ​សប្បាយ​ចិត្ដ​ និង​ចូលរួម​ការងារ​គ្រប់​បែប​យ៉ាង​ដែល​អង្គការ​នេះ​ចុះ​មក​ធ្វើ​នៅ​សហគមន៍​យើង​ព្រោះ​ពួកគាត់​ដឹង​​ថា​អង្គការ​នេះ​បាន​ជួយ​ដល់​ពួកគាត់»។

អ្នក​ស្រី​បាន​ឱ្យ​ដឹងថា ប្រជាពលរដ្ឋ​នៅ​សហគមន៍​អ្នក​ស្រី​បច្ចុប្បន្ន​មាន​ជីវភា​ព​ធូរធារ បាន​ឱ្យ​កូន​ចូលរៀន​ និង​មិន​មាន​ក្មេង​ៗបោះបង់​ការ​សិក្សា​ ដូច​កាល​ពី​មុន​ទៀត​ទេ។

អ្នក​ស្រី​ក៏​បាន​លើក​ឡើង​​ផង​ដែរ​​ថា​៖​ «កាល​ពី​មុន​​មកនៅ​សហគមន៍ ពលរដ្ឋ​មាន​ការ​ប្រើ​ហិង្សា​​លើ​ស្រ្ដី​ និង​លើ​កុមារ​ច្រើន​ ហើយ​កុមារ​ ក៏បោះ​បង់​ការ​សិក្សា​ច្រើន​ដែរ ប៉ុន្ដែឥឡូវ​តាម​រយៈ​អង្គការ​ភ្លែន​ បាន​​ជំរុញ​ និង​បណ្ដុះ​បណ្ដាល​ពលរដ្ឋ​ឱ្យ​ចេះ​​គោរព​សិទ្ធិ​ស្រ្ដី និង​កុមារ ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ផ្លាស់ប្ដូរ​ឥរិយបថ​និង​ផ្នត់​គំនិត​ក្នុង​គ្រួសារ​ហើយ​បាន​ចូលរួម​ជាមួយ​សហគមន៍​»។

លោក កាំង វ៉ាន់ឌី មេឃុំ ចុងជាច ក្នុង​ស្រុក​តំបែរ ​បាន​ឱ្យ​ដឹង​ដែរ​ថា កាល​ពីជាង​ ១០ ឆ្នាំមុន​ ពលរដ្ឋ​​ដែល​រស់នៅ​ក្នុង​ខេត្ដ​ត្បូង​ឃ្មុំ​ មាន​ជីវភាព​ក្រីក្រច្រើន​ ប៉ុន្ដែ​ឥឡូវ​ពួកគាត់ ​មាន​ជីវភាព​ប្រសើរ​ឡើង​ច្រើន ទាំង​ផ្នែក​សុខភាព និង​ការអប់រំ។​

លោក​បន្តថា​៖ ​«អង្គការ​ភ្លែន​ក៏បាន​ជួយ​ជ្រោម​ជ្រែងដល់​​ប្រជាពលរដ្ឋ​ជាមួយ​អាជ្ញា​ធរ​មូលដ្ឋានធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​​នៅ​ក្នុង​ភូមិ​ឃុំ​ខ្ញុំ​មាន​ការ​រីក​ចម្រើន។ ក្រៅពីនេះ អាជ្ញាធរ​ឃុំ​​ ក៏មាន​គម្រោង​ផ្តល់​ជាពូជ​សត្វមាន់​ ​ឱ្យ​ពលរដ្ឋ​ចិញ្ចឹម និង​ផ្ដល់ទុន​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ភាព​ក្រីក្រ​ខ្លាំង​ផងដែរ»។ ​

លោក​មេឃុំ ក៏​ទទួល​ស្គាល់​ដែរ​ថា រយៈពេល​ជាង​ ១០ ឆ្នាំ​ចុង​ក្រោយ​នេះ​ជីវភាព​ប្រជា​ពលរដ្ឋ​មាន​ការ​ប្រែប្រួល​ច្រើន ដោយ​មាន​ភាព​រីក​ចម្រើន​ខ្លាំង​ជាង​មុនដូច្នេះ​ទើប​អង្គការ​ភ្លែន​ សម្រេ​ច​បិទ​គម្រោង​កម្មវិធី​នានា​ក្នុង​ខេត្ដ​ត្បូងឃ្មុំ។

ក្រៅ​ពី​ជួយ​កសាង​ហេដ្ឋា​រចនា​សម្ព័​ន្ធ អគារ​សាលារៀន​ បណ្ណាល័យ អង្គ​ការ​ភ្លែន​ក៏បាន​បណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជាជីវៈ ដល់​យុវជន​បោះ​បង់​ការ​សិក្សា ដូចជា​ជំនាញ​ជាង​ជួស​ជុល​ឡាន ​ម៉ូតូ​ និង​ជំនាញ​ដាំដុះ​ដល់​ប្រជា​ពលរដ្ឋ​ផងដែរ​។

លោក ​វ៉ាន់ឌី ​បញ្ជាក់ថា​៖ ​«ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ខ្ញុំ​ ៩០ ភាគ​រយ​គឺ​ប្រកប​របរ​កសិកម្ម ១០ ភាគរយ​ទៀត​ជាអ្នក​លក់​ដូរ (ចាប់ហួយ)។ មាន​យុវជន​តិច​តួច​ប៉ុណ្ណោះ ​ដែល​បាន​ធ្វើ​ចំណាក​ស្រុក ដោយ​ពួកគាត់​ បាន​ប្រឡង​ជាប់​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​កូរ៉េ និង​ជប៉ុន និង​មួយចំនួន​ទៅ​ប្រទេស​ថៃ»។

លោកមេឃុំ​ឱ្យ​ដឹង​ថា នៅក្នុង​ឃុំ​របស់​លោក ​មាន​ប្រជា​ពលរដ្ឋ​​ចំនួន​ ៤ ២២៥ គ្រួសារ និង​មាន​ប្រជាជន​ចំនួន ១៥ ៩៩៥ នាក់ មាន​សាលា​បឋម​សិក្សា​ចំនួន ៨ កន្លែង និង​វិទ្យាល័យ​ ១​កន្លែង។

លោក ម៉ៅ ឌុង នាយក​រដ្ឋបាល​ស្ដីទី​ ខេត្ដ​ត្បូង​ឃ្មុំ​ ដែល​បាន​ចូលរួម​បិទ​គម្រោងនេះ​ ក្នុង​នាម​​តំណាង​លោក​អភិបាល​ខេត្ដ​កាល​ពី​ម្សិលមិញ​បាន​ថ្លែង​ថា ក្នុង​រយៈពេល​ជា​ង​ ១០ ​ឆ្នាំនេះ អង្គការ​ភ្លែន​ បាន​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ដ​ ជួយ​ប្រជា​ពល​រដ្ឋ​ទៅលើ​វិស័យ​សំខាន់​ៗ​មួយ​ចំនួន ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​ ដូចជា​វិស័យ អប់រំ សុខភាព អនាម័យ និង​ទឹក​ស្អាត​ជាដើម។

លោក​​បន្ដថា​៖ «នៅ​ខេត្ដ​ត្បូង​ឃ្មុំ​យើងកាល​ពីមុន​មក​យើ​ង​គិត​ថា​ ជាតំបន់​មួយ ដែល​មាន​ស្រុក​មួយ​ចំនួនជា​ស្រុក​ដាច់​ស្រយាល ដូច្នេះ​​ទើប​កាល​នោះ ការ​អប់រំ អនា​ម័យ​នៅមាន​ការ​ខ្វះ​ចន្លោះ ប៉ុន្ដែ​ពេល​នេះ យើង​ឃើញ​ថាក្រោយ​ពីរាជ​រដ្ឋា​ភិបា​ល​ ដាក់​ផែន​ការ​យុទ្ធសាស្រ្ដ​ ពីដំណាក់​កាល​មួយ​ទៅ​ដំណាក់​កាល​មួយ​ រួម​នឹង​ដៃគូ​អភិវឌ្ឍន៍ផ្សេងៗ​ ធ្វើ​ឱ្យ​ខេត្ដ​ត្បូង​ឃ្មុំ​ ដែល​ជាខេត្ដ​ទើបតែបង្កើត​ថ្មី​នេះ​មាន​ការ​រីក​ចម្រើន​ ពិសេស​ហេដ្ឋា​រចនា​សម្ព័ន្ធ​គ្រប់​វិស័យ​របស់​ខេត្ដ ឥឡូ​វ​នេះ​លែង​មាន​តំបន់​ណា​ដាច់​ស្រយាល​​ទៀត​ហើយ គឺជា​តំបន់​អភិវឌ្ឍន៍​ទាំងអស់»៕