ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​អង្គការ​យូណេស្កូ​នឹង​ប្រកាស​ឱ្យ​ដំណើរការ​នូវ​មណ្ឌល​សិក្សា​នៃ​វិធី​សម​មូល​អប់រំ​កម្រិត​មូលដ្ឋាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Basic Education Equivalency Program (BEEP) ចំនួន ៣ ទីតាំង​ទៀត​នៅ​ភ្នំពេញ​នា​ថ្ងៃ ២ ឧសភា ស្អែក​នេះ បន្ទាប់​ពី​មណ្ឌល​ទី១ ដែល​សម្ពោធ​កាល​ពី​ខែកុម្ភៈ​មាន​សិស្ស​ចុះ​ឈ្មោះ​រៀន​ច្រើន។

តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អន្តរ​ស្ថាប័ន​ខាងលើ​បានឱ្យដឹងថា​មណ្ឌល​ទាំង ៣ ទីតាំង​ថ្មី​នោះ​រួម​មាន​ទី១ នៅ​វិទ្យាស្ថាន​ជាតិ​សហគ្រិន​ភាព​និង​នវានុវត្ដន៍ (NIEI) ទី២ នៅ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ដ្រ (NIB) និង​ទី៣ នៅ​សាលា​មធ្យម​សិក្សា​បច្ចេកទេស JVC។

សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​បានឱ្យដឹងថា កម្មវិធី​សមមូល​អប់រំ​កម្រិត​មូលដ្ឋាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ គឺជា​ការ​ផ្ដួចផ្ដើម​រួមគ្នា​រវាង​អន្តរ​ស្ថាប័ន​ខាង​លើ​ ដើម្បី​ផ្ដល់​ការ​អប់រំ​មាន​ភាព​បត់បែន​ដល់​យុវជន​ដែល​បោះបង់​ការ​សិក្សា​ក្នុង​បំណង​ឱ្យ​ពួកគេ​អាច​បញ្ចប់​ការ​សិក្សា​ថ្នាក់​មូលដ្ឋាន​ស្មើ​នឹង​ថ្នាក់​ទី ៩។

សេចក្ដីប្រកាស​បានបញ្ជាក់​ថា៖ «កម្មវិធី​អប់រំ​នេះ​នឹង​ជួយ​យុវជន​កម្ពុជា​ឱ្យ​បន្ត​ការ​សិក្សា​របស់​ពួកគេ ស្រប​ពេល​ពួកគេ​កំពុង​បំពេញ​ការងារ​ផ្ទាល់​ខ្លួន។ ជួយ​ឱ្យ​ពួកគេ​មាន​ចំណេះដឹង និង​ជំនាញ ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ផលិតភាព និង​បំណិន​ជីវិត»។

បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​នេះ គិត​ត្រឹម​រយៈពេល ២ ខែ ក្រោយពី​មណ្ឌល​សិក្សា​ទី១ នៅ​រាជធានី​ភ្នំពេញ​ត្រូវបាន​ដាក់​ឱ្យ​ដំណើរការ​កាល​ពី​ខែ​កុម្ភៈ គឺមាន​សិស្ស​ចំនួន ៧៣៤ នាក់​ មក​ពី​ទីកន្លែង​ផ្សេង​គ្នា​បាន​ចុះ​ឈ្មោះ​សិក្សា​តាម​ប្រព័ន្ធ​អនឡាញ (សិស្ស​ស្រី ២៥ ភាគរយ) ខណៈ​សិស្ស​ដែល​កំពុង​សិក្សា​នៅ ៤ មណ្ឌល​មាន ៦០ នាក់។

ដោយឡែក​ក្រសួង​ការងារ​បាន​បញ្ជាក់ថា មណ្ឌល​សិក្សា​ចំនួន ៥ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​ការងារ​គឺ​បាន​រៀបចំ​រួចរាល់​ហើយ​សម្រាប់​ដំណើរការ​បណ្ដុះ​បណ្ដាល​និង​កំពុង​ផ្សព្វផ្សាយ​ដល់​ក្រុម​គោលដៅ​ដើម្បី​មក​ចុះ​ឈ្មោះ​ចូល​រៀន។ បច្ចុប្បន្ន​សិស្ស​ដែល​កំពុង​សិក្សា​ក្នុង​មណ្ឌល​នៃ​ក្រសួង​ការងារ​នេះ មាន ៣២ នាក់ (ស្រី ១០ នាក់) (គិត​ត្រឹម​ថ្ងៃទី ២៩ ខែ​មេសា ឆ្នាំ​នេះ) និង​បន្ដ​មាន​សិស្ស​ចូល​រៀន​បន្ថែម​ទៀត​ក្រោយ​ពី​ការ​សម្ពោធ។

បើតាម​គម្រោង កម្មវិធីសិក្សា​នេះនឹងត្រូវ​ដាក់ឱ្យ​ដំណើរការ​នៅ​ក្នុង ១០ មណ្ឌល​សិក្សា ៥ មណ្ឌល​នៅ​រាជធានី​ភ្នំពេញ​និង ៥ ទៀត​នៅ​ខេត្ដ​សៀមរាប)។

ចំណែក​ការចុះឈ្មោះ​សិក្សា​តាមរយៈ​កម្មវិធី​នេះ​នឹងត្រូវ​ផ្ដល់ជូន​សេវា​អ៊ីន​ធឺណិត​ដោយ​ឥត​គិត​ថ្លៃ​ពី​ក្រុមហ៊ុន Smart Axiata ស្របតាម​តម្រូវការ​សិស្ស។

បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល សិស្ស​ដែល​បានបញ្ចប់​ដោយ​ជោគជ័យ​នូវ​មុខវិជ្ជា​ទាំង​អស់​តាមរយៈ​ការ​ប្រឡង​នឹង​ទទួល​បាន​បវិញ្ញា​បនបត្រ​អប់រំ​មូលដ្ឋាន ហើយ​មាន​ឱកាស​បន្ត​ការ​សិក្សា​នៅ​វិទ្យាល័យ​ចំណេះ​ទូទៅ​និង​បច្ចេកទេស​ឬ​នៅ​តាម​គ្រឹះស្ថាន​បណ្ដុះ​បណ្ដាល​បច្ចេក​ទេស​និង​វិជ្ជាជីវៈ Technical Vocational Education and Training (TVET) នៃ​ក្រសួង​ការងារ​ផងដែរ។

លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា ធ្លាប់​បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​មណ្ឌល​ទី១ កាល​ពី​ខែ​កុម្ភៈ​ថា កម្មវិធី​អប់រំ​នេះ​នឹង​ផ្ដល់​ឱកាស​ដល់​សិស្ស​ដែល​គ្មាន​លទ្ធភាព​និង​កំពុង​ធ្វើការ​ឲ្យ​បាន​សិក្សា​ឡើង​វិញ និង​អាច​បញ្ចប់​ការសិក្សា។

លោក​បាន​បន្តថា​ក្នុងចំណោម​មណ្ឌលសិក្សា​ចំនួន ៥ នៅ​រាជធានី​ភ្នំពេញ​គឺ​មាន ២ នឹង​គ្រប់គ្រង​ដោយ​ក្រសួង​អប់រំ យុវជន​និង​កីឡា ចំណែក ៣ ទៀត​នឹង​គ្រប់គ្រង​ដោយ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ។​ដោយ​ឡែក ៥ មណ្ឌល​នៅ​ខេត្ដ​សៀមរាប គឺមាន​ ៣ នឹង​គ្រប់គ្រង​ដោយ​ក្រសួង​អប់រំ រីឯ ២ មណ្ឌល គ្រប់គ្រង​ដោយ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ។

លោក​រដ្ឋមន្ដ្រី​បញ្ជាក់ថា៖ «គោលដៅ​នៃ​ការបើក​មណ្ឌល​នេះ​មិនមែន​សម្រាប់​ក្មួយៗ​ដែល​នៅ​ក្នុង​សាលា​ទេ​ប៉ុន្ដែ​ក្មួយ​ដែល​គ្មាន​លទ្ធភាព​រៀន​បន្ដ។ វា​នឹង​បង្ក​ភាព​ងាយ​ស្រួល​ដល់​សិស្ស​ដែល​មិន​មាន​លទ្ធភាព​សិក្សា ឬ​កំពុង​ធ្វើការ​អាច​បន្ដ​រៀន​ទៀត​បាន​តាមរយៈ​អនឡាញ»។

លោកស្រី ទុង សុភាព អគ្គនាយិការង​នៃ​អគ្គនាយកដ្ឋាន​អប់រំ​បណ្ដុះ​បណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៃ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​បាន​លើក​ឡើង​ដែរ​ថា៖ «កម្មវិធី​អប់រំ​នេះ​ផ្ដល់ឱ្យ​យុវជន​សិក្សា​តាម​អនឡាញ​នៅ​គ្រប់​ទីកន្លែង ហើយ​យើង​នឹង​មាន​បន្ថែម​ជំនាញ​ផ្សេង​ទៀត​ដល់​ពួកគាត់​ដូចជា​ជំនាញ​ទន់​ជាដើម»។

តាម​ទិន្នន័យ​ក្រសួង​អប់រំ បាន​បង្ហាញថា ក្នុង​ឆ្នាំ ២០១៧-២០១៨ អត្រា​សិស្ស​បោះបង់​ការ​សិក្សា​នៅ​កម្រិត​មធ្យម​សិក្សា​បឋម​ភូមិ​មាន​ចំនួន ១៦,៦ ភាគរយ ស្រី​មាន ១៤,២ ភាគរយ។ ចំណែក​នៅ​កម្រិត​មធ្យម​សិក្សា​ទុតិយភូមិ​មាន ១៩,៧ ភាគរយ ស្រី​មាន ១៧ ភាគរយ ខណៈ​អត្រា​បោះបង់​ការ​សិក្សា​នៅ​កម្រិត​បឋម​សិក្សា​មាន ៤,៧ ភាគរយ ស្រី​មាន ៣,៥ ភាគរយ។ រីឯ​ទិន្នន័យ​បញ្ចប់​ការសិក្សា​នៅ​កម្រិត​បឋម​សិក្សា​មាន ៧៩,០៦ ភាគរយ ស្រី​មាន ៨២,៦៥ ភាគរយ ហើយ​សិស្ស​ដែល​ចុះ​ឈ្មោះ​ចូល​រៀន​កម្រិត​អប់រំ​ចំណេះ​ទូទៅ មាន​ចំនួន ៣ ១៤៣ ២៥២ នាក់ ក្នុង​នោះ​មាន​ស្រី ១ ៥៥១ ៩៩០ នាក់៕