ភ្នំពេញ៖ គ្រប់​មណ្ឌល​ស្ដានីតិសម្បទា និង​បន្សាប​គ្រឿងញៀន​ទាំងអស់​នឹង​ត្រូវ​បើក​ផ្តល់​សេវា​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​ឡើងវិញ ក្រោយពី​បិទ​បញ្ចប់​ព្រឹត្តិការណ៍​ ២០ ​កុម្ភៈ​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​១៩ ដែល​មិនទាន់​អាច​ដឹងថា​នឹងត្រូវ​បញ្ចប់​នៅពេលណា​។

លោក​ លឹម តុងហួត ប្រធាន​នាយកដ្ឋាន​នីតិកម្ម អប់រំ និង​ស្តារនីតិសម្បទា​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ ថ្ងៃទី​ ០៥ ខែឧសភា​ថា ចាប់តាំងពី​មាន​ព្រឹត្តិការណ៍​ ២០ ​កុម្ភៈ នៃ​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​មក គ្រប់​មណ្ឌល​ស្ដារនីតិសម្បទា និង បន្សាប​គ្រឿងញៀន​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​បិទ​ខ្ទប់ មិន​ទទួល អ្នកញៀន និង អ្នកប្រើប្រាស់​គ្រឿងញៀន ថ្មី​នោះទេ​។

ចំណែក​ក្រុមគ្រួសារ​សាច់ញាតិ​អ្នក​ដែល​ត្រូវបាន​បញ្ជូន​ទៅកាន់​មណ្ឌល​ទាំងនោះ ក៏​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូលជួប​សួរសុខទុក្ខ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ការបិទ​ខ្ទប់​មិន​ទទួល​អតិថិជន​ថ្មី និង​មិន​អនុញ្ញាត​ឲ្យ​មាន​ការចូលជួប​សួរសុខទុក្ខ​នេះ គឺ​ដើម្បី​បង្ការ​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ ដល់​អ្នក​ដែល​កំពុង​ទទួល​នូវ​សេវា​បន្សាប​គ្រឿងញៀន នៅក្នុង​មណ្ឌល​ស្ដារនីតិសម្បទា និង​បន្សាប​គ្រឿងញៀន​ទាំងអស់​របស់​យើង​»​។

លោក​បាន​បន្តថា​៖ «​នៅពេល​ប្រមុខ​រដ្ឋាភិបាល បិទ​បញ្ចប់​នូវ​ព្រឹត្តិការណ៍​ ២០ ​កុម្ភៈ​ដ៏គ្រោះថ្នាក់​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩ នេះ គ្រប់​មណ្ឌល​ទាំងអស់​នឹងត្រូវ​បើក​ឲ្យ​ទទួល​អតិថិជន​ថ្មី និង ការជួប​សួរសុខទុក្ខ​សាច់ញាតិ​ឡើងវិញ​»​។

ក្រុមគ្រួសារ​បាន​សម្ដែង​ក្ដីបារម្ភ​អំពី​ការហូបចុក​របស់​កូន​ និង​សមាជិកគ្រួសារ​ពួកគាត់ ដែល​កំពុង​ស្នាក់នៅ​ក្នុង​មណ្ឌល​បន្សាប​គ្រឿងញៀន​ទាំងនោះ​។

អ្នកស្រី គៀត ថា អាយុ​ ៥៦ ​ឆ្នាំ​មាន​ទីលំនៅ​ក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ដោយសារ​មិនអាច​ទ្រាំ​មើល​កូនប្រុស​របស់​គាត់​ម្នាក់ ញៀន​គ្រឿងញៀន​ខ្លាំងពេក គាត់​បាន​សម្រេច​ចិត្ត ស្នើសុំ​មន្ត្រី​នគរបាល​ក្នុង​មូលដ្ឋាន ជួយ​អន្តរាគមន៍​ចាប់បញ្ជូន​កូនប្រុស ម្នាក់ ទៅកាន់​មណ្ឌល​ឱកាស​ខ្ញុំ ដើម្បី​ជួយ​អប់រំ និង បន្សាប​គ្រឿងញៀន​។

មកទល់​ពេលនេះ កូនប្រុស​អ្នកស្រី​បាន​ស្នាក់​នៅក្នុង​មណ្ឌល​នោះ​អស់​រយៈពេល​ជិត​ ៣ ​ខែ​ហើយ​។

កន្លងមក ខាង​មណ្ឌល​បានអនុញ្ញាត​ឲ្យ​អ្នកស្រី​បាន​ជួប​សួរសុខទុក្ខ​កូន បាន​ម្ដង​ទៅ​ ២ ​ដង​ក្នុង​មួយខែ ប៉ុន្តែ​ក្រោយ​ព្រឹត្តិការណ៍​ ២០ ​កុម្ភៈ ដែល​មាន​ឆ្លង​រីករាលដាល​ជំងឺ​កូវីដ​១៩​ជា​សហគមន៍​មក ខាង​មណ្ឌល​បាន​បិទ​មិន​ឲ្យ​អ្នកស្រី ចូលទៅ​ជួប​សួរសុខទុក្ខ​ទៀត​ទេ ព្រោះ​គេ​បារម្ភ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ​ពី​សាច់ញាតិ ដែល​ទៅសួរសុខទុក្ខ​។

អ្នកស្រី​បាន​បន្តថា​៖ «​មិនដឹងថា​ពេលនេះ កូនប្រុស​របស់ខ្ញុំ​មាន​អាហារ​ហូបចុក​គ្រប់គ្រាន់ ឬ​យ៉ាងណា នោះទេ ព្រោះ​ខ្ញុំ​ឥឡូវ​ក៏​ជួប​បញ្ហា​ខ្វះខាត​ក្នុង​ជីវភាព​ដែរ មិនបាន​ផ្ញើ​អ្វី​ទៅ​ឲ្យ​កូន​ខ្ញុំ​ដូច​មុន​នោះទេ​។ ខ្ញុំ​សង្ឃឹមថា កូនប្រុស​ខ្ញុំ​ម្នាក់​ហ្នឹង នឹង​ក្លាយជា​កូន​ល្អ ពលរដ្ឋ​ល្អ ដោយ​វៀរចាក​ពី​គ្រឿងញៀន ក្រោយពី​ត្រឡប់​ចេញពី​មណ្ឌល​នេះ​»​។

អ្នកស្រី ចាន់ ដានី នាយិការ​មណ្ឌល​ឱកាស​ខ្ញុំ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មកទល់​ពេល​នេះ មណ្ឌល​មាន​របប​អាហារ​គ្រប់គ្រាន់ សម្រាប់​ផ្ដល់ជូន​អ្នក​ដែល​កំពុងស្នាក់នៅ​ ដើម្បី​ទទួល​សេវា​ស្ដារនីតិសម្បទា និង​បន្សាប​គ្រឿងញៀន​ទាំងអស់​នៅក្នុង​មណ្ឌល​នេះ មិន​ឲ្យ​មាន​ខ្វះខាត​នោះទេ​។

អ្នកស្រី​ថ្លែងថា​៖ «​នៅទីនេះ​យើង​មាន​របប​អាហារ​ ៣ ​ពេល​សម្រាប់​ពួកគាត់ ថ្វីដ្បិតតែ​វា​មិនបាន​ឆ្ងាញ់​រាល់ថ្ងៃ ប៉ុន្តែ​ក៏​សមរម្យ​ដែរ មិន​ខ្វះខាត​នោះទេ​។ សូម​អាណាព្យាបាល​ទាំងអស់​កុំ​បារម្ភ​អំពី​រឿងនេះ​»​។

បើតាម​អ្នកស្រី​ ដានី ដោយសារ​តែ​មណ្ឌល​ឱកាស​ខ្ញុំ​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​រាជធានី ភ្នំពេញ និង មន្ទីរ​សង្គមកិច្ច​រាជ​ធានី​ភ្នំពេញ ដូចនេះ​គ្រប់ការ​ចំណាយ​ទាំងអស់ នៅក្នុង​មណ្ឌល​ដែល​រាប់បញ្ចូល​ទាំង​របប​អាហារ ថ្នាំ​ព្យាបាល និង​ថ្នាំបន្សាប​គ្រឿងញៀន សម្រាប់​អ្នក​ដែល​មក​ទទួល​សេវ៉ា កាត់ផ្ដាច់​គឿង​ញៀន​នៅទីនេះ រួមទាំង​សម្ភារៈប្រើប្រាស់​នៅក្នុង​មណ្ឌល សម្រាប់​បណ្ដុះបណ្ដាល​ស្ដារនីតិសម្បទា​ក៏ដូចជា​ថ្លៃ​ទឹក​ភ្លើង គឺជា​បន្ទុក​របស់​រដ្ឋ​។

ថ្មីៗ​នេះ​ខាង​មណ្ឌល​ក៏​ទទួលបាន​ការឧបត្ថម្ភ​ជា អង្ករ គ្រឿង​បរិភោគ​ឧបភោគ និង​ម៉ាស់​ការពារ​ការឆ្លង​ជំងឺ​កូវីដ​១៩ និង​អាល់កុល​ជាច្រើន​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ផងដែរ​។

ប៉ុន្តែ​សម្រាប់​មណ្ឌល​ស្ដារនីតិសម្បទា ព្យាបាល​អ្នកញៀន​គ្រឿងញៀន ឌីធីអេ ដែលជា​មណ្ឌល​ឯកជន​ដ៏ធំ​មួយ​មាន​ទីតាំង​ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ការចំណាយ​ទាំងអស់ គឺ​អាស្រ័យ​លើ​ការជួយឧបត្ថម្ភ​គាំទ្រ​ពី​អាណាព្យាបាល​របស់​ជន​ដែល​ត្រូវបាន​បញ្ជូន​ទៅ​អប់រំ ព្យាបាល បន្សាប​គ្រឿងញៀន​។ ដូច្នេះ ធ្វើឲ្យ​ជួប​ការលំបាក​ខ្លះ​ខាង​ផ្នែក​ហិរញ្ញវត្ថុ ក្នុង​អំឡុងពេល​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ ក្នុង​ព្រឹត្តិការណ៍​ ២០ ​កុម្ភៈ​។

លោក ហង្ស ប្រសើរ នាយក​ចាត់ការ​ទូទៅ​នៃ​មណ្ឌល​ស្ដារនីតិសម្បទា ព្យាបាល​អ្នកញៀន​គ្រឿងញៀន ឌីធីអេ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅពេលនេះ អ្នក​ដែល​កំពុងស្នាក់នៅ​ ដើម្បី​ទទួលយក​សេវា​ព្យាបាល និង​បន្សាប​គ្រឿងញៀន​ក្នុង​មណ្ឌល​របស់​លោក​មាន​ជាង​ ៣០០ ​នាក់ ។

ប៉ុន្តែ​អាណាព្យាបាល​របស់​ពួកគេ​មួយចំនួន​បានស្នើ​សុំ​ពន្យារពេល​ការបង់ថ្លៃ​សេវា​មក​ខាង​មណ្ឌល​របស់​លោក​ជា​បណ្ដោះ​អាសន្ន ដោយសារ​មាន​បញ្ហា​ក្នុង​ជីវភាព ក្រោយពី​រដ្ឋាភិបាល​បានប្រកាស​បិទ​ខ្ទប់ រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ដើម្បី​បង្ការ​ទប់ស្កាត់ ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​។

លោក​ប្រសើរ​បាន​ថ្លែងថា​៖ «​ជាការ​ពិត​យើង​មាន​បញ្ហា​ខ្លះ​ផ្នែក​ហិរញ្ញវត្ថុ ដោយសារ​អាណាព្យាបាល​ខ្លះ​ស្នើសុំ​ពន្យារ​ការបង់ថ្លៃ​សេវា ប៉ុន្តែ​យើង​នៅតែ​រក្សា​ការផ្ដល់​អាហារ​ ៣ ​ពេល ក្នុង​មួយថ្ងៃ​ដល់​កូនៗ និង សាច់ញាតិ​របស់​ពួកគាត់ ដែល​កំពុងស្នាក់នៅ​ព្យាបាល និង បន្សាប​គ្រឿងញៀន នៅទីនេះ​មិន​ឲ្យ​ខ្វះខាត​នោះទេ​»​។

បើតាម​លោក​ ប្រសើរ​ ក្នុង​អំឡុង​ពេលនេះ ថ្វីដ្បិតតែ​មានការ​ហាមឃាត់​សាច់ញាតិ​ចូលជួប សួរសុខទុក្ខ ដោយផ្ទាល់​ដូច​មុន ប៉ុន្តែ​ការជួប​ប្រាស្រ័យ​ទាក់ទង​តាម​ប្រព័ន្ធ Online Telegram WhatsApp និង Messenger នៅតែ​បើកចំហ ដើម្បី​ឲ្យ​អាណាព្យាបាល​អាចទាក់ទង​សួរសុខទុក​កូនក្មួយ ឬ មិត្តភក្ដិ​របស់​ពួកគេ​ដែល​កំពុងស្នាក់នៅ​ព្យាបាល និង បន្សាប​គ្រឿងញៀន​នៅក្នុង​មណ្ឌល​នេះ​ដដែល​។

លោក ប្រសើរ បាន​បន្ថែម​ថា​៖« តាមរយៈ​ការអនុវត្ត​ទាំងអស់​គ្នា​នូវ​វិធានការ ៣ កុំ ៣ ការពារ របស់​រដ្ឋាភិបាល និង គោលការណ៍​ណែនាំ​នានា​របស់​ក្រសួងសុខាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន​ព្រឹតិ្តការណ៍​ ២០ ​កុម្ភៈ នឹងត្រូវ​បិទ​បញ្ចប់​ក្នុងពេល​ឆាប់ៗ​ខាងមុខ​នេះ ហើយ​យើង​នឹង​អាច​ជួបជុំ​ប្រាស្រ័យ​ទាក់ទង​ក្រុមគ្រួសារ​របស់​យើង​ដូច​ពីមុន​ឡើងវិញ និង សូម​ឆ្លើយថា​ទេ ចំពោះ​គ្រឿងញៀន​»​។

យោងតាម​ទិន្នន័យ​ពី​នាយកដ្ឋាន​នីតិកម្ម អប់រំ និង​ស្តានីតិសម្បទា​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ក្នុង​រយៈពេល​ ៣ ​ខែ​ដើមឆ្នាំ ២០២១ ​នេះ​ចំនួន​អ្នក​ដែល​ស្ម័គ្រចិត្ត ចូល​ទទួល​យក​សេវា​ព្យាបាល និង​បន្សាប​គ្រឿងញៀន​នៅក្នុង​មណ្ឌល​ស្ដារនីតិសម្បទា និង បន្សាប​គ្រឿងញៀន​នៅ​ទូទាំងប្រទេស​មាន​ចំនួន​សរុប ៩ ២៦៧ ​នាក់​។

មណ្ឌល​ស្ដារនីតិសម្បទា និង បន្សាប​គ្រឿងញៀន​នៅ​ទូទាំង​ប្រទេស​កម្ពុជា មាន​ចំនួន​ ១៨ ​មណ្ឌល ក្នុងនោះ ១១ ​មណ្ឌល​បង្កើតឡើង​ដោយ​រដ្ឋ ៣ មណ្ឌល​បង្កើតឡើង​ដោយ​ឯកជន និង ៤ ​មណ្ឌល​ទៀត បង្កើតឡើង​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​។

ក្រៅពីនេះ​ក៏មាន​មណ្ឌល​សុខភាព និង មន្ទីរពេទ្យ​សម្រាប់​ផ្ដល់​សេវា​ព្យាបាល និង បន្សាប​គ្រឿងញៀន​ក្នុង​សហគមន៍​ទូទាំង​ប្រទេស​ចំនួន​ ៤៥០ ​កន្លែង​ផងដែរ​៕