កណ្តាលៈ មណ្ឌលថែទាំនិងស្ដារនីតិសម្បទា ជនមានវិបល្លាសស្មារតី ឬសតិមិនប្រក្រតី ដំបូងគេនៅកម្ពុជា នឹងចាប់ផ្ដើមដំណើរការក្នុងខែមិថុនានេះ ដោយគម្រោងជំហានដំបូងនឹងទទួលជនរងគ្រោះដែលមានស្មារតីមិនប្រក្រតីប្រមាណ ៦០ នាក់ ពីមណ្ឌលព្រៃស្ពឺ មកស្នាក់នៅ និងទទួលសេវាថែទាំដោយមិនគិតកម្រៃ។
នេះបើតាមការបញ្ជាក់ របស់លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ពេលចុះពិនិត្យស្ថានភាពសាងសង់មណ្ឌលថែទាំ និងស្ដារនីតិសម្បទាជនមានវិបល្លាសស្មារតី នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីថ្ងៃពុធម្សិលមិញ។
លោក វង សូត ថ្លែងថា៖ «ទីតាំងមណ្ឌលថែទាំ និងស្ដារនីតិសម្បទាជនមានវិបល្លាសស្មារតីនេះ បានសាងសង់ឡើងលើផ្ទៃដីជាង ២ ហិកតា ដោយមានហេដ្ឋារចនាសម្ព័ន្ធ សំណង់ អគារ បានសាងសង់ជិត ១០០ ភាគរយហើយ ដោយរង់ចាំក្រសួងសេដ្ឋកិច្ចដែលជាអ្នកផ្ដល់ថវិកាចុះវាយតម្លៃការសាងសង់ចុងក្រោយ ។ ក្នុងខែនេះនឹងបើកឱ្យដំណើរការ»។
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ដែរថា ការចាប់ផ្ដើមដំណើរការជំហានដំបូងនេះ នឹងមានការផ្ទេរជនមានស្មារតីមិនប្រក្រតី ប្រមាណ ៦០ នាក់ មកពីមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ) មកទីតាំងថ្មីនេះ។
លោកបន្ដថា៖ «ការដាក់ដំណើរការមណ្ឌលថែទាំ និងស្ដារនិតិសម្បទាជនមានវិបល្លាសស្មារតីនេះ នឹងមានការបែងចែកច្បាស់លាស់ទៅតាមប្រភេទជនរងគ្រោះ ដោយជនរងគ្រោះជាស្រ្តី ជនរងគ្រោះជាបុរស និង ជនមានស្មារតីមិនប្រក្រតីធ្ងន់ធ្ងរឲ្យនៅដាច់ដោយឡែកពីគ្នា និងទាមទារឱ្យមានមន្រ្តី និងបុគ្គលិកប្រចាំការ ២៤ ម៉ោង ដើម្បីថែទាំនិងផ្ដល់សេវាកម្មផ្សេងៗ»។
លោក សុបញ្ញា ឱ្យដឹងថា មណ្ឌលនេះ ពុំមែនជាទីឃុំឃាំងនោះទេ ប៉ុន្ដែមណ្ឌលនេះ មានលក្ខណៈជាប្រព័ន្ធប្រៀបបាន ទៅនឹងផ្ទះ ដោយមានកន្លែងស្នាក់នៅ កន្លែងព្យាបាល កន្លែងបរិភោគអាហារ កន្លែងហាត់ប្រាណជាដើម។ ជាពិសេស ជនរងគ្រោះ នឹងទទួលបានភាពធូរស្រាល មានស្មារតី ជាប្រក្រតីធម្មតាវិញ និងធ្វើសមាហរណកម្ម ទៅកាន់សហគមន៍វិញ ដោយក្រសួងនឹងបន្តការតាមដានស្ថានភាពរបស់ពួកគេ។
លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រាប់ភ្នំពេញប៉ុស្តិ៍ ម្សិលមិញថា នៅសប្ដាហ៍ក្រោយនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចុះទៅពិនិត្យអគារ និងសំណង់។ ក្រោយពិនិត្យមើលហើយ នឹងធ្វើពិធីសម្ពោធទើបអាចយកជនរងគ្រោះចូលនៅបាន។
លោកបន្ដថា៖ «មិនយូរទេ គឺនឹងចាប់ផ្តើមដំណើរការ មិនឱ្យហួសខែមិថុនានេះទេ នេះជាផែនការដែលរដ្ឋមន្រ្ដីបានដាក់»។
ទាក់ទងនឹងចំនួនជនរងគ្រោះដែលមានស្មារតីមិនប្រក្រតីសរុបទូទាំងប្រទេស លោក ចាន់នី មិនទាន់អាចប្រាប់បានទេ ប៉ុន្ដែលោកបញ្ជាក់ថា នៅដំណាក់កាលដំបូង ក្រសួងនឹងយកជនរងគ្រោះ ដែលមានស្មារតីមិនប្រក្រតី ប្រមាណ ៦០ នាក់ ពីមណ្ឌលព្រៃស្ពឺមកស្នាក់នៅ និងទទួលសេវាថែទាំសិន។ បើជំហានដំបូងនេះ ជោគជ័យនឹងបន្ដទទួលជនរងគ្រោះពីតាមបណ្ដាខេត្ដថែមទៀត។
លោកបន្តថា៖ «ពេលយើងដាក់ដំណើរការបានដែលអាចគិតថា មានស្ថានភាពល្អ យើងនឹងទទួលយកជនរងគ្រោះពីតាមខេត្ដមកថែទាំបន្ថែមទៀត។ ការទទួលយកជនរងគ្រោះមកថែទាំនេះ គឺមិនបានគិតកម្រៃអ្វីពីពួកគាត់ទេ នេះជាគម្រោងរបស់រាជរដ្ឋាភិបាល»។
លោក ចាន់នី បានឱ្យដឹងដែរថា ក្រោយពេលយកក្រុមជនរងគ្រោះវិបល្លាសស្មារតីចេញនោះ គឺមណ្ឌលព្រៃស្ពឺ នឹងស្ថិតនៅជាកន្លែងសម្រាប់ជនអនាថាគ្មានកន្លែងស្នាក់នៅរស់នៅដដែល។
លោកបញ្ជាក់ថា៖ «ព្រៃស្ពឺនៅតែជាកន្លែងសំចតដដែលទេ ព្រោះមណ្ឌលព្រៃស្ពឺសព្វថ្ងៃមិនមែនជាកន្លែងសម្រាប់ឱ្យតែជនមានវិបល្លាសស្នាក់នៅទេ។ ប៉ុន្ដែសព្វថ្ងៃ ជនអនាថា អ្នកដែលគ្មានទីពឹង អ្នកដែលត្រាច់ចរគ្មានលំនៅ ពួកគាត់ក៏ស្នាក់នៅទីនោះដែរ។ អ៊ីចឹងយើងដកតែជនរងគ្រោះដែលមានវិបល្លាសចេញប៉ុណ្ណោះ ចំណែកមណ្ឌលព្រៃស្ពឺនៅដំណើការដដែល»។
លោក អំ សំអាត ប្រធានគ្រប់គ្រងផ្នែកស៊ើបអង្កេត នៃអង្គការសិទ្ធិមនុស្ស (LICADHO) លើកឡើងថា ទោះបីមិនទាន់ដឹងថាកន្លែងថ្មីសម្រាប់ទទួលថែទាំជនរងគ្រោះ ដោយមានវិបល្លាសនេះយ៉ាងណា ប៉ុន្ដែបើមានកន្លែងថ្មី សម្រាប់ទទួលពួកគាត់ ដោយមានបែងចែកដាច់ដោយឡែកបែបនេះ គឺជារឿងល្អដល់ជនរងគ្រោះហើយ។
លោកបន្ដថា៖ «ប៉ុន្ដែទាក់ទងនឹងអ្នកដែលមានវិបល្លាសស្មារតីនេះ គឺត្រូវតែទាមទារឱ្យមានកន្លែងសម្រាប់ពួកគាត់មានលក្ខណៈល្អប្រសើរ។ អាចជួយសម្រួលដល់ការរស់នៅរបស់ពួកគាត់ មានរបបអាហារ អ្នកថែទាំ និងសេវាព្យាបាលគ្រប់គ្រាន់ដល់ពួកគាត់ ទើបជាការល្អប្រសើរ ។ បើមានការខ្វះខាតចំណុចទាំងនេះ បញ្ហានៅតែអាចកើតមានដល់ពួកគាត់»។
លោក សំអាត មើលឃើញថា ប្រទេសកម្ពុជាកន្លងមកមិនទាន់មានកន្លែងថែទាំជនដែលមាន វិបល្លាស នៅឡើយទេ ដោយមានតែមណ្ឌលព្រៃស្ពឺមួយ ដែលជាកន្លែងមិនស័ក្តិសមដល់ជនរងគ្រោះដោយវិបល្លាសស្នាក់នៅ និងរងការរិះគន់ជាបន្ដបន្ទាប់ផងដែរ។ ដូច្នេះមណ្ឌលថ្មីនេះ លោកទាមទារឱ្យមានការរៀបចំបានល្អប្រសើរសម្រាប់ជនរងគ្រោះ៕