ភ្នំពេញ: មជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាលកាលពីម្សិលមិញបានបង្ហាញនូវក្ដីបារម្ភយ៉ាងខ្លាំងអំពីការធ្លាក់ចុះយ៉ាងគំហុកនូវចំនួនអ្នកស្ម័គ្រចិត្តផ្ដល់ឈាមនៅក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២០ ដែលទទួលបានត្រឹមតែ ៦ ពាន់ប្លោក ប្រមាណជា ១១ ភាគរយ បើធៀបនឹងឆ្នាំ ២០១៩ ទទួលបានចំនួន ៧ ម៉ឺនប្លោក។ យោងតាមលោក សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមដែលបានថ្លែងកាលពីម្សិលមិញក្នុងសន្និសីទសារព័ត៌មានស្ដីពី «ការផ្ដល់ឈាមដើម្បីសង្គ្រោះជីវិត» នៅទីស្ដីការគណៈរដ្ឋមន្ត្រី។
លោក ប៉ូ បានថ្លែងទៀតថាគិតត្រឹម ៦ ខែដំបូងដើមឆ្នាំ ២០២០ នេះអត្រាការបរិច្ចាគឈាមបានធ្លាក់ចុះប្រមាណ ១១ ភាគរយ នៅពេលដែលតម្រូវការប្រើប្រាស់បានកើនឡើងពី ១ ឆ្នាំទៅ ១ ឆ្នាំប្រមាណ ១ ម៉ឺនប្លោក។ ខណៈពេលដែលតម្រូវការឈាមនៅកម្ពុជានៅខ្វះចន្លោះពី ២០ ទៅ ៣០ ភាគរយដើម្បីជួយដល់ជនរងគ្រោះ ដែលកំពុងត្រូវការឈាមជាចាំបាច់។
លោក ប៉ូ ថ្លែងថា៖ «ដើម្បីកុំឲ្យមានក្ដីកង្វល់ពីការខ្វះខាតឈាម និងទប់ស្កាត់ការលក់ដូរឈាមដែលសប្បុរសជនបានបរិច្ចាគនេះ ទាល់តែមានអត្រាអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមកើនលើសពី ៨០ ភាគរយនៃចំនួនប្រជាជនកម្ពុជាសរុប ពោលគឺបើមានអ្នកបរិច្ចាគឈាមរហូតដល់ ៨០ ភាគរយគឺកម្ពុជានឹងមិនមានក្ដីកង្វល់ខ្វះឈាមទៀតទេ។ ចំពោះសព្វថ្ងៃនេះកម្ពុជានៅខ្វះឈាមប្រមាណចន្លោះពី ២០ ទៅ ៣០ ភាគរយក្នុងមួយឆ្នាំ»។
លោក ប៉ូ បានថ្លែងឲ្យដឹងទៀតថា៖ «យើងមានក្ដីបារម្ភច្រើនជុំវិញការខ្វះឈាមនេះ។ មូលហេតុដែលមិនសូវមានអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមនេះ គឺពលរដ្ឋខ្មែរយើងនៅមិនទាន់យល់ពីសារៈសំខាន់នៃការបរិច្ចាគឈាម ហើយយើងក៏មិនទាន់បានផ្សព្វផ្សាយឲ្យបានទូលំទូលាយដែរ។ ម្យ៉ាងទៀត ពួកគាត់នៅសង្ស័យថា ការបរិច្ចាគឈាមធ្វើឲ្យខូចសុខភាព។ ករណីទាំងអស់នេះ ខ្ញុំសូមបញ្ជាក់ថា ការបរិច្ចាគឈាមមិនមានបញ្ហាសុខភាពទេ ហើយថែមទាំងជួយសុខភាពយើងឲ្យល្អទៅវិញ ហើយយើងនឹងធ្វើការផ្សព្វផ្សាយបន្ថែមទៀតពីគុណសម្បត្តិនៃការបរិច្ចាគឈាម»។
លោក ហុក គឹមចេង អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាលបានថ្លែងកាលពីម្សិលមិញដែរថា ការស្ម័គ្រចិត្តចូលរួមបរិច្ឆាគឈាមនេះនៅមានកម្រិតទាបនៅឡើយ ដោយក្នុងនាមមន្ត្រីជំនាញ និងក្នុងនាមក្រសួងសុខាភិបាលនៅតែជំរុញឲ្យមានការចូលរួមបរិច្ចាគឈាមឲ្យបានផុសផុលថែមទៀត ដើម្បីជួយសង្គ្រោះជីវិតមនុស្សដែលកំពុងខ្វះខាតឈាមជាច្រើននាក់។
លោកបានឲ្យដឹងទៀតថា ការផ្គត់ផ្គង់ឈាមឲ្យបានគ្រប់គ្រាន់ទៅដល់អ្នកជំងឺ និងគ្រួសារអ្នកជំងឺដែលកំពុងត្រូវការឈាមនេះ គឺជាគោលនយោបាយចាំបាច់មួយ ដើម្បីផ្ដល់ទំនុកចិត្តសប្បុរសជនក៏ដូចជាជំរុញលើកទឹកចិត្តដល់សាធារណជនឲ្យចូលរួមក្នុងការបរិច្ចាគឈាមកាន់តែច្រើនឡើងថែមទៀត។
លោកបញ្ជាក់ថា៖ «ការបរិច្ចាគឈាមគឺជាអំពើសប្បុរសធម៌មួយ និងមានសារៈសំខាន់ណាស់សម្រាប់ជនរងគ្រោះនៅតាមមន្ទីរពេទ្យនានាដែលត្រូវការឈាមជាចាំបាច់ តែតាមរយៈការស្រាវជ្រាវបានឲ្យដឹងថា វាក៏អាចមានអត្ថប្រយោជន៍ចំពោះសុខភាពអ្នកផ្តល់ឈាមដែរ ពោលគឺការផ្ដល់ឈាមអាចកាត់បន្ថយការកកើតកោសិកាជំងឺមហារីក និងកាត់បន្ថយហានិភ័យនានាចំពោះសុខភាពយើង»។
លោក ពេជ្រ ចិន្ដា ជាបុគ្គលិកអង្គការមួយនៅរាជធានីភ្នំពេញដែលធ្លាប់បរិច្ចាគឈាមចំនួន ៣ លើកមកហើយបានថ្លែងកាលពីម្សិលមិញថា ការបរិច្ចាគឈាម គឺជាមធ្យោបាយដ៏មានសុវត្ថិភាព និងងាយស្រួលមួយដែលអាចឲ្យគ្រប់គ្នាធ្វើបានសម្រាប់ជួយដល់សហគមន៍នៅពេលដែលមានតម្រូវការជាចាំបាច់។ រាល់តំណក់ឈាមនីមួយៗគឺសុទ្ធតែជាក្តីសង្ឃឹមរបស់ជនរងគ្រោះនៅក្នុងមន្ទីរពេទ្យ។
លោកថា៖ «ពេលដឹងថា អង្គការរបស់ខ្ញុំរៀបចំកម្មវិធីស្ម័គ្រចិត្តបរិច្ចាគឈាម ខ្ញុំបានចុះឈ្មោះភ្លាម ព្រោះមានអារម្មណ៍ថា ខ្ញុំកំពុងតែបានជួយជីវិតមនុស្សម្នាក់។ ខ្ញុំមានមោទនភាពដែលបានក្លាយជាផ្នែកមួយនៃអ្នកជួយជនរងគ្រោះ ព្រោះការបរិច្ចាគឈាម គឺប្រៀបដូចជាការផ្ដល់ជីវិតមួយ ដូច្នេះសូមកុំមានការស្ទាក់ស្ទើរនៅក្នុងការចូលរួម»៕