មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា សហការ​ជាមួយ​ក្រសួង អប់រំ យុវជន​និង​កីឡា ប្រកាស​ចែក​សៀវភៅ​ជូន​ដល់​សារធាណជន​ដោយ​ឥត​គិត​ថ្លៃ ដែល​សៀវភៅ​នេះ និយាយ​ពីរបប​ប្រល័យ​ពូជ​សាសន៍ និង ការ​សម្លាប់​រង្គាល ក្នុង​គោល​បំណង​ដើម្បី​ឲ្យ​សាធារណជន ទទួល​បាន​ចំណេះ​ដឹង​អំពី​ការ​សម្លាប់​ដ៏​រង្គាល​នា​សម័យ​នោះ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ចេញ​ផ្សាយ​នៅ​ថ្ងៃសុក្រ ទី៨ វិច្ឆិកា​នេះ បាន​ឲ្យ​ដឹង​ថា សៀវភៅ​នេះ មាន​ចំណង់​ជើង «អំពើ​ប្រល័យ​ពូជសាសន៍ និង​ការ​សម្លាប់​រង្គាល ក្នុង​ប្រវត្តិសាស្ត្​រពិភព​លោក៖ ទិដ្ឋភាព​ទូទៅ​នៅ​ក្នុង​ថ្នាក់​រៀន​កម្ពុជា» ដែល​នឹង​ត្រូវ​ចែក​ជូន​ដោយ​ឥត​គិត​ថ្លៃ​នៅ​ថ្ងៃទី ២២ វិច្ឆិកា ចាប់​​ពី​ម៉ោង ៨ ព្រឹក នៅ​វិទ្យាល័យ ឥន្ទ្រទេវី ស្ថិត​ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នោះ បាន​បន្ត​ថា សៀវភៅ​នេះ ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ជួយ​សម្រួល​ដល់ លោកគ្រូ-អ្នកគ្រូ ក្នុង​ការ​រៀបចំ​គម្រោង​មេរៀន ដែល​លើក​ឡើង​អំពី​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​ប្រវត្តិសាស្ត្រ។ សៀវភៅ​ខាង​លើ​ក៏ រួម​បញ្ចូល​នូវ​ករណី​សិក្សា​ចំនួន ៥ នៅ​លើ​ពិភព​លោក ដែល​កើត​ឡើង​ស្រដៀង​គ្នា​នឹង​របប​ប្រល័យ​ពូជ​សាសន៍ និង​ការ​សម្លាប់​រង្គាល​នៅ​កម្ពុជា​ផងដែរ។

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​នោះ​ថា ថ្វីត្បិត​តែ​ករណី​សិក្សា​ទាំង ៥ មាន​វិធីសាស្ត្​រផ្សេងៗ​គ្នា​ក្នុង​ការ​ពន្យល់​បកស្រាយ​អំពី​ប្រវត្តិសាស្ត្រ​នៃ​អំពើ​ប្រល័យ​ពូជសាសន៍ ករណី​សិក្សា​ទាំង​នេះ​សុទ្ធ​សឹងតែ​ជំរុញ​ឲ្យ​មាន​ការ​ឆ្លុះ​បញ្ចាំង ការ​ប្រៀបធៀប និង​ការ​ពិភាក្សា​វែក​ញែក។

មជ្ឈមណ្ឌលឯកសារកម្ពុជា បាន​បញ្ជាក់​ថា​បន្ត​ថា៖ «ជំពូក​នីមួយៗ ចាប់​ផ្តើម​ឡើង​ដោយ មេរៀន​សង្ខេប ដែល​មាន​នាទី​ជា​បរិក្ខា​ជំនួយ​ដល់​លោកគ្រូ-អ្នកគ្រូ ដើម្បី​ជា​ឯកសារ​យោង​សម្រាប់​អំណាន សំណួរ-ចម្លើយ និង​ការ​ពិភាក្សា។ ជំពូក​នីមួយៗ ក៏​បាន​រួម​បញ្ចូល​ព័ត៌មាន​ស៊ីជម្រៅ គឺ “មេរៀនលម្អិត” ដែល​លោកគ្រូ-អ្នកគ្រូ អាច​សិក្សា​តាម​រយៈ​សំណួរ​និង​ប្រធាន​បទ​ផ្សេងៗ ដោយ​សកម្មភាព​នេះ​ទាមទារ​នូវ​ព័ត៌មាន​និង​ពេល​វេលា​ច្រើន​សម្រាប់​ធ្វើ​ការ​ពិភាក្សា»។

លោក ឆាំង យុ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ជឿ​ជាក់​ថា សៀវភៅ​នេះ​នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ប្រទេស​កម្ពុជា ក្នុង​ការ​វិវត្តខ្លួន​ចេញ​ពី​សង្គម​មួយ​ដែល​ត្រូវ​បាន​យាយី​ដោយ​ការ​សម្លាប់​រង្គាល ឲ្យ​ប្រែ​ទៅ​ជា​សង្គម​មួយ​ដែល​មាន​ភាព​អង់​អាច​ក្នុង​ការ​ត​ទល់​ជាមួយ​អតីត​កាល​របស់​ខ្លួន ព្រម​ទាំង​ធ្វើ​ជា​គំរូ​ដល់​ប្រទេស​ដទៃ​ទៀត​នា​ពេល​អនាគត។

លោក ឆាំង យុ បាន​លើក​ឡើង​ថា៖ «ប្រទេស​កម្ពុជា​មិន​អាច​គេចវេស​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ទេ ក៏​ប៉ុន្តែ​ប្រទេស​កម្ពុជា​មិន​ត្រូវ​ស្ថិត​នៅ​ជា​ទាសករ​នៃ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ឯង​នោះ​ឡើយ»។

របប​ខ្មែរ​ក្រហម​បាន​ផុត​រលត់​ទៅ​អស់​រយៈពេល ៤០ ឆ្នាំ​មក​ហើយ ចាប់​តាំង​ពី​ពេល​នៃ​ការ​ដួល​រលំ​នៃ​របប​នេះ តម្រូវ​ការ​ក្នុង​ការ​អប់រំ និង​ធនធាន​សម្រាប់​បង្រៀន​អំពី​ការ​សម្លាប់​រង្គាល​នានា គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ចំពោះ​សន្តិសុខ​សហគមន៍ជាតិ និង​សកល​លោក។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើក​ឡើង​នៅ​ក្នុង​អារម្ភកថា ក្នុង​សៀវភៅ​នោះថា «ថ្វីត្បិត​ការ​អប់រំ​ពុំ​អាច​ជា​ឱសថ​ព្យាបាល​រាល់​អំពើ​អម​នុស្សធម៌​ទាំងអស់​បាន​យ៉ាង​ណា​ក៏​ដោយ ក៏​ប៉ុន្តែ​ការ​អប់រំ​គឺជា​កត្តា​គន្លឹះ​ដ៏​សំខាន់​មួយ ដែល​ជំរុញ​ឲ្យ​មាន​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រួម ដើម្បី​កសាង​ពិភព​លោក​ដ៏​ប្រសើរ​មួយ​សម្រាប់​អនាគត​មនុស្ស​ជំនាន់​ក្រោយ»។

តាមមជ្ឈមណ្ឌល​ឯកសារ​កម្ពុជា សៀវភៅ "អំពើ​ប្រល័យ​ពូជសាសន៍ និង​ការ​សម្លាប់​រង្គាល ក្នុង​ប្រវត្តិសាស្ត្រ​ពិភព​លោក បោះពុម្ភ​ជា​ភាសាខ្មែរ និង​​ធ្វើ​ការ​ចែក​ជូន​ដល់​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ សាធារណជន​ទូទៅ​ប្រមាណ ៥០០ ក្បាល៕