កំពង់ឆ្នាំងៈ មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជ​អាវុធហត្ថ​ភ្នំ​ជំរាយ ខ្នាត​អន្តរជាតិ ដែល​កំពុង​សាងសង់​លើ​ផ្ទៃដី​ទំហំ​ ៥ ​ពាន់​ហិកតា​ ក្នុង​ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង គឺជា​ទីលាន​ដ៏សំខាន់​មួយ​ដែល​នឹង​ចូលរួម​ក្នុងការ​ពង្រឹង​វិស័យ​ការពារជាតិ​តាមរយៈ ការពង្រឹង​សមត្ថភាព​កងទ័ព​។ នេះ​ជាការ​អះអាង​របស់​អគ្គមេបញ្ជាការរង លោក​ សៅ សុខា និង​លោក​ ហ៊ុន ម៉ាណែត​។

លោក​ សៅ សុខា ​អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក​ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក និង​លោក វង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​សេដ្ឋកិច្ច និង​​ហិរញ្ញវត្ថុ ថ្លែង​បែបនេះ​ក្នុងពេល​ចុះ​ត្រួតពិនិត្យ​ការងារ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​នេះ​កាលពី​ថ្ងៃទី​ ២៦ ខែតុលា នៅ​ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង​។

លោក​ ហ៊ុន ម៉ាណែត ថ្លែងថា​៖ «​សារៈសំខាន់​នៃ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​នេះ គឺ​ចូលរួម​ក្នុង​ការពង្រឹង​វិស័យ​ការពារជាតិ​តាមរយៈ​ការពង្រឹង​សមត្ថភាព​កងទ័ព​។ បើ​យើង​និយាយ​ពី​ការពង្រឹង​សមត្ថភាព​កងទ័ព​គឺ​ត្រូវ​និយាយ​ពី​ការហ្វឹកហ្វឺន ដែល​ពឹងផ្អែក​ ១ ​ផ្នែក​ធំ​ទៅលើ​ទីតាំង​ហ្វឹកហ្វឺន និង​ហេដ្ឋារចនាសម្ព័ន្ធ​បម្រើឱ្យ​ការហ្វឹកហ្វឺន​»​។

បើ​តាម​លោក​ ហ៊ុន ម៉ាណែត មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​នេះ​មិនមែន​សម្រាប់តែ​ការប្រកួត​កីឡាជាតិ និង​អន្តរជាតិ​ទេ ប៉ុន្ដែ​វា​នឹង​ក្លាយ​ទៅជា​ទីលាន​សម្រាប់​ការហ្វឹកហ្វឺន​ថ្នាក់ជាតិ ដែល​បម្រើ​ក្នុងការ​ហ្វឹកហ្វឺន​កងយោធពល​ខេមរភូមិន្ទ​។ ថ្ងៃក្រោយ​កន្លែង​នេះ អង្គភាព​ផ្សេងៗ មិន​ថា​កងរាជ​អាវុធហត្ថ​ទេ អង្គភាព​ថ្មើរជើង​របស់​កងទ័ព​ជើងគោក អង្គភាព​ទ័ពជើងទឹក ជើង​អាកាស អាច​ប្រើប្រាស់​ទីតាំង​ហ្វឹកហ្វឺន​នេះ​សម្រាប់​រៀន​នូវ​យុទ្ធវិធី​មួយចំនួន​បាន​។

មេទ័ព​រូបនេះ​បន្ថែមថា ការអភិវឌ្ឍ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​គឺជា​ការប្រមូលផ្ដុំ​ដ៏មាន​សារៈសំខាន់​ណាស់ ព្រោះ​កាលពីមុន​ទីតាំង​ហ្វឹកហ្វឺន គឺមាន​នៅតាម​អង្គភាព​នីមួយៗ​។ ប៉ុន្ដែ​ឥឡូវ​បានរៀបចំ​ជាទី​លាន​ហ្វឹកហ្វឺន​ថ្នាក់ជាតិ​។

លោក​ថា​៖ «​វា​ចំណេញ​ទី​១ ​គឺ​ការប្រមូល​ធនធាន​ទាំងអស់​នៅក្នុង​ការកសាង​ឱ្យ​ស្ដង់ដា​មួយ​ដែល​យើង​អាច​ប្រើប្រាស់​បាន​។ ទី​២ គឺ​ប្រមូលផ្ដុំ​នូវ​ធនធាន​មូលដ្ឋាន​សម្រាប់​ហ្វឹកហ្វឺន ទាំង​គ្រូ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ និង​គ្រឿង​បំពាក់ ដែល​ធនធាន​ប្រទេស​យើង​មិន​សម្បូរ​ដូច​ប្រទេស​មហាអំណាច​ដែល​អាច​បំពាក់​គ្រប់កន្លែង​ទេ​»​។

«​ដូច្នេះ​ការប្រមូលផ្ដុំ​នៃ​ការបំពាក់ និង​ការធានា​គឺជា​កិច្ចការ​សំខាន់​នៃ​ការធ្វើឱ្យ​ការងារ​ហ្វឹកហ្វឺន​សម្រាប់​ទូទាំង​កងទ័ព​របស់​យើង​បាន​ជោគជ័យ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​»​។ នេះ​ជាការ​បញ្ជាក់​របស់​លោក​ ហ៊ុន ម៉ាណែត​។

សម្រាប់​ការកសាង​លោក សៅ សុខា ក៏បាន​អរគុណ​ដល់​សប្បុរសជន​ចំពោះ​ការចូលរួម​ក្នុង​ការកសាង​មជ្ឈមណ្ឌល​នេះ​ឡើង​តាំងពី​ការចាប់ផ្ដើម​ទីតាំង​នេះ​នៅ​ជា​ព្រៃ​នៅឡើយ​។ ឥឡូវ​ប្រែ​ក្លាយ​ទៅ​ជា​កន្លែង​មួយ​ដែលមាន​ការចាប់អារម្មណ៍ និង​សម្រាប់​ផលប្រយោជន៍​យូរអង្វែង​របស់​ប្រទេស​កម្ពុជា​។

លោក​មាន​ប្រសាសន៍​ថា​៖ «​សម្រាប់​កងរាជអាវុធហត្ថ គឺមាន​មោទនភាព និង​សប្បាយ​រីករាយ ដោយសារ​ទទួល​បាន​ការជឿ​ទុកចិត្ដ​។ សារៈសំខាន់​នៃ​ការកសាង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន មិនមែន​សម្រាប់តែ​រយៈពេល​ចំពោះមុខ​នេះ​ទេ ប៉ុន្ដែ​គឺ​សម្រាប់​រយៈពេល​វែង ហើយ​និង​យុទ្ធសាស្ដ្រ​ដ៏យូរអង្វែង​សម្រាប់​ប្រទេស​កម្ពុជា​»​។

ក្នុង​ឱកាស​នោះ​លោក វង្សី វិស្សុត លើកឡើង​ដែរ​ថា អ្វីដែល​រដ្ឋ​បាន​ចំណាយ​មកលើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទីតាំង​ហ្វឹកហ្វឺន​នេះ​ពិតជា​ប្រកប​ដោយ​ការពេញចិត្ដ​មាន​ប្រសិទ្ធភាព​។ ការសាងសង់​ប្រព្រឹត្ត​ទៅ​តាម​ផែនការ​មាន​គុណភាព​ខ្ពស់ មាន​ស្ដង់ដា​ល្អ ដែល​ជា​ការរួមចំណែក​មួយ​ក្នុង​ការពង្រឹង​គុណភាព សមត្ថភាព​កងទ័ព ជាពិសេស​កងរាជអាវុធហត្ថ​។

លោក​ថ្លែងថា​៖ «​ថ្ងៃក្រោយ​ទៅ​ទីតាំង​នេះ គឺជា​កន្លែង​ហ្វឹកហ្វឺន​មួយ​ធំ​មាន​ស្ដង់ដា​ខ្ពស់​ដែល​អាច​ជួយ​ឱ្យ​កងទ័ព​របស់​យើង​កាន់​តែ​មាន​គុណភាព សមត្ថភាព​សម្រាប់​បំពេញបេសកកម្ម​ជូន​ជាតិ​។ ការពារ​អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី ការងារ​ការពារ​សន្តិ​សុខ​ផ្ទៃក្នុង​ជាតិ ឬ​ការងារ​ជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ពី​គ្រោះមហន្តរាយ​នានា​»​។

បើតាម​លោក វង្សី វិស្សុត ថវិការដ្ឋ​សម្រាប់​ចំណាយ​ក្នុង​ការកសាង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជំរាយ​សរុប​ប្រមាណ​ ១៣ ​លាន​ដុល្លារ​។ ក្រៅពីនេះ​នៅមាន​ថវិកា​ជំនួយ​ពី​ដៃគូ​អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ​ជាច្រើន​ថែមទៀត​ផងដែរ​។

លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ ពី​ម្សិលមិញ​ថា​តាម​គម្រោង​ការស្ថាបនា មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​នេះ ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​នេះ​ទាំងអស់​មិនអាច​កំណត់​ថាឱ្យ​ហើយ​ទាំងស្រុង​ទេ​។ ប៉ុន្ដែ​អ្វីដែល​សម្រាប់​ការហ្វឹកហ្វឺន​មាន​ដូចជា​អគារ​ពហុសិក្សា ថ្នាក់រៀន កន្លែង​ផលិត​ទឹកស្អាត និង​កន្លែង​ស្នាក់នៅ​របស់​នាយទាហាន គឺ​បាន​ធ្វើ​រួចរាល់​អស់ហើយ​។

លោក​បាន​ថ្លែងថា​៖ «​យើង​ចាប់ផ្ដើម​សិក្សាការ​ស្ថាបនា មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​នេះ​ដំបូង​នៅ​ឆ្នាំ​ ២០០៩ រហូតដល់​ឆ្នាំ​ ២០១៣ គឺ​យើង​ចាប់ផ្ដើម​សាងសង់​ឡើងជា​បន្តបន្ទាប់​តែម្ដង​។ ដូច្នេះ យើង​ធ្វើយ៉ាងណា​ឱ្យបាន​ចប់​រួចរាល់​នៅមុន​ដំណាច់​ឆ្នាំ​ ២០២៣»៕

វីដេអូ៖