បាត់ដំបង៖ មនុស្ស​ចំនួន ១៧ នាក់ ត្រូវ​បាន​ឃាត់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​ខេត្ត ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​ផ្តុំ​គ្នា​លេង​ល្បែង​ភ្នាល់​ជល់​មាន់​តាម​ប្រព័ន្ធ​អនឡាញ នៅ​ភូមិ​ចំការ​សំរោង ២ សង្កាត់​ចំការសំរោង ក្រុង​បាត់ដំបង។

លោក ណុប ដារ៉ា អភិបាល​រង​ខេត្ត​បាត់ដំបង ជា​ប្រធាន​គណៈកម្មការ​ស្រាវជ្រាវ និង​បង្ក្រាប​ល្បែង​គ្រប់​ប្រភេទ​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ៣ ឧសភា ថា ករណី​មនុស្ស​ទាំង ១៧ នាក់​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃទី ៣ ឧសភា ដើម្បី​អនុវត្ត​ទៅ​តាម​នីតិវិធី​បន្ត ​ក្រោយ​ពី​ឃាត់​ខ្លួន​បាន​កាល​ពី​ថ្ងៃទី ២ ឧសភា។

លោក ណុប ដារ៉ា បញ្ជាក់​ថា លោក​បាន​ដឹកនាំ​ផ្ទាល់​ក្នុង​ការ​ចុះ​ទៅ​បង្រ្កាប និង​ឃាត់​ខ្លួន​មនុស្ស​ទាំង ១៧ នាក់​នេះ នៅ​ពេល​ពួក​គេ​កំពុង​ប្រមូល​ផ្តុំ​គ្នា​លេង​ល្បែង​ភ្នាល់​ជល់​មាន់​តាម​អនឡាញ។ ជាមួយ​គ្នា​នេះ សមត្ថកិច្ច​ក៏​បាន​រឹប​អូស​សម្ភារ​មួយ​ចំនួន​ផង​ដែរ។

លោក ណុប ដារ៉ា បញ្ជាក់​ថា លោក ងួន រតនៈ អភិបាល​ខេត្ត​បាត់ដំបង​បាន​ប្រាប់​ឱ្យ​មាន​ការ​បង្រ្កាប​ល្បែង​ស៊ី​សង​គ្រប់​ទម្រង់​ទាំង​អស់​នៅ​ក្នុង​ខេត្ត ដើម្បី​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​មាន​ការ​ជួបជុំ ដែល​អាច​ឈាន​ដល់​ការ​ចម្លង​នូវ​ជំងឺ​កូវីដ ១៩ ខណៈ​ដែល​រាជរដ្ឋាភិបាល​កំពុង​ប្រយុទ្ធ​ប្រឆាំង និង​ទប់​ស្កាត់​នៅ​ក្នុង​ប្រទេស។

លោក ណុប ដារ៉ា បញ្ជាក់​ថា៖ «មេ​ខេត្ត​ឱ្យ​យើង​បង្រ្កាប ហើយ​យើង​មិន​បង្ក្រាប​យ៉ាង​ម៉េច! អនុវត្ត​តាម​មេ មេ​គាត់​ឱ្យ​ធ្វើ។ ទាំង​សម្ភារ និង​មនុស្ស បាន​បញ្ជូន​ទៅ​តុលាការ​អស់​ហើយ លែង​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​ខ្ញុំ​ហើយ»។

ទោះ​ជា​យ៉ាង​ណា លោក​បញ្ជាក់​ថា ក្នុង​ការ​បង្ក្រាប និង​ឃាត់​ខ្លួន​នេះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​បាត់ដំបង ក៏​បាន​ពិនិត្យ​មើល​លើ​ស្ថានភាព​ជាក់​ស្តែង​ផង​ដែរ។ បើ​ស្ថានភាព​ធ្ងន់ធ្ងរ នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ ដើម្បី​អនុវត្ត​តាម​ច្បាប់។ ប៉ុន្តែ បើ​ការ​លេង​ល្បែង​ក្នុង​ស្ថានភាព​តូច​តាច គឺ​នឹង​ត្រូវ​ឃាត់​ខ្លួន​យក​មក​អប់រំ​ណែនាំ។

យោង​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​បង្ហញ​ថា ក្នុង​ប្រតិបត្តិការ​ចុះ​បង្រ្កាប​ល្បែង​ភ្នាល់​ជល់​មាន់​តាម​អនឡាញ សមត្ថកិច្ច​បាន​ដក​ហូត​វត្ថុតាង​មួយ​ចំនួន រួម​មាន ទូរទស្សន៍ LCD ម៉ាក Samsung ពណ៌​ខ្មៅ ១ គ្រឿង ឧបករណ៍​ផ្ទុក​ទិន្នន័យ កាមេរ៉ា​សុវត្ថិភាព ២ គ្រឿង រថយន្ត​ចំនួន ១ គ្រឿង ម៉ូតូ​ចំនួន ៥ គ្រឿង តុ​ចំនួន ២ កៅអី មួយ​ចំនួន និង កង្ហារ ១ គ្រឿង។

តាម​របាយការណ៍​ដដែល ក្រោយ​ពេល​ឃាត់​ខ្លួន​សមត្ថកិច្ច​បាន​នាំ​ពួក​គេ​ទាំង ១៧ នាក់ មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ធ្វើ​ការ​សាកសួរ។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​រៀបចំ​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​អ្នក​ប្រព្រឹត្ត និង​វត្ថុតាង​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់​ការ​តាម​ផ្លូវ​ច្បាប់៕