ត្បូងឃ្មុំៈ រដ្ឋបាល​ខេត្ដ​ត្បូងឃ្មុំ​គ្រោង​នឹង​សាងសង់ មណ្ឌល​ថែទាំ​មនុស្ស​ចាស់ មណ្ឌល​ស្តារនីតិសម្បទា និង​មណ្ឌល​ភូមិ​កុមារ​លើ​ផ្ទៃដី​ដែល​បាន​ត្រៀម​ទុក​ទំហំ​ ២៧ ៣៨០ ​ម៉ែត្រការ៉េ​ក្នុង​ឆ្នាំ​ ២០២១ នៅពេល​ផុត​ជំងឺ​កូវីដ​១៩ ដើម្បី​បម្រើ​សុខុមាលភាព​សង្គម​ដល់​ប្រជាពលរដ្ឋ​។ នេះ​បើតាម​លោក​អភិបាលខេត្ត​។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ «​វឌ្ឍនភាព​ និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ​» រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កាលពី​ថ្ងៃទី​ ២៥ ​មិថុនា​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី លោក​ ជាម ច័ន្ទសោភ័ណ អភិបាល​ខេត្ត​ត្បូងឃ្មុំ​ថ្លែង​ថា ខេត្ដ​ត្បូងឃ្មុំ​នឹង​រៀបចំ​មណ្ឌល​ថែទាំ​មនុស្ស​ចាស់ មណ្ឌល​ស្តារនីតិសម្បទា និង​មណ្ឌល​ភូមិកុមារ (SOS) ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ដើម្បី​បម្រើ​ឱ្យ​សុខុមាលភាព​សង្គម​លើ​ផ្ទៃដី​ទំហំ​ ២៧ ៣៨០ ម៉ែត្រការ៉េ​។

បើ​តាម​លោក​អភិបាលខេត្ត​គឺ​លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ជា​អ្នក​ដែល​បាន​រៀបចំ​ទីតាំង​ឲ្យ​មាន​ការសាងសង់​មណ្ឌល​ទាំងនេះ​។ លោក​ក៏​បាន​សម្តែង​នូវ​អំណរគុណ​ដល់​លោក​ វង សូត​។

លោក​ ជាម ច័ន្ទសោភ័ណ ថ្លែងថា​៖ «​យើង​មាន​ទីតាំង​រួចហើយ ប៉ុន្ដែ​ចំពោះ​សំណង់​អគារ​មិនទាន់​បាន​សាងសង់​នៅឡើយ​ទេ​។ ប៉ុន្ដែ​មិន​យូរ​ទេ ឯកឧត្ដម វង សូត នឹង​សាងសង់​អគារ​នេះ​នៅក្នុង​ខេត្ដ​ត្បូងឃ្មុំ​របស់​យើង​។ នេះ​ក៏​ជា​សមិទ្ធផល​ដ៏ធំ​មួយទៀត​សម្រាប់​ខេត្ដ​ត្បូងឃ្មុំ​របស់​យើង​ផងដែរ​»​។

បើតាម​លោក​អភិបាលខេត្ដ ជនពិការ​ក្រីក្រ​ក្នុង​សហគមន៍​ក្នុង​ខេត្ដ​ត្បូងឃ្មុំ ត្រូវ​បាន​យក​ចិត្ត​ទុកដាក់​ពី​រដ្ឋាភិបាល​ និង​លើកកម្ពស់​ផ្នែក​ជីវភាព​ជូន​ជនពិការ​ក្រីក្រ​ក្នុង​សហគមន៍​បាន​ចំនួន​ ២០០៩ ​នាក់​ នៅ​ស្រុក​ពញាក្រែក និង​ស្រុក​មេមត់​។ ចំណែក​ស្រី្ត​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​ ២ ​ឆ្នាំ​ក្នុង​គ្រួសារ​ក្រីក្រ ដែល​ទទួល​ការឧបត្ថម្ភ​ពី​កម្មវិធី​ឧបត្ថម្ភ សាច់ប្រាក់​ជូន​ស្រី្ត​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​ ២ ​ឆ្នាំ​ចាប់ពី​ថ្ងៃទី​ ១ កុម្ភៈ ឆ្នាំ​ ២០២០ ដល់​ថ្ងៃ​ទី​ ២២ មិថុនា ឆ្នាំ​ ២០២០ សរុប​ចំនួន​ ១ ៥៨៥ ​នាក់​ចំណាយ​ថវិកា​ប្រមាណ​ ៥២៧ ​លាន​រៀល​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខេត្ដ​ត្បូងឃ្មុំ​ក្នុង​សន្និសីទ​សារព័ត៌មាន​ខាងលើ ឱ្យដឹងថា ខេត្ដ​នេះ​មាន​ក្រុង​ ១ និង​ស្រុក​ ៦​។ ឃុំ-សង្កាត់​ចំនួន​ ៦៤ និង​ភូមិ​ចំនួន​ ៨៧៣ ​ភូមិ ប្រជាពលរដ្ឋ​សរុប​ចំនួន​ ១៩៦ ០៦៥ ​គ្រួសារ​។

លោក​ អ៊ុន លំអង ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បញ្ជាក់​ពី​ម្សិលមិញ​ថា​បច្ចុប្បន្ន​ទីតាំង​សាងសង់​មណ្ឌល​ថែទាំ​មនុស្ស​ចាស់ មណ្ឌល ស្តារនីតិសម្បទា គឺ​ទើបតែ​ធ្វើ​របង​ប៉ុណ្ណោះ​។ ចំពោះ​ការសាងសង់​អគារ​អាច​នឹង​ពន្យារពេល​ដល់​ឆ្នាំ​ ២០២១ ​ឬ​រហូតដល់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​ មាន​ភាពស្ងប់ស្ងាត់​ទៅវិញ​។

លោក​ថ្លែងថា​៖ «​យើង​ផ្អាក​ការសាងសង់​អគារ មណ្ឌល​ថែទាំ​មនុស្ស​ចាស់​សិន ពីព្រោះ​បញ្ហា​ជំងឺ​កូវីដ​១៩​។ មណ្ឌល​នេះ យើង​សាងសង់​ឡើង​ដើម្បី​ថែទាំ​ដល់​មនុស្ស​ចាស់​ដែល​ពួកគាត់​មាន​ជីវភាព​ខ្វះខាត និង​ទីទាល់ក្រ ដោយ​ពួកគាត់​អាច​ចូល​មក​ស្នាក់​នៅក្នុង​មណ្ឌល​នេះ​បាន​»​។

លោក​ លំអង ឱ្យដឹងថា មនុស្ស​ចាស់​សរុប​ដែល​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​សមាគម​មនុស្ស​ចាស់​នៅ​ទូទាំង​ ៦៤ ​ឃុំ-សង្កាត់ និង​ ៨៧៣ ​ភូមិ​មាន​ជាង​ ១ ​ម៉ឺន​នាក់​។

លោក​ តូច ​ចាន់នី អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​ថ្លែង​ពី​ម្សិលមិញ​ដែរ​ថា ជាទូទៅ​ក្រសួង​សង្គមកិច្ច​មាន​ទីតាំង​ដី សម្រាប់​ទុកឱ្យ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ក្នុង​វិស័យ​សង្គមកិច្ច​តាម​បណ្ដា​ខេត្ដ​នានា​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​ក្រសួង​កំពុង​បន្ត​សាងសង់​មណ្ឌល​បណ្ដុះបណ្ដាល​អ្នក​ថែទាំ​មនុស្ស​ចាស់​មាន​ទីតាំង​នៅ​រាជធានី​ភ្នំពេញ​។ ចំពោះ​មណ្ឌល​ថែទាំ​មនុស្ស​ចាស់​គឺជា​គម្រោង​ដែល​បាន​ស្នើឡើង​ដោយ​រដ្ឋបាល​ខេត្ដ​មក​កាន់​ក្រសួង​។ ប៉ុន្ដែ​បច្ចុប្បន្ន​ក្រសួង​មិនមាន​គម្រោង​ធ្វើ​មជ្ឈមណ្ឌល​នេះ​នៅ​គ្រប់​រាជធានី​ខេត្ដ​នៅឡើយ​ទេ​»៕