ព្រះវិហារៈ សាលា​ដំបូង​ខេត្ត​ព្រះវិហារ ​សម្រេច​ដាក់​ក្រុម​ជនជាតិ​ភាគតិច​កួយ​ និង​មន្ត្រី​សង្គម​ស៊ីវិល​ប្រមាណ​ជាង ១០ នាក់​ ឲ្យ​ស្ថិត​ក្រោម​ការត្រួត​ពិនិត្យ​ពីបទ​សមគំនិត ​និង​បទ​ចាប់​ឃុំឃាំង ​និង​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់ ​ក្រោយ​បិទ​បញ្ចប់​ការ​ស៊ើបសួរ​លើ​ពួកគេ ​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​មួយ​ជាមួយ​ក្រុមហ៊ុន​ចិន​ឈ្មោះ ឡាន ហ្វេង ​ដែល​មាន​រយៈពេល​ជិត​៥​ឆ្នាំ​កន្លង​មក​នោះ។

ជាមួយនឹង​ការសម្រេច​នេះ​ ក្រុម​​ជនជាតិដើម​ និង​មន្ត្រី​សង្គម​ស៊ីវិល​ទាំងនេះ​ បានអំពាវនាវ​ឲ្យ​តុលាការ ​ពិចារណា​ទម្លាក់​បទ​ចោទ​លើ​ពួកគេ ​ដោយអះអាងថា​ ការចោទ​ប្រកាន់នេះ​បានធ្វើឡើង​ដោយអយុត្តិធម៌ ​និងបាន​ធ្វើឲ្យ​ប៉ះពាល់​សិទ្ធិ​របស់​ពួកគេ។

លិខិត​ជូន​ដំ​ណឹងស្តីពី​ការបិទ​បញ្ចប់​ការ​ស៊ើបសួរ​របស់​សាលា​ដំបូង​ខេត្ត​ព្រះវិហារ ​ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ​លោក ​ជៀន ស្រស់ ​កាលពី​ចុងខែ​ឧសភា​ ហើយបាន​ដល់​ដៃ​ភាគី​ចុងចោទ​កាលពី​ថ្ងៃ​ទី ១២​ មិថុនា ​អះអាង​ថា ​ដោយ​បាន​ឃើញ​សំណុំរឿង​ព្រហ្មទណ្ឌ​ និង​បានឃើញ​ដីកាសន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ ​បាន​ចោទប្រកាន់​ទៅ​លើ​ឈ្មោះ ​ប៉ឹក សោ​ភ័ណ ​និង​ឈ្មោះ​ លូត សាំង​ ដោយ​សម្រេច​ដាក់​ពួកគេ​ឲ្យ​ស្ថិតនៅ​ក្រោម​ការត្រួត​ពិនិត្យ​ពីបទ​សមគំនិត​ក្នុង​អំពើ​ចាប់​ឃុំឃាំង ​និង​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់ ។

ចំណែក​ឈ្មោះ​ ប៉ាង សែវ ​ឈ្មោះ​ ផុន រុំ ​ឈ្មោះ​ ភូ ភេន ​ឈ្មោះ​ ណម ថុល ​ឈ្មោះ​ ហោ ធាន្នី ​ឈ្មោះ​ ថី ហឿន ​ឈ្មោះ​ យន់ សន ​ឈ្មោះ ​ស្រាល សុឃី ​និង​បក្ខពួក​ តុលា​ការ​សម្រេច​ឲ្យ​ពួកគេ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ដូចគ្នា​ ប៉ុន្តែ​ក្នុងបទចោទ ចាប់​ឃុំឃាំង​ និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ ​ប្រព្រឹត្ត​នៅ​ភូមិបុស្ស​ធំ​ ឃុំ​ប្រមេរុ​ស្រុក​ត្បែង​មានជ័យ ​ខេត្ត​ព្រះវិហារ​ កាលពី​ថ្ងៃ​ទី​ ២៩ ​ខែ ធ្នូ ​ឆ្នាំ ២០១៤ ​ក្នុង​បទល្មើស​មានចែង​ក្នុង​មាត្រា ២៥៣ ​នៃ​ក្រម​ព្រហ្មទណ្ឌ។

លិខិត​នោះ​បញ្ជាក់ថា​៖ «ប្រាប់​មក​ឈ្មោះ ​ប៉ឹក សោ​ភ័ណ​ ជនជាតិ​ខ្មែរ ​មាន​លំនៅ​បច្ចុប្បន្ន ​ភូមិ​ថ្មី ​សង្កាត់​ប៉ាល​ហាល​ ក្រុង​ព្រះវិហារ ​ខេត្ត​ព្រះវិហារ ​ឲ្យ​បានដឹងថា ​យើង​បានសម្រេច​បិទ​បញ្ចប់​ការ​ស៊ើប​សួរ​លើ​សំណុំរឿង​ខាង​លើ​នេះ ​ចាប់​ពី​ពេល​នេះ​តទៅ»។

ជម្លោះ​ដីធ្លី​រវាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ​និង​ក្រុមហ៊ុន​ចិន ​ឡាន ​ហ្វេង ​បានកើត​ឡើង​រហូត​​ដល់មាន​ពាក្យ​បណ្តឹង​ពី​ក្រុមហ៊ុន​ប្តឹង​ក្រុម​ជនជាតិ​ភាគ​តិច​កួយ ​និង​មន្ត្រី​សង្គមស៊ីវិល​ប្រមាណ ១០ នាក់​នេះ ​បន្ទាប់ពី​ក្រុមហ៊ុន​ចិន​មួយ​នេះ ​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល ​កាលពី​ឆ្នាំ ២០១១ ​ក្នុង​គោល បំណង​ដាំ​ដើម​កៅស៊ូ ​អាកាស្យា ​និង​អំពៅ ​ដែលមាន​ទីតាំង​នៅ​លើ​ទឹក​ដី​ដូនតា ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ។

បើតាម​ការអះអាង​របស់​អ្នកភូមិ ​និង​មន្ត្រី​អង្គការ​ពន្លក​ខ្មែរ​ ឲ្យដឹងថា ​តុលាការ​ បាន​ចោទ​ពួកគេ​ថា​ បាន​ចាប់​និង​បង្ខាំង​ដោយ​ខុស​ច្បាប់​ទៅ​លើ​អ្នក​បើក​គ្រឿងចក្រ ក្នុង​ហេតុ​ការណ៍​ជម្លោះ​ដី​ធ្លី​មួយ​ជា​មួយ​ក្រុម​ហ៊ុន​ចិន​ ឡាន​ ហ្វេង​ កាល​ពី​ខែ ​ធ្នូ ​ឆ្នាំ ​២០១៤។​ ទោះ​យ៉ាង​ណា​ពួកគេ ​បានបដិសេធ​​ថា ​ខ្លួនមិន​បាន​ចាប់​បង្ខាំង​មនុស្ស​ដូច​ការ​ចោទ​ប្រកាន់​ទេ​ គឺ​គ្រាន់​តែ​ឃាត់​គ្រឿងចក្រ​កុំ​ឲ្យ​ឈូស​ដី​របស់​ពួកគាត់​ប៉ុណ្ណោះ។

អ្នកស្រី​ តូច គុំ​ បងស្រី​លោក​ ស្រាល សុ​ឃី ​ជនជាតិ​ដើម​ភាគតិច​​កួយ​ម្នាក់​ក្នុងចំណោម​ជន​ត្រូវ​ចោទ​ទាំង នោះ​ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ ​ខណៈ​លោក សុ​ឃី ​ចុះទៅ​ចម្ការ​រយៈពេល​ ២ ថ្ងៃថា ​ការចោទប្រកាន់​ប្អូន​គាត់ ​និង​ជនជាតិ​កួយ​ដទៃ​ ធ្វើឡើង​មិន​ត្រឹម​ត្រូវ​នោះ​ទេ។ អ្នក​ស្ត្រីថា​ ដីធ្លី​នេះ​ជា​ដី​របស់​ពួកខ្លួន ​ដែល​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា ​បានធ្វើ​តាំង​ពី​ដើម​មក ​ខណៈដែល​ក្រុមហ៊ុន​ទាំងនេះ​ បាន​ដណ្តើម​អុក​ឡុក ​និង​បាន​ប្តឹង​ពួកគាត់​ដែល​ជា​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ទៅ​តុលាការ។

អ្នកស្រី​បញ្ជាក់ថា​៖ «វា​មិន​សម​ទេ នៅពេល​ធ្វើ​ដាក់​ប្រជាជន​បែប​ហ្នឹង។ សម្រាប់​ខ្ញុំ​ការដាក់​ប្អូន​ខ្ញុំ​ឲ្យ​ស្ថិត​ក្រោម​ការត្រួត​ពិនិត្យ​នេះ គឺ​បិទ​សិទ្ធិសេរីភាព​ពួកយើង ​ដែល​នៅតែ​ធ្វើការ​ចោទប្រកាន់​ ចំពោះ​ប្អូន​ខ្ញុំ ​ដែល​មិនមាន​សេរីភាព​សម្រាប់​យើង​ដើរទៅ​ណា​មក​ណា ​ព្រោះ​ស្ថិតក្នុង​ការគ្រប់គ្រង​[របស់]​គេ​ ហើយ​គេ​ឲ្យ​យើង​ ១ ខែ ​ទៅ​ជួប​គេ​ម្តង។ ខ្ញុំ​សូម​សំណូ​ម​ពរ​ឲ្យ​លុប​ចោល​ពាក្យបណ្តឹង​ហ្នឹង​ទៅ ​ហើយ​មិនបាច់​ឲ្យ​ទៅ​បង្ហាញខ្លួន ​រញ៉េរញ៉ៃ​អី​ទៀត​ទេ ឲ្យ​យើង​រស់នៅ​រកស៊ី​របស់​យើង​ឲ្យ​មាន​សេរីភាព​ខ្លះ។ សម្រាប់​ខ្ញុំ ​គឺ​មិន​ពេញចិត្ត​ទេ ដែល​គេ​ធ្វើ​បែប​ហ្នឹង​មក​លើ​ពួកយើង»។

លោក​ ប៉ឹក សោភ័ណ ​មន្ត្រី​អង្គការ​ពន្លក​ខ្មែរ​ដែល​រង​បណ្ដឹង​ដែរនោះ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ពីម្សិលមិញ​ដែរ​ថា ​វា​គឺជា​រឿង​ភ្ញាក់​ផ្អើល​មួយ​ដែល​សំណុំ​រឿងនេះ ​បន្ត​អូសបន្លាយ​ពេលវេលា​ ទើបតែ​ត្រូវបាន​បិទ​បញ្ចប់ ​ខណៈ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី មិន​ទទួលបាន​សំណង​ពី​ការបាត់បង់​ដី​ដូន​តារបស់​ខ្លួន​ ហើយ​បែរ​​ត្រូវ​មក​ទទួល​បណ្តឹង​នៅ​តុលាការ​ដោយ​អយុត្តិធម៌​ទៀត។

លោក ​ប៉ឹក សោភ័ណ ​បញ្ជាក់ថា៖ ​«ខ្ញុំ​គិតថា​ តុលាការលោក​នឹង​ឈរលើ​ស្មារតី​យុត្តិធម៌​ សច្ចៈ​ទៀង​ត្រង់​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ទូទៅ​ដោយ​មិន​ប្រកាន់​និន្នាការ​អ្វី​ទេ ​ប្រសិន​លោក​មើលឃើញថា​ វា​មិន​យុត្ដិធម៌​ត្រឹមត្រូវ។

បច្ចុប្បន្ន​នេះជម្លោះ​ដីធ្លី​ហ្នឹង ​ត្រូវបាន​ក្រុមហ៊ុន​ យក​ដីដាំ​អំពៅ​​បាន​ដោយ​ជោគជ័យ​ ហើយ​សហគមន៍​មិន​បាន​ដីស្រែ​ ចម្ការ​អី​គាត់​មក​វិញ​នោះ​ទេ។ ប៉ុន្តែ​បែរជា​របាយ​ការណ៍​របស់​មន្ទីរ​ដែនដី បាន​បង្ហាញថា ​បាន​ដោះស្រាយ​បញ្ចប់​សព្វគ្រប់​អស់​ហើយ»។

​លោក​ស្រី ជុំ កន្និយ៉ា ​ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​សាលាដំបូង​ខេត្ត​ព្រះវិហារ ​ពី​ម្សិលមិញ​ បដិសេធ ធ្វើ អត្ថាធិប្បាយ ដោយ​អះអាងថា ​មិន​ទាន់​បាន​ពិនិត្យ​លើ​សំណុំ​រឿង​នេះ​នៅ​ឡើយ៕