ភ្នំពេញៈ ​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់​ខ្លួន​មនុស្ស ១៦១៣៩ នាក់ និង បង្ក្រាប​បាន​ ៧៩៧៩ ​ករណី​ដែល​ពាក់ព័ន្ធ​នឹង​អ្នក​ជួញដូរ និង​អ្នក​ប្រើប្រាស់​គ្រឿងញៀន បើ​គិត​ជា​មធ្យម​គឺ​មនុស្ស​យ៉ាង​ហោច​ណាស់​ប្រមាណ ៤៤ នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង ១ ​ថ្ងៃ​។ យោងតាម​គណៈកម្មការ​ទី​ ៣ នៃ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ដែល​ដឹកនាំ​ដោយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​បើក​យុទ្ធនាការ​បង្ក្រាប​ចាប់ពី​ថ្ងៃទី​ ១ ​មករា​ដល់​ថ្ងៃ ទី​ ២៩ ខែ​ធ្នូ ឆ្នាំ​ ២០១៨​។

របាយការណ៍​បាន​ឲ្យ​ដឹង​ថា​លទ្ធផល​អនុវត្ត​ច្បាប់​រយៈពេល ១២ ​ខែ​ (​គិត​ពី​ថ្ងៃទី​ ១ ខែ​មករា ដល់​ថ្ងៃ ទី​ ២៩ ខែ​ធ្នូ ឆ្នាំ​ ២០១៨ មាន​ចំនួន​សរុប ៧៩៧៩ ករណី​ដោយ​ឃាត់​មនុស្ស ១៦១៣៩ ​នាក់​ស្រី ១៣៣៩ នាក់​ជនបរទេស ៣១០ នាក់​ស្រី ៤៨ ​នាក់​មាន ២៤ ​សញ្ជាតិ​។ ពាក់ព័ន្ធ​នឹង​ការជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និង​ដាំដុះ​មាន​ចំនួន​សរុប ៥០៣៣ ករណី​ឃាត់​ខ្លួន ៩០៤៩ ​នាក់​ស្រី ៩១៣ ​ហើយ​ទាក់ទឹង​នឹង​អ្នក​ដែល​ប្រើប្រាស់​មាន​សរុប​ចំនួន​ ៤៩៤៦ ​ករណី ឃាត់​ខ្លួន ៧០៩៩ នាក់ ស្រី​ ៤២៦០ ​នាក់​»​។

របាយការណ៍​បន្ថែម​ថា​សមត្ថកិច្ច​បាន​ធ្វើការ​អនុវត្ដ​ដីកា​ដោយ​បាន​ឃាត់ ២៣៩ ​នាក់​ស្រី ៩ ​នាក់ ហើយ​បាន​រឹបអូស​សារធាតុ​ញៀន​គ្រប់​ប្រភេទ ៥៣៣ ​គីឡូក្រាម និង ២៨៨ កញ្ចប់ កញ្ឆា​ក្រៀម ៧៤ ​គីឡូក្រាម និង ១៦៤៩២៥ ដើម​និង សម្ភារ​ដែល​ចាប់​យក​មាន រថយន្ដ ៩៤ គ្រឿង ម៉ូតូ ២២៣០ ​គ្រឿង ទូរស័ព្ទ ៥៩២៤ គ្រឿង ជញ្ជីង ៣៧៦ គ្រឿង អាវុធខ្លី ២៦ ​ដើម អាវុធ​វែង ១៣ ដើម ចលនទ្រព្យ និង​អចលនទ្រព្យ​ស្នើសុំ​បង្កក​ចំនួន ៥ កន្លែង​មាន​ដីចម្ការ ១ ​កន្លែង ដីឡូត៍ ២ ​កន្លែង និង​ផ្ទះល្វែង ២ ​កន្លែង​។

នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ថែ្លង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ចំនួន​ករណី​បង្ក្រាប​អ្នក​ជួញដូរ និង​អ្នកប្រើប្រាស់​គ្រឿងញៀន​មាន​ការ​ថយចុះ ដោយសារ​តែ​ការចូលរួម​ពី​គ្រប់​សមាសភាព​នៅ​ក្នុង​សង្គម ទាំង​ការធ្វើ​សកម្មភាព​ និង​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ទាំង​ការ​ផ្តល់​ព័ត៌មាន និង​ការសហការ​ជាមួយ​សមត្ថកិច្ច និង​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ធ្វើឲ្យ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ដែល​បាន​លាក់​ខ្លួន​បាន​ស្ម័គ្រ​ចិត្ត​មក​ទទួល​សេវា​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​។

លោក​ថ្លែង​ថា​៖ «​យើង​ព្យាយាម​ទប់ស្កាត់​តាមរយៈ​ការផ្សព្វផ្សាយ​អប់រំ​ និង​ផ្សព្វផ្សាយ​ឲ្យ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ដែល​លាក់​ខ្លួន​ស្ម័គ្រចិត្ត​មក​ទទួល​សេវា​ព្យាបាល​»៕