ភ្នំពេញៈ បច្ចុប្បន្នសេវាដឹកជញ្ជូនតាមរយៈម៉ូតូកង់ ៣ ឬ PassApp ហាក់កំពុងមានការនិយមដោយសារអាចដាក់មនុស្ស និងអីវ៉ាន់ផ្សេងៗបានច្រើន និងមានតម្លៃសមរម្យដែលងាយស្រួលជាងការជិះស៊ីក្លូ ឬម៉ូតូឌុប។ ក៏ប៉ុន្តែមានអ្នកបើកបរម៉ូតូកង់ ៣ ខ្លះ បើកបរគ្មានរបៀបរៀបរយពោលគឺមិនគោរពច្បាប់ចរាចរណ៍បង្កជាគ្រោះថ្នាក់ និងរំខានដល់អ្នកបើកបរលើផ្លូវជាមួយគ្នា ខណៈអ្នកបើកបរខ្លះទៀតមានប្រើទាំងអាយកូម ឬអាវុធបង្កឱ្យមានក្ដីបារម្ភជាអ្វីដែលអាជ្ញាធរចាត់ទុកជាករណីខុសឆ្គង។
បញ្ហានេះធ្លាប់មានករណីបាញ់គ្នាស្លាប់ ២ នាក់ និងរបួសធ្ងន់ម្នាក់កាលពីយប់ថ្ងៃទី ១១ ខែកុម្ភៈ កន្លងមកថ្មីៗនេះនៅមុខហាងលក់ទូរស័ព្ទយីហោពន្លកថ្មីក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ។
ករណីនេះបានផ្ដើមចេញពីការស្ទះចរាចរណ៍ក៏មានការទាស់សម្ដីគ្នារវាងអ្នករត់ម៉ូតូកង់ ៣ និងម្ចាស់រថយន្តដោយភាគីខាងម្ចាស់កង់ ៣ ចង់ឱ្យភាគីខាងរថយន្តសុំទោស។ ប៉ុន្តែខាងភាគីរថយន្តមិនព្រម គេ (ម្ចាស់កង់ ៣) ក៏ហៅបក្ខពួកដែលមានអាវុធឱ្យមកជួយទើបមានការបាញ់ស្លាប់ និងរបួសមនុស្សតែម្ដងដែលបញ្ហានេះធ្វើឱ្យមានការភ័យខ្លាចពីសំណាក់ប្រជាពលរដ្ឋជាច្រើន។
លោក សុខ ភាក់ ជាពលរដ្ឋម្នាក់រស់នៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញបានសម្តែងការព្រួយបារម្ភចំពោះអ្នកបើកម៉ូតូកង់ ៣ មួយចំនួនដែលមានក្រុមមានបណ្តាញ និងប្រដាប់ដោយអាវុធមានវិទ្យុទាក់ទងដោយសារមិនអាចបែងចែកបានថា ជាសមត្ថកិច្ច ឬជាចោរ។ ជាមួយគ្នានេះលោកបានកត់សម្គាល់ថា មានអ្នករត់ម៉ូតូកង់ ៣ ខ្លះនៅតែមិនគោរពច្បាប់ចរាចរណ៍ ដោយបើកបរគ្មានសណ្តាប់ធ្នាប់នៅលើដងផ្លូវ។
លោកបានថ្លែងថា៖ «អ្នករត់ម៉ូតូកង់ ៣ ដែលមានវិទ្យុទាក់ទង ឬមានកាំភ្លើងនេះប្រាកដជាមានអីពិសេសមួយខុសពីម៉ូតូកង់ ៣ ធម្មតាអីចឹងបើយើងក្រឡេកមើលទៅ អាហ្នឹងវាជាបញ្ហាមួយចោទកាលណាធ្វើអីមួយប៉ះពាល់អ៊ីចឹងទៅគេមានក្រុមគេ គេមានអីគេចេញមកអន្តរាគមន៍ហើយ»។
លោក ភាក់ បន្តថា ដើម្បីឱ្យច្បាប់ងាយស្រួលគ្រប់គ្រង លុះត្រាតែសមត្ថកិច្ចដែលមានតួនាទីកាន់កាំភ្លើង និងវិទ្យុទាក់ទងត្រូវស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវគ្រប់ពេលទើបពលរដ្ឋងាយចំណាំ និងមិនសូវមានការបារម្ភ ជាពិសេសនៅពេលមានកងកម្លាំងណាម្នាក់ចេញរត់ម៉ូតូកង់ ៣ រកចំណូលបន្ថែមនៅក្រៅម៉ោងធ្វើការ។
ដោយឡែកពលរដ្ឋម្នាក់ទៀតនៅភ្នំពេញគឺលោក ត្រូយ វ៉ាន់ឌី បានថ្លែងថា បើមើលតាមជាក់ស្តែងគឺបច្ចុប្បន្នអាចមានអ្នករត់ម៉ូតូកង់ ៣ ប្រហែល ៣០ ភាគរយជាសមត្ថកិច្ច ទាហាន ឬនគរបាលដែលពួកគាត់ឆ្លៀតរកចំណូលបន្ថែមក្រៅពីការងារអាជីព។
លោកបន្តថា ចំពោះអ្នកដែលយល់ដឹងពីការប្រើអាវុធជាតិផ្ទុះនោះមិនជាបញ្ហាទេ ប៉ុន្តែអ្វីគួរឱ្យបារម្ភគឺអ្នកបើកកង់ ៣ ដែលអាងក្រុម អាងអាវុធ ជាពិសេសនៅពេលស្រវឹង ហើយមានបញ្ហាណាមួយកើតឡើង។
លោកថ្លែងថា៖ «ខ្ញុំយល់ថា បើគាត់ធ្វើអ៊ីចឹង វាទៅជាសង្គមមួយដែលអនាធិបតេយ្យ ពេលមានបញ្ហាឡើងគឺអាងគ្នា អាងក្រុម អាងបក្ខ អាងពួកដល់ពេលអ៊ីចឹង ទៅបង្កជាអំពើហិង្សាវាយដំគ្នារហូតដល់ប្រើប្រាស់អាវុធធ្វើអ្នកនៅមូលដ្ឋានភ័យខ្លាច»។
បើតាមលោក វ៉ាន់ឌី ជាការកត់សម្គាល់មានអ្នកខ្លះពាក់អាវសមត្ថកិច្ច [ទាហាន] ទៅរត់ម៉ូតូកង់ ៣ និងបានដាក់អាវុធជាប់ខ្លួនដូចពេលបំពេញភារកិច្ចដែរ។ លោកថា ពេលចប់ភារកិច្ច សមត្ថកិច្ចគួរស្លៀកពាក់ស៊ីវិលធម្មតា មិនគួរយកអាវុធ ឬខ្នោះដៃដាក់ជាប់តាមខ្លួនទេ ព្រោះនាំឱ្យប៉ះពាល់ដល់កិត្តិយសអង្គភាព។
លោកថ្លែងថា៖ «អ្នកបង្កើតសមាគមអ្នករត់ម៉ូតូកង់ ៣ ត្រូវត្រួតពិនិត្យតាមដានទាំងអស់ បើពួកគាត់ពាក់ព័ន្ធនឹងកងកម្លាំងប្រដាប់អាវុធ ត្រូវដាក់វិន័យគាត់ ព្រោះកងកម្លាំងប្រដាប់អាវុធពេលចប់ភារកិច្ច អត់មានត្រូវយកអាវុធ យកអីទៅប្រើ ទៅជាអាជីពរបស់គាត់មួយទៀតទេ»។
លោក កុយ ជា ជាពលរដ្ឋម្នាក់ទៀតដែលរស់នៅសង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញបានថ្លែងថា បញ្ហាដែលកើតចេញពីអ្នករត់កង់ ៣ ថ្វីដ្បិតតែមិនទាំងអស់ ប៉ុន្តែលោកនៅតែបារម្ភចំពោះពីសុវត្ថិភាព ជាពិសេសនៅពេលត្រូវការបន្ទាន់ក្នុងការជិះនៅពេលយប់។
លោកបានបញ្ជាក់ថា៖ «រឿងហ្នឹងខ្ញុំភ័យដែរ ព្រោះកាលលើកមុននោះឮថា មានស្រីម្នាក់ចេញពីធ្វើការជិះកង់ ៣ ហើយត្រូវបានគេប្លន់យកទ្រព្យសម្បត្តិអស់។ ដឹកជូនទៅបែរជាប្លន់យកទាំងកាបូបអស់លុយ អស់ទូរស័ព្ទ លុយខំប្រឹងរកចង់ងាប់ ទម្រាំបានខ្លះ ជួនកាលគ្នាទិញទូរស័ព្ទបង់រំលស់ផងដល់គេប្លន់យកអស់ទៅ រឹតតែធ្ងន់ទៀតហើយ»។
លោក ជា សម្បត្តិ អាយុ ៦០ ឆ្នាំ ជាអ្នករត់ម៉ូតូកង់ ៣ ម្នាក់ក្នុងរាជធានីភ្នំពេញថ្លែងថា ការមានបក្ខពួកមានក្រុម ធ្វើឱ្យមានការប្រកាន់កន្លែងទីតាំង និងដណ្តើមអតិថិជនទៅវិញទៅមក។ ពេលខ្លះកើតជាជម្លោះនាំឱ្យមានអំពើហិង្សា វាយកាប់ចាក់រហូតដល់មានអ្នកមានកាំភ្លើងបាញ់សម្លាប់គ្នា ដែលរូបភាពទាំងនេះ នាំឱ្យអ្នកជិះវាយតម្លៃពលរដ្ឋស្លូតត្រង់ដែលប្រកបរបរដោយសុចរិត។
លោកថា៖ «ពីមុនម៉ូតូកង់ ៣ មានតែប្រភេទម៉ូតូសណ្តោងរ៉ឺម៉ករបស់ខ្មែរយើងទេ ហើយអ្នកប្រកបរបរនេះក៏មានតែពលរដ្ឋស្លូតត្រង់ធម្មតាប៉ុណ្ណោះប៉ុន្តែឥឡូវនេះ ឃើញមានអ្នកខ្លះជាកងកម្លាំងមករករបរនេះដែរ ហើយអ្នកខ្លះពេលមានបញ្ហា អាងកាំភ្លើងច្រងេងច្រងាងក៏មានដែរ អ៊ីចឹងទង្វើហ្នឹងវាធ្វើឱ្យអ្នកគេត្រឹមត្រូវ ពិបាកធ្វើការរកស៊ី»។
យ៉ាងណាលោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងថា កម្ពុជាមានច្បាប់ប្រើប្រាស់ និងកាន់កាប់អាវុធត្រឹមត្រូវ ហើយក៏មានការផ្សព្វផ្សាយណែនាំដល់កងកម្លាំងទាំងអស់ឱ្យមានការយល់ដឹងផងដែរ។ ប្រសិនបើកងកម្លាំងណាបំពានលក្ខន្តិកៈនោះនឹងត្រូវទទួលទោសតាមច្បាប់។
លោកថ្លែងដូច្នេះថា៖ «មានលិខិតកាន់អាវុធហើយមានបេសកកម្មទៀតអាហ្នឹងបានស្របច្បាប់។ បើគាត់អត់មានលិខិតបេសកកម្មទេ មិនអាចមានសិទ្ធិកាន់អាវុធដាក់តាមខ្លួនបានទេ។
ប្រសិនបើគាត់ចប់ភារកិច្ច ហើយទៅប្រកបការងារផ្សេងដោយដាក់អាវុធជាប់ខ្លួននោះ ជារឿងមិនត្រឹមត្រូវ។ ច្បាប់កាន់អាវុធយើងមាន តែបើគាត់យល់ដឹងហើយគាត់ទៅធ្វើខុសអាហ្នឹងច្បាប់គេមានតើ»។
លោក វន់ ពៅ ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធថ្លែងថា សេវាកម្មអ្នករត់ម៉ូតូកង់ ៣ គឺមានសមាសភាពចម្រុះ។ អ្នកខ្លះជាកងកម្លាំងក៏ឆ្លៀតរកចំណូលបន្ថែមក្នុងមុខរបរនេះផងដែរ ជាហេតុនាំឱ្យមានការព្រួយបារម្ភចំពោះអ្នករត់ម៉ូតូកង់ ៣ ខ្លះមានអាវុធជាប់តាមខ្លួន។ ចំណុចនេះសមត្ថកិច្ចគួរតែឧស្សាហ៍ពិនិត្យអាវុធជាតិផ្ទុះឱ្យបានញឹកញាប់។
លោកបានថ្លែងថា៖ «យើងឃើញហើយកន្លងទៅ មានអ្នករត់កង់៣ មានអាវុធប្រើប្រាស់រហូតធ្វើឱ្យគេស្លាប់បាត់បង់ជីវិត អាហ្នឹងគឺខ្ញុំមិនគាំទ្រទេ។
សូមឱ្យសមត្ថកិច្ចធ្វើការឆែកអាវុធឆែកអីឱ្យបានត្រឹមត្រូវ និងញឹកញាប់ចៀសវាងមានពួកខិលខូចមករករបរហ្នឹងដែរ ដល់អ៊ីចឹង មហាជនគាត់ម៉ៅថាឱ្យអ្នករករបរហ្នឹងទាំងអស់តែម្តង»។
បើតាមលោក វន់ ពៅ សមាគមអ្នករត់ម៉ូតូកង់ ៣ តែងមានការប្រើប្រាស់វិទ្យុទាក់ទង ដើម្បីប្រើជាប្រយោជន៍ផ្សេងៗដោយគ្មានពាក់ព័ន្ធជាមួយសមត្ថកិច្ចឡើយ ព្រោះវិទ្យុទាក់ទងទាំងនោះត្រូវបានជួលពីក្រុមហ៊ុនយកទៅប្រើតែប៉ុណ្ណោះ។ លោកបានស្នើទៅដល់សាធារណជនក៏ដូចជា អ្នកបញ្ចេញមតិតាមបណ្តាញសង្គម កុំវាយតម្លៃរួមអាក្រក់លើអ្នករត់ម៉ូតូកង់៣ទាំងអស់ ព្រោះអ្នកប្រកបរបរនេះមិនអាក្រក់ទាំងអស់នោះទេ។
លោកថា៖ «អ្នកខ្លះជិះបញ្ច្រាសទិសអ្នកខ្លះប្រព្រឹត្តអំពើមិនគប្បីក្នុងសង្គមតែមានមួយចំនួនតូចប៉ុណ្ណោះមិនទាំងអស់ទេ អ៊ីចឹងសូមឱ្យផ្តល់យុត្តិធម៌អ្នកកង់ ៣ ផ្សេងៗដែលត្រឹមត្រូវស្រឡាញ់សង្គមមានសីលធម៌សុជីវធម៌នៅតាមដងផ្លូវផង»។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញថ្លែងថា ការបើកបរម៉ូតូកង់៣ ជាទូទៅក្នុងពេលកន្លងមកតែងគ្មានច្បាប់ទម្លាប់ត្រឹមត្រូវជិះជែងមិនត្រូវទំនង រត់ទន្ទឹមគ្នាច្រើនជួរលើដងផ្លូវ បើកបរក្នុងល្បឿនលឿនជាដើមនោះ អាជ្ញាធរបានគិតគូរឱ្យពួកគេបានចូលរៀន និងប្រឡងយកបណ្ណបើកបរត្រឹមត្រូវ។
លោកបានបញ្ជាក់ថា៖ «យើងធ្លាប់បានចេញនូវចំណាត់ការដោយរដ្ឋបាលរាជធានីភ្នំពេញឱ្យមន្ទីរសាធារណៈការចេញកាលវេលាសម្រាប់អំពាវនាវឱ្យគាត់ទៅចូលរួមវគ្គបណ្តុះបណ្តាលដើម្បីឱ្យគាត់បានយល់ដឹងពីបញ្ហាច្បាប់ទម្លាប់ទាំងអស់ហ្នឹង ហើយចេញបណ្ណបើកបរឱ្យគាត់» ។
ចំណែកករណីរកឃើញមានបទល្មើសលោក ភក្តី បញ្ជាក់ថាមិនថាអ្នករត់កង់៣ ឬអ្នកផ្សេងៗទេ គឺជារឿងទោសទណ្ឌដែលជាវិធានការរួម។
«វិធានការរបស់យើងជារួមបើនិយាយពីបញ្ហាអាវុធអាហ្នឹងមិនមែនតែកង់៣ទេ វាជាវិធានការការពារសន្តិសុខដែលផ្តោតលើការត្រួតពិនិត្យប្រជាពលរដ្ឋយើងទូទៅ មិនថារថយន្ត មិនថា ម៉ូតូអីៗនោះទេ»។
ចំពោះការប្រើវិទ្យុទាក់ទងវិញ លោក ភក្តី ប្រាប់ថា បើមិនមែនជាសមត្ថកិច្ចទេគឺមិនអាចប្រើប្រាស់វិទ្យុទាក់ទងបែបសមត្ថកិច្ចបានទេ បញ្ហានេះគឺប្រឈមនឹងការទទួលទោសតាមច្បាប់។
លោកថា៖ «បើសិនជាគាត់ប្រើជាវិទ្យុទាក់ទងរបស់ប៉ូលិសអាហ្នឹងខុស ដូចកាន់អាវុធខុសច្បាប់អ៊ីចឹង ហើយអាហ្នឹងសួរថាយ៉ាងម៉េចគឺពេលគេត្រួតពិនិត្យហ្នឹង បើឃើញអ៊ីចឹងមែន អាហ្នឹងគេអនុវត្តតាមនីតិវិធីហើយ»៕