ភ្នំពេញៈ ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ស្ថានទូត​ជប៉ុន និង​កម្មវិធី​ស្បៀងអាហារ ពិភពលោក (WFP) បាន​ប្រគល់​មជ្ឈមណ្ឌល​ជម្លៀស​សុវត្ថិភាព ដែល​ទើបនឹង​សាងសង់​រួច​ចំនួន​ ៦ ​កន្លែង ដល់​សហគមន៍​មូលដ្ឋាន​ខេត្ត​កំពង់ឆ្នាំង កំពង់ធំ និង​ពោធិ៍សាត់​នៅ​ថ្ងៃទី​ ២១ ​និង ​២២ ខែឧសភា​នេះ​។

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ស្ថានទូត​ជប៉ុន និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​នៅ​ថ្ងៃទី​ ២១ ខែឧសភា បាន​ឲ្យ​ដឹងថា ជា​កិច្ចបញ្ចប់​ការសាងសង់ មជ្ឈមណ្ឌល​ជម្លៀស​សុវត្ថិភាព​ចំនួន​ ៦ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់ ដោយសារ​គ្រោះទឹកជំនន់​នៅក្នុង​សហគមន៍​ងាយ​រងគ្រោះ ស្ថានទូត​ជប៉ុន និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​នៃ​អង្គការ​សហប្រជាជាតិ (WFP) បាន​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ (​គ.ជ.គ.ម) ដើម្បី​ប្រគល់​មជ្ឈមណ្ឌល​ទាំងនេះ​ជា​ផ្លូវការ ជូនទៅ​កាន់​សហគមន៍​មូលដ្ឋាន ក្នុង​ខេត្ត​កំពង់ឆ្នាំង កំពង់ធំ និង​ពោធិ៍សាត់ មុនពេល​រដូវវស្សា​ចាប់​ផ្តើម​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន មជ្ឈមណ្ឌល​ជម្លៀស​សុវត្ថិភាព​ត្រូវ​បាន​សាងសង់ឡើង ស្រប​តាម​បទដ្ឋាន​អន្តរជាតិ និង​មាន​សាល​ធំ​ទូលាយ ផ្ទះបាយ កន្លែង​បោក​ខោអាវ បន្ទប់​ស្តុក​ទំនិញ បន្ទប់ទឹក កន្លែង​លាងដៃ ទីជម្រក​សម្រាប់​សត្វ និង​ទីវាល​ធំ​ទូលាយ​។

នៅតាម​មជ្ឈមណ្ឌល​នីមួយៗ​មាន​បំពាក់​ទៅដោយ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក (​អណ្តូង អាងស្តុក​ទឹក និង​ធុង​ទឹក​) ប្រព័ន្ធ​អគ្គិសនី (​ម៉ាស៊ីនភ្លើង ប្រព័ន្ធ​ថាមពល​ព្រះអាទិត្យ​) និង​ប្រព័ន្ធ​ការពារ​រន្ទះ​។

សេចក្តី​ប្រកាស​បញ្ជាក់ថា​៖ «​មជ្ឈមណ្ឌល​ជម្លៀស​ទាំងនេះ​អាច​ដាក់​មនុស្ស​បាន​ពី​ ២ ០០០ ទៅ​ ៣ ០០០ ​នាក់ ហើយ​នេះ​គឺជា​ការបង្ហាញ​នូវ​ការប្តេជ្ញា​ និង​យកចិត្ត​ទុកដាក់​ជា​បន្តបន្ទាប់​របស់​ជប៉ុន ដែល​មាន​ជាយូរ​មកហើយ​ចំពោះ​ប្រជាជន​កម្ពុជា​»​។

មជ្ឈមណ្ឌល​ទាំងនេះ​មាន​មុខងារ​ចំនួន​ពីរ​គឺ សម្រាប់​ជម្លៀស​ប្រជាជន ទៅ​កាន់​ទីសុវត្ថិភាព​ក្នុង​ករណី​មាន​ព្យុះ​ និង​ទឹកជំនន់​ក្នុង​រដូវវស្សា និង​ជា​ទីកន្លែង​ប្រើប្រាស់​ទូទៅ​ក្នុង​គោលបំណង​ចម្រុះ​។ ថ្មីៗ​នេះ​មជ្ឈមណ្ឌល​នេះ​ត្រូវ​បាន​ប្រើប្រាស់​ជា​កន្លែង​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ​ ១៩ និង​ជា​មណ្ឌល​ចត្តាឡីស័ក​ផងដែរ ។

លោក Karimata Atsushi រដ្ឋមន្ត្រី និង​ជា​អនុប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា មានប្រសាសន៍​ថា រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​មាន​មោទនភាព​ក្នុង​ការចូលរួម​ចំណែក​កសាង​ភាពធន់ និង​រឹងមាំ​របស់​សហគមន៍​មូលដ្ឋាន ដើម្បី​ទប់ទល់​ជាមួយ​គ្រោះមហន្តរាយ​ធម្មជាតិ​។

លោក​ថ្លែងថា៖ «​តាមរយៈ​ជំនួយ​មនុស្សធម៌​នេះ យើងខ្ញុំ​នៅ​ជិត​ជាមួយ​នឹង​ប្រជាជន​កម្ពុជា នៅពេល​ពួកគាត់​ឆ្លងកាត់​ស្ថានភាព​លំបាក​។ យើងខ្ញុំ​សង្ឃឹមថា គម្រោង​នេះ​នឹង​ពង្រឹង​បន្ថែម​នូវ​ទំនាក់ទំនង មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​»​។

តំណាង​របស់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក លោកស្រី Claire CONAN បាន​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល​ជប៉ុន ដែល​បាន​ផ្ដល់នូវ​ជំនួយ​ដែល​មិនអាច​កាត់ថ្លៃ​បាន​នេះ​។

លោកស្រី​ថ្លែងថា​៖ «​តាមរយៈ​ជំនួយ​សប្បុរស​នេះ កម្មវិធី​ស្បៀងអាហារ​ពិភពលោក និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​សាងសង់​ និង​បំពាក់​ប្រព័ន្ធ​សម្រាប់​មជ្ឈមណ្ឌល ជម្លៀស​សុវត្ថិភាព​ទាំង​ ៦ ​នេះ ដើម្បី​ការពារ​ប្រជាជន​ក្នុង​ពេល​មាន​ទឹកជំនន់​ និង​គ្រោះ ធម្មជាតិ​នានា និង​ជាទីកន្លែង​បម្រើ​ផលប្រយោជន៍​ចម្រុះ​សម្រាប់​សហគមន៍​» ។

លោក ស្រី ណាល់ ជា​មេឃុំ និង​ជា​តំណាង​សហគមន៍​ម្នាក់​ដែល​ត្រូវបាន​ស្រង់​សម្តី​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បាន​ថ្លែងថា លោកស្រី​នឹង​ថែរក្សា​មជ្ឈមណ្ឌល និង​បរិក្ខារ​ទាំងនេះ​ឱ្យបាន​ល្អ ដើម្បី​ទុក​សម្រាប់​ប្រជាពលរដ្ឋ​ជ្រកកោន​នៅក្នុង​គ្រា​លំបាក​។

សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​ ២០១៩ រដ្ឋាភិបាល​ជប៉ុន​បាន​ចូលរួម​វិភាគទាន​ចំនួន ២,៧ ​លាន​ដុល្លារ​អាមេរិក​ដល់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ដើម្បី​លើកកម្ពស់​ភាពធន់​ និង​រឹងមាំ​របស់​សហគមន៍​នៅ​កម្ពុជា​ក្នុង​ការប្រឈម​ជាមួយ​វិបត្តិ​នានា និង​កសាង​សមត្ថភាព​ស្ថាប័ន សម្រាប់​ការត្រៀម​លក្ខណៈ​ទប់ទល់​ជាមួយ​គ្រោះអាសន្ន​។

ជំនួយ​គាំទ្រ​នេះ​បាន​បង្កើត​នូវ​សមិទ្ធផល​ចំនួន​បី​គឺ ទី​១ ការសាងសង់​មជ្ឈមណ្ឌល​ជម្លៀស​សុវត្ថិភាព ចំនួន​ ៦ កន្លែង​នៅក្នុង​ខេត្ត​ចំនួន​ ៣ ដែល​ងាយ​រងគ្រោះ​ដោយ​ទឹកជំនន់ ទី​២ ការពង្រឹង​ផែនការ គ្រប់គ្រង​ហានិភ័យ​គ្រោះមហន្តរាយ​នៅ​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ និង​ថ្នាក់​សហគមន៍ និង ទី​៣ ការលើកកម្ពស់​ការចាត់​វិធានការ​ទាន់​ពេលវេលា​តាមរយៈ​ប្រព័ន្ធ​ប្រកាសអាសន្ន​ជាមុន​៕