
មណ្ឌលចត្តាឡីស័ករាជធានីបើកសម្ពោធពីម្សិលមិញ។ រូប រដ្ឋបាលរាជធានី
ភ្នំពេញៈ មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញដំបូងគេស្ថិតក្នុងខណ្ឌព្រែកព្នៅ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការពីម្សិលមិញ ដែលមណ្ឌលនេះមានចំនួន ៤ អគារ អាចដាក់មនុស្សបានរហូតជាង ៥០០ នាក់។ នេះបើតាមការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់នូវមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ លោក ឃួង ស្រេងមានប្រសាសន៍ថា សាលារាជធានីភ្នំពេញបានសហការជាមួយក្រសួងសុខាភិបាល ដើម្បីរៀបចំនូវមណ្ឌលចត្តាឡីស័កមួយឱ្យបានគត់មត់ដោយសារកន្លងមកមានការរៀបចំមណ្ឌលចត្តាឡីស័កនៅតាមសាលារៀន អង្គភាពយោធា និងតាមសណ្ឋាគារ។
លោកថ្លែងថា៖ «អ្នកដែលធ្វើដំណើរតាមជើងហោះហើរមកពីបរទេស ចូលមកក្នុងប្រទេសកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះមានជម្រើស ២ គឺគាត់អាចចំណាយថវិកាផ្ទាល់ខ្លួនធ្វើចត្តាឡីស័កនៅតាមសណ្ឋាគារ ឬផ្ទះសំណាក់។ ចំណែកអ្នកដែលមិនសូវមានថវិកា ឬចង់ធ្វើចត្តាឡីស័កដោយមិនបាច់ចំណាយថវិកា គឺពួកគាត់ (ទាំងខ្មែរ និងបរទេស) អាចមកស្នាក់នៅក្នុងមណ្ឌលនេះបាន»។
លោក ឃួង ស្រេង បញ្ជាក់ថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាមកក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញឱ្យរៀបចំឱ្យបានឆាប់នូវមណ្ឌលចត្តាឡីស័កដោយសារនៅថ្ងៃទី ១១ ខែមករា ក្រសួងអប់រំ យុវជន និងកីឡានឹងបើកបវេសនកាល ដែលសិស្សានុសិស្សត្រូវការសាលាដើម្បីចាប់ផ្តើមឆ្នាំសិក្សាថ្មី។
បើតាមលោកអភិបាលរាជធានី អគារ ១ អាចដាក់មនុស្សឱ្យធ្វើចត្តាឡីស័កបានចំនួន ១២៦ នាក់ ក្នុងនោះមានការរៀបចំនូវគ្រែ និងជាបន្ទប់តូចៗទៅតាមលក្ខណៈបច្ចេកទេស និងវិធានរបស់ក្រសួងសុខាភិបាល។ លោកថា៖ «នៅទីនេះមានបរិយាកាស និងខ្យល់អាកាសល្អ សម្រាប់អ្នកធ្វើចត្តាឡីស័កដោយអគារនេះនៅដាច់ឆ្ងាយពីលំនៅឋានប្រជាពលរដ្ឋ»។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលអំពាវនាវដល់ពលរដ្ឋទាំងអស់សុំឱ្យយកចិត្តទុកដាក់ខ្ពស់លើសុខភាពរបស់ខ្លួន។ ជាពិសេសគឺត្រូវចេះរស់នៅធម្មតា តាមបែបគន្លងថ្មីមានការផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន ដើម្បីចូលរួមការពារកុំឱ្យមានការចម្លងនូវជំងឺឆ្លងផ្សេងៗហើយបញ្ហាកូវីដ ១៩ បន្តមាននៅឡើយ។
លោកស្រីថ្លែងថា៖ «សាររបស់ប្រមុខរាជរដ្ឋាភិបាល គឺនៅតែជាសារមួយដ៏មានសារៈសំខាន់បំផុតក្នុងការយកទៅអនុវត្តឱ្យបានខ្ជាប់ខ្ជួន គឺការអនុវត្តនូវវិធានការ ៣ ការពារ ៣ កុំ និងការរស់នៅតាមបែបគន្លងថ្មី»។
តាមក្រសួងព័ត៌មាននៅថ្ងៃទី ៦ ខែមករា គឺ មន្ត្រីមន្ទីរសុខាភិបាលខេត្តបាត់ដំបងឱ្យដឹងថា ពលរដ្ឋខ្មែរធ្វើការនៅប្រទេសថៃ គិតត្រឹមថ្ងៃទី ៤ មករា មានចំនួន ១០៦ នាក់ រកឃើញមានឆ្លងជំងឺកូវីដ ១៩។ ពួកគាត់កំពុងត្រូវបានព្យាបាលពីមន្ត្រីសុខាភិបាលថៃ។
ប៉ុន្តែលោក អ៊ុក វិទ្យា អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងប្រាប់ពីម្សិលមិញថា ដំណឹងនេះមិនទាន់ច្បាស់នៅឡើយទេ ហើយលោកក៏មិនទាន់អាចបកស្រាយយ៉ាងណានៅឡើយដែរ។ ប៉ុន្តែលោកនឹងស្វែងរកព័ត៌មាននេះបន្ថែមទៀតឱ្យបានច្បាស់។
លោកថា៖ «នៅថ្ងៃស្អែកនេះ យើងនឹងមានកិច្ចប្រជុំ អ៊ីចឹងខ្ញុំនឹងធ្វើការសាកសួរពីបញ្ហានេះឱ្យបានច្បាស់ ហើយខ្ញុំនឹងធ្វើការផ្តល់ព័ត៌មានបន្ថែមទៀតតាមក្រោយ»។
អ្នកនាំពាក្យសាលាខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធី ប្រាប់ថា គិតត្រឹមថ្ងៃទី ៥ មករា មានពលករខ្មែរ ១២០ នាក់ បានអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះ បន្ទាប់ពីការធ្វើតេស្តលើកទី ២ មិនមានវិជ្ជមានកូវីដ ១៩ អំឡុងពេលធ្វើចត្តាឡីស័ក ១៤ ថ្ងៃ។ លោកថាពលករដែលកំពុងធ្វើចត្តាឡីស័កមាន ១ ៣៦៩ នាក់ ក្នុងមណ្ឌលធ្វើចត្តាឡីស័កចំនួន ១០ ទូទាំងខេត្តបាត់ដំបង។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសមិនអាចទាក់ទងបានទេ ពីម្សិលមិញ។
នៅថ្ងៃទី ៥ មករា បុរសជនជាតិខ្មែរអាយុ ២៨ ឆ្នាំ ស្នាក់នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃមកដល់កម្ពុជានៅថ្ងៃទី ២ មករា មានតេស្តវិជ្ជមានកូវីដ ១៩ និងបានកំពុងដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
គិតត្រឹមថ្ងៃម្សិលមិញ កម្ពុជាមានអ្នកជំងឺកូវីដ ១៩ ចំនួន ៣៨៣ នាក់ ក្នុងនោះអ្នកជាសះស្បើយ ៣៦២ នាក់ និងអ្នកកំពុងសម្រាកព្យាបាល ២១ នាក់៕