ភ្នំពេញៈ មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​បាន​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​ក្នុង​ការទទួល​យក​ជនរងគ្រោះ​ដែល​ត្រូវគេ​បញ្ជូន​ឱ្យទៅ​សម្រាក​ព្យាបាល​ និង​ស្តារ​នីតិសម្បទា ដោយសារ​តែ​មាន​ការចង្អៀត​ណែន​ខ្លាំង​ ខណៈ​បច្ចុប្បន្ន​មាន​ជនរងគ្រោះ​កំពុង​សម្រាក​ព្យាបាល និង​ស្តារនីតិសម្បទា​រហូតដល់​ជាង ២ ០០០ ​នាក់​។

លោកស្រី មុំ ចាន់ដានី ប្រធាន​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​បាន​ឱ្យដឹង​នៅ​ថ្ងៃទី​ ១៤ ធ្នូ​ ថា ការផ្អាក​ទទួល​ជនរងគ្រោះ​ដោយសារ​ធាតុញៀន​ជា​បណ្តោះអាសន្ន​នេះ​គឺ​ដោយសារ​ការចង្អៀតណែន​មិន​មាន​កន្លែង​សម្រាក​គ្រប់គ្រាន់ ហើយ​មួយវិញ​ទៀត លោកស្រី​ចង់ឱ្យ​ជនរងគ្រោះ​ដោយសារ​ធាតុ​ញៀន​នេះ​ទៅ​ទទួល​យក​សេវា​ព្យាបាល​នៅតាម​មណ្ឌល​សុខភាព មន្ទីរពេទ្យ​បង្អែក​នានា ដែល​មាន​នៅតាម​រាជធានី-ខេត្ត​។

លោកស្រី ចាន់ដានី ​ថ្លែង​ថា​៖ «​ប៉ុន្តែ​ក្នុង​ករណី​ចាំបាច់​ណាមួយ​ដែល​សមត្ថកិច្ច​បញ្ជូន​ជនរងគ្រោះ​មក​ក្នុង​ភាពបន្ទាន់​ណាមួយ ខ្ញុំ​នឹង​ធ្វើការ​ពិចារណា​ក្នុង​ការទទួល​ ប៉ុន្តែ​ពួកគាត់​ត្រូវដាក់​ក្នុង​បន្ទប់​ដាច់​ដោយឡែក​រយៈពេល​ ១៤ ​ថ្ងៃ​»​។

លោកស្រី ចាន់ដានី នឹង​សុំ​គោលការណ៍​ធ្វើ​សមាហរណកម្ម​អ្នក​ដែល​បាន​ព្យាបាល​ជា​សះស្បើយ​ឱ្យ​បាន​វិលត្រឡប់​ទៅផ្ទះ​វិញ ហើយ​មួយវិញ​ទៀត លោកស្រី​នឹង​ចាំមើល​ពី​វិធាន​សុខាភិបាល ថា​តើ​ព្រឹត្តិការណ៍​សហគមន៍​ ២៨ វិច្ឆិកា​ មាន​ភាពប្រសើរ​ឡើងវិញ​ឬ​យ៉ាង​ណា​?

មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ បាន​អញ្ជើញ​អាណាព្យាបាល​ឱ្យ​ទៅ​ទទួល​យក​កូនៗ​របស់​ពួកគេ​ដែល​មាន​សុខភាព​ល្អប្រសើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយមាន​ការណែនាំ​ដល់​ឪពុកម្តាយ​អំពី​របៀប​អប់រំ​​ និង​ណែនាំ​កូន​ពួកគាត់​នៅពេល​ទៅដល់​ផ្ទះ​។

បើ​តាម​លោកស្រី ចាន់ដានី មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​នៅ​មាន​ការខ្វះខាត​ទីកន្លែង​សម្រាប់​ជនរងគ្រោះ​ស្នាក់នៅ ដោយសារ​ចំនួន​អ្នក​កំពុង​ស្នាក់នៅ​បន្សាប​សារធាតុញៀន​មាន​ចំនួន​ច្រើន​។

លោកស្រី​បន្តថា​៖ «​ខ្ញុំ​បានធ្វើ​សំណើ​រាយការណ៍​ទៅដល់​អភិបាល​រាជធានី​ភ្នំពេញ ដោយ​ខ្ញុំ​ចង់​បាន​អគារ និង​បន្ទប់​បន្ថែម ជាពិសេស​ខ្ញុំ​ចង់​ធ្វើការ​បែងចែក​ចេញ​ពី​គ្នា​រវាង​អ្នកមាន​អាការ​ធ្ងន់​ និង​ស្រាល ដោយសារ​ជនរងគ្រោះ​ប្រើប្រាស់​សារធាតុញៀន​កម្រិត​សុខភាព​របស់​គាត់​ខុសៗ​គ្នា​»​។

លោកស្រី​បន្ថែមថា លោកស្រី​ចង់​បាន​បន្ទប់ និង​ទីធ្លា​ធំ​ទូលាយ ដើម្បី​ឱ្យ​ពួកគាត់​មាន​ទីធ្លា​សម្រាប់​ដាំ​បន្លែ​ និង​ជាពិសេស​បន្ទប់​ដែលមាន​ជំនាញ​បំណិន​ជីវិត​ដោយ​ក្នុង​នោះ​មាន​អង្គការ​ដៃគូ​ច្រើន​បាន​ជួយ​គាំទ្រ​ដោយ​មិន​គិត​ប្រាក់ ប៉ុន្តែ​បន្ទប់​បណ្តុះបណ្តាល​មាន​ភាពតូចចង្អៀត ដែល​ប្រៀប​ទៅនឹង​ជនរងគ្រោះ​ផ្តល់​ការបណ្តុះបណ្តាល​បំណិត​ជីវិត​គឺ​បានតែ​ ១០% ​ប៉ុណ្ណោះ​។

លោកស្រី​បន្តថា ប្រសិន​បើ​ស្ថានភាព​ជនរងគ្រោះ​នៅតែ​មាន​ច្រើន​ចូលមក​រហូត មណ្ឌល​នេះ​គឺ​ចាំបាច់​ត្រូវការ​នូវ​អគារ​ប្រហែល​ជា​ ៣ ​អគារ​បន្ថែមទៀត ដែល​ស្មើនឹង​ប្រមាណ​ជា​ ២០ ​បន្ទប់​សម្រាប់​ស្នាក់នៅ និង​រៀន​នូវ​វិជ្ជាជីវៈ​ជំនាញ​ផ្សេងៗ​។

លោក មាន ចាន់យ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ផ្ញើលិខិត​ជូន​លោកស្រី មុំ ចាន់ដានី ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​កាលពី​ថ្ងៃទី​ ១៤ ខែធ្នូ​ ដោយបាន​អនុញ្ញាត​ឱ្យ​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​ផ្អាក​ទទួល​យក​ជនរងគ្រោះ​ដោយសារ​ធាតុ​ញៀន​ជា​បណ្តោះអាសន្ន​។

លោក​ មាន ចាន់យ៉ាដា បានបញ្ជាក់​ក្នុង​លិខិត​ថា៖ «​ចំពោះ​សំណើសុំ​គោលការណ៍​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការទទួល​ជនរងគ្រោះ​ដែល​បញ្ជូនមក​ព្យាបាល និង​ស្តារនីតិសម្បទា​នៅ​មណ្ឌល​សុខភាព​ឱកាស​ខ្ញុំ ដោយសារ​បច្ចុប្បន្ន​មជ្ឈមណ្ឌល​មាន​ជនរងគ្រោះ​កំពុង​ស្នាក់នៅ​សរុប​ចំនួន ២ ០៧៤ នាក់ ក្នុងនោះ​ស្រី​ចំនួន​ ១១៣ ​នាក់​ ដែល​ធ្វើឱ្យ​បន្ទប់​ស្នាក់នៅ​នីមួយៗ​របស់​ជនរងគ្រោះ​មាន​លក្ខណៈ​ចង្អៀត​ខ្លាំង​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ឯកភាព​ជា​គោលការណ៍​»៕