
ការិយាល័យមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ រូបថត ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) បានចេញផ្សាយរបាយការណ៍សង្ខេបស្តីពីធុរកិច្ច និងសិទ្ធិមនុស្សមានចំណងជើងថា “គណនេយ្យភាពសាជីវកម្មចំពោះការរំលោភសិទ្ធិបំពានលើសិទ្ធិដីធ្លី” ដោយបង្ហាញពីការប្រឈមក្នុងការបញ្ចុះបញ្ចូលក្រុមហ៊ុនសាជីវកម្មឱ្យធានាបាននូវគណនេយ្យភាពចំពោះផលប៉ះពាល់លើសិទ្ធិមនុស្សនៅកម្ពុជា ស្របពេលដែលរដ្ឋាភិបាលមានជំហរដោះស្រាយតាមផ្លូវតុលាការ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ម.ស.ម.ក ដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីម្សិលមិញឱ្យដឹងថា របាយការណ៍នេះបានពិនិត្យលើយន្តការដែលមានស្រាប់ផ្សេងៗគ្នា សម្រាប់អ្នកដែលប្រឈមនឹងការរំលោភបំពានលើសិទ្ធិដីធ្លីនៅក្នុងប្រទេស និងវិធីសាស្ត្រមួយចំនួនដែលសហគមន៍បានប្រើប្រាស់ ដើម្បីទទួលបានដំណោះស្រាយ។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា កំណត់ត្រាសង្ខេបនេះបានវិភាគទៅលើទំនាស់ដីធ្លីចំនួន ៤ ករណី គឺទំនាស់ដីធ្លីជាប់ពាក់ព័ន្ធជាមួយនឹងសហគមន៍ជនជាតិដើមភាគតិច និងក្រុមហ៊ុនចម្ការកៅស៊ូ សុកហ្វីន ខេ.ស៊ី.ឌី នៅមណ្ឌលគិរី,ទំនាស់ដីធ្លីពាក់ព័ន្ធជាមួយនឹងអ្នកភូមិ និងក្រុមហ៊ុនស្ករមីតធ័រភូល នៅខេត្តឧត្តរមានជ័យ,ទំនាស់ដីធ្លីពាក់ព័ន្ធនឹងអ្នកភូមិជាមួយក្រុមហ៊ុន អឹម.ឌី.អេស នៅតំបន់សេដ្ឋកិច្ចពិសេស អឹម.ឌី.អេស ថ្មដា នៅក្នុងខេត្តពោធិ៍សាត់ និងចុងក្រោយ គឺទំនាស់ដីធ្លីរវាងអ្នកភូមិ និងក្រុមហ៊ុនឧស្សាហកម្មស្ករកោះកុង ខូអែល ធី ឌី និងក្រុមហ៊ុនចម្ការកោះកុងខូអែលធីឌី នៅខេត្តកោះកុងដែលប៉ះពាល់ដល់ពលរដ្ឋជាង ១ ៨០០ គ្រួសារ។
ជាមួយនេះក៏ពិនិត្យមើលយន្តការផ្សេងៗដែលមានសម្រាប់អ្នកប្រឈមនឹងការរំលោភសិទ្ធិដីធ្លី និងវិធីសាស្ត្រដែលសហគមន៍ប្រើប្រាស់ ដើម្បីទទួលបានដំណោះស្រាយផងដែរ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានពន្យល់ថា ការរំលោភបំពានលើសិទ្ធិដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ គឺជាបញ្ហាមួយក្នុងចំណោមបញ្ហាសិទ្ធិមនុស្សនានាដែលកើតឡើងជាញឹកញប់ក្នុងយុគសម័យទំនើបនៃប្រទេសកម្ពុជាបច្ចុប្បន្ន។
បើតាម ម.ស.ម.ក ផ្នែកមួយចំនួនដ៏សំខាន់នៃបញ្ហានេះគឺជាការលំបាកក្នុងការបញ្ចុះបញ្ចូលក្រុមហ៊ុននានាឱ្យធានាបាននូវគណនេយ្យភាពចំពោះផលប៉ះពាល់លើសិទ្ធិមនុស្សរបស់ខ្លួន។ ធុរកិច្ចនៅទូទាំងសកលលោកគឺមានផលប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលចំពោះសិទ្ធិមនុស្សស្ទើរតែទាំងអស់។ ជាក់ស្តែងបញ្ហាទំនាស់ដីធ្លី ក្រុមហ៊ុនតែងត្រូវបានចោទប្រកាន់អំពីការរឹបអូសយកដីធ្លី ការបណ្តេញចេញដោយង្ខំ និងការមិនគោរពសិទ្ធិដីធ្លី របស់ជនជាតិដើមភាគតិច។
កំណត់ត្រាសង្ខេបនេះក៏កំណត់នូវការព្រួយបារម្ភមួយចំនួនផងដែរ ដែលរារាំងដល់ការសម្រេចបាននូវគណនេយ្យភាពរបស់សាជីវកម្មនៅកម្ពុជា និងលើកឡើងជាអនុសាសន៍ចំនួន ២៦ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុននានា និងអង្គការសង្គមស៊ីវិលដើម្បីកាត់បន្ថយ និងដោះស្រាយក្ដីបារម្ភនេះ ដើម្បីលើកកម្ពស់យុត្តិធម៌ តម្លាភាព ការពារ និងដំណើរការដោះស្រាយទំនាស់ដីធ្លីនៅទូទាំងប្រទេសកម្ពុជា។
លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានឱ្យដឹងថានេះ គឺជារបាយការណ៍បច្ចុប្បន្នភាព និងលើកទី ២ បន្ទាប់ពីបានធ្វើរួចហើយកាលពីក្នុងឆ្នាំ ២០១៨។ សម្រាប់របាយការណ៍ពេលនេះ បានរំលេចអំពីគណនេយ្យភាពការពាក់ព័ន្ធនឹងអាជីវកម្មដែលមានការរំលោភលើសិទ្ធិដីធ្លីរបស់ពលរដ្ឋពីសំណាក់ក្រុមហ៊ុន។
លោកថ្លែងថា៖ «របាយករណ៍កំណត់ត្រាសង្ខេបនេះត្រូវបានសិក្សា និងស្រាវជ្រាវ ប្រកបដោយភាពត្រឹមត្រូវ និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលបានពិភាក្សាជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់។ របាយការណ៍នេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ និងបញ្ជូនទៅក្រុមហ៊ុន និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីស្វែងរកដំណោះស្រាយសមស្របជូនដល់ពលរដ្ឋដែលរងគ្រោះ»។
លោក ផៃ ស៊ី ផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលឱ្យដឹងថា ជំហររាជរដ្ឋាភិបាលពាក់ព័ន្ធនឹងជម្លោះដីធ្លីនេះមិនថា ក្រុមហ៊ុន ឬបុគ្គលនោះទេ ត្រូវដោះស្រាយនៅតុលាការ និងជាសិទ្ធិសម្រេចរបស់ចៅក្រម ហើយអ្នកដែលរំលោភលើដីធ្លីជាពលរដ្ឋ ឬក៏ក្រុមហ៊ុនត្រូវតែប្រឈមចំពោះមុខច្បាប់។ សាមីជននៅក្នុងការដោះស្រាយរឿងនេះបានមានតែនីតិវិធីតុលាការទេ ខណៈបើយកបញ្ហានេះ ជាករណីនយោបាយគឺមិនអាចដោះស្រាយបានទេ។
លោក ផៃ ស៊ីផាន បានស្នើឱ្យភាគីពាក់ព័ន្ធនឹងជម្លោះនេះត្រូវស្វែងរកការវិនិច្ឆ័យ ដើម្បីទទួលបាននូវភាពយុត្តិធម៌ ចំពោះភាគីដែលត្រូវបានគេរំលោភយកដីធ្លី ព្រោះថា ករណីនេះមិនមែនជារឿងសិទ្ធិមនុស្សទេ ព្រោះជារឿងខុសច្បាប់ចំពោះការរំលោភលើដីរបស់គេ។
លោកបញ្ជាក់ថា៖ «អ្នកដែលដើរតួរឿងសិទ្ធិមនុស្សហ្នឹង គួរតែពិនិត្យមើលអង្គហេតុ ឱ្យបានច្បាស់ថា តើអ្នកណារំលោភអ្នកណា បើយើងនិយាយពាក់កណ្តាលរឿងសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនហើយចាត់ទុកថាជាការរំលោភលើសិទ្ធិមនុស្សវាមិនជាការដោះស្រាយសិទ្ធិមនុស្សដល់ប្រជាពលរដ្ឋនោះទេគឺជាបំណងក្នុងការវាយប្រហារដល់ប្រមុខនៃរាជរដ្ឋាភិបាលទៅវិញ»៕