ព្រះសីហនុៈ មនុស្ស​ជាង​ ២០ ​នាក់ ​ត្រូវបាន​មន្ត្រីនគរបាល​ចុះទៅ​សាកសួរ​ និង​ហៅ​មក​សួរ​នៅ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ​ជា​បន្តបន្ទាប់​ជុំវិញ​ករណី​បាត់​ខ្លួន​ស្ដ្រី​ជនជាតិ​អង់គ្លេស​នៅ​កោះរ៉ុង ខេត្ត​ព្រះសីហនុ​។ មន្ត្រី​បាន​លើកឡើង​ថា ថ្វី​ដ្បិត​មាន​ប្រតិបត្តិការ​រុករក​អស់​ជាច្រើន​ថ្ងៃ​រួមទាំង​សាកសួរ​មនុស្ស​មួយ​ចំនួន​ក្ដី ប៉ុន្តែ​មិនទាន់​ទទួល​បាន​តម្រុយ​អ្វី​ថ្មី​ពាក់ព័ន្ធ​នឹង​ការបាត់​ខ្លួន​ស្ដ្រី​អង់គ្លេស​នោះទេ​។

លោក​ ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ចាប់តាំងពី​មាន​ស្ដ្រី​ជនជាតិ​អង់គ្លេស​បាត់​ខ្លួន​នៅ​កោះរ៉ុង​តាំងពី​ថ្ងៃទី​ ២៤ ​តុលា​ មក​គឺ​មាន​មនុស្ស​ជាង​ ២០ ​នាក់ ​ត្រូវ​បាន​សាកសួរ ដើម្បី​ស្វែងរក​ពន្លឺ​ជួយ​ទៅដល់​ប្រតិបត្តិការ​រុករក​របស់​កម្លាំង​សមត្ថកិច្ច​។ ប៉ុន្តែ​ពួកគេ​ទាំងនោះ​មិនមែន​ជា​ជនសង្ស័យ​ជុំវិញ​ការបាត់​ខ្លួន​ស្ដ្រី​នោះឡើយ ។

លោក​បញ្ជាក់ថា​៖ «​យើង​គ្រាន់​សាកសួរ​ពួកគាត់ ដូចជា​អ្នកណា​ធ្លាប់​ឃើញ​ (​ស្ដ្រី​ជនជាតិ​អង់គ្លេស​បាត់​ខ្លួន​) ​របៀប​ម៉េច ធ្លាប់​ជួប​របៀប​ម៉េច ដើម្បី​ធ្វើ​ជា​ពន្លឺ​សម្រាប់​កម្លាំង​សមត្ថកិច្ច​យើង​។ យើង​មិនមែន​ទៅ​សំដៅ​ពាក់ព័ន្ធ​នឹង​ប្រព្រឹត្ត​បទល្មើស ឬ​មួយ​ក៏​ករណី​អី​ផ្សេង​ទេ​។ ប៉ុន្តែ​ឱ្យតែ​យើង​មាន​តម្រុយ និង​ពន្លឺ​គឺ​ចង់ដឹង ចង់​ឮ ដើម្បី​យក​ព័ត៌មាន​ដើម្បី​ធ្វើ​ការងារ​ស្រាវជ្រាវ​តែ​ប៉ុណ្ណឹង​ទេ​»​។

លោក​ ណារិន្ទ បន្ថែម​ថា​ពុំមាន​ជនណា​ម្នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​ជុំវិញ​ការសង្ស័យ​ធ្វើឱ្យ​បាត់​ខ្លួន​ស្ដ្រី​ជនជាតិ​អង់គ្លេស​នេះ​នៅឡើយ​ទេ​។ លោក​បន្តថា សមត្ថកិច្ច​នឹង​បន្ត​ចុះ​សាកសួរ​មនុស្ស​មួយ​ចំនួន​ទៀត​ដើម្បី​ប្រមូល​យក​ព័ត៌មាន​បន្ថែម ខណៈ​ប្រតិបត្តិការ​រុករក​រយៈពេល​​ ៦ ​ថ្ងៃ​នៅ​ពុំទាន់​ទទួល​បាន​តម្រុយ​អ្វី​នៅ​ឡើយ ។

បើតាម​ស្នងការ​រូបនេះ​កម្លាំង​រុករក មាន​ចំនួន​រាប់រយ​នាក់​ក្នុង​នោះ​មាន​កម្លាំង​គណៈបញ្ជាការ​ខេត្ត​មាន​ជាង​ ១០០ ​នាក់ អ្នកជំនាញ​មុជទឹក​ ៦ ​នាក់ និង​កម្លាំង​ស្ម័គ្រចិត្ត​ដែលមាន​ទាំង​ជនជាតិខ្មែរ និង​បរទេស​ជាច្រើន​រយ​នាក់​ផ្សេងទៀត​។ កម្លាំង​ទាំងនេះ​ត្រូវ​បាន​បែង​ចែកជា​ក្រុមៗ ដើម្បី​បន្ត​ចុះទៅ​រុករក​នៅតាម​ព្រៃ និង​តាម​ផ្ទៃសមុទ្រ​រួមទាំង​នៅ​តាម​តំបន់​ផ្ទៃ​ថ្ម​ជាដើម​។

ជាមួយ​គ្នា​នោះ​មធ្យោបាយ​រុករក​គឺ​មាន​អូប័រ​ធំៗ​របស់​លោក​ឧកញ៉ា​ ទៀ វិចិត្រ ចំនួន​ ៦ ​គ្រឿង​ ពី​លម្ហ​សមុទ្រ​ ១ ​គ្រឿង និង​អូប័រ​តូចធំ​របស់​គណៈបញ្ជាការ​ខេត្ត​ចំនួន​ ១២ ​គ្រឿង​ផ្សេងទៀត​ ទាំង​កូន​យន្តហោះ​ដ្រូន​ចំនួន​​ ២ ​គ្រឿង ខណៈ​អគ្គស្នងការ​នគរបាល​ជាតិ​ក៏​បាន​បញ្ជូន​សុនខ​ហិតក្លិន​ចំនួន​ ៣ ​ក្បាល​ កាលពី​ថ្ងៃទី​ ២៩ តុលា ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រឹងប្រែង​រក​ស្ដ្រី​បាត់​ខ្លួន​នេះ​។

អ្នកទេសចរ​ជនជាតិ​អង់គ្លេស​ឈ្មោះ​ Amelia Bambridge អាយុ​ ២១ ​ឆ្នាំ ​ត្រូវបាន​អាជ្ញាធរ​អះអាង​ដំបូង​ថា បាន​បាត់​ខ្លួន​កាលពី​វេលា​ម៉ោង​​ ៣ ​ទៀបភ្លឺ​ថ្ងៃទី​ ២៤ ​តុលា ​ក្រោយពី​ស្ដ្រី​រូបនេះ​ត្រូវ​បាន​គេ​ឃើញ​លើកចុងក្រោយ​ធ្វើដំណើរ​តែម្នាក់ឯង​ចេញពី​កម្មវិធី​ជប់លៀង​មួយ​នៅ​ភោជនីយដ្ឋាន​ឈ្មោះ Police Beach ដើម្បី​ត្រឡប់​ទៅកាន់​សណ្ឋាគារ​ស្នាក់នៅ​វិញ​ឈ្មោះ Nest Beach Club ដែល​មាន​ចម្ងាយ​ពី​គ្នា​ប្រហែល​ ១ ​គីឡូម៉ែត្រ ។

ក្រោយពី​ការបាត់​ខ្លួន អាជ្ញាធរ​បាន​រកឃើញ​កាបូប​តូច​របស់​នាង​ដែល​ខាងក្នុង​មាន​ទូរស័ព្ទ កាបូប​លុយ និង​កាត​ធនាគារ​នៅលើ​ផ្ទាំង​ថ្ម​ជាប់មាត់​ទឹកសមុទ្រ ខណៈ​ខាង​សណ្ឋាគារ​ក៏បាន​រាយការណ៍​ថា នាង​មិន​បាន​មក​ចុះឈ្មោះ​ដើម្បី​ចាកចេញ​ពី​សណ្ឋាគារ​ឡើយ និង​បាន​បន្សល់​ទុក​លិខិតឆ្លងដែន និង​សម្ភារ​ប្រើប្រាស់​ដូចជា សម្លៀកបំពាក់​នៅក្នុង​បន្ទប់​សណ្ឋាគារ​។

កាលពី​ថ្ងៃ​ ២៧ ​តុលា​ គ្រួសារ​របស់​ស្ដ្រី​បាត់​ខ្លួន​ចំនួន​ ៥ ​នាក់ បាន​ធ្វើ​ដំណើរ​ដល់​ខេត្ត​ព្រះសីហនុ ដើម្បី​តាម​រុករក​នាង​។

លោក នួន ប៊ុនថុល អភិបាលក្រុង​កោះរ៉ុង​លើកឡើង​ដែរ​ថា​ពី​តំបន់​ឆ្នេរសមុទ្រ​ដែល​ជា​កន្លែង​សង្ស័យ​បាត់​ខ្លួន​ចូល​ទៅ​ព្រៃ​គឺ​មាន​ចម្ងាយ​ប្រហែល​ ៥ ​ទៅ ៦ ​គីឡូម៉ែត្រ​ ត្រូវ​អាជ្ញាធរ​ចូល​ទៅ​រុករក​។ ឯ​ក្រុម​អ្នក​មុជទឹក​ក៏​មុជ​រាវរក​នៅក្នុង​ទឹក​ចម្ងាយ​ប្រហែល​ ៦ ​គីឡូម៉ែត្រ និង​រួមទាំង​ការល្បាត​លើ​ផ្ទៃ​នៅ​ជុំវិញ​កោះ​ថែមទៀត ប៉ុន្តែ​នៅ​ពុំទាន់​រកឃើញ​ពន្លឺ​អ្វី​នោះទេ​។

លោក​បន្តថា​ក្រៅពី​ប្រតិបត្តិការ​ល្បាត​លើ​ផ្ទៃ​ទឹក​ត្រូវ​បាន​ពង្រីក​ឱ្យ​​បាន​ចម្ងាយ​ ៣០ ​ទៅ​ ៤០ ​គីឡូម៉ែត្រ​ នៅ​ជុំវិញ​កោះ​ក្នុង​នោះ​អាជ្ញាធរ​ក៏បាន​ផ្សព្វផ្សាយ​ដល់​គ្រប់​សហគមន៍​នេសាទ​ទាំងអស់​ជួយ​តាមរក ខណៈ​អាជ្ញាធរ​ខេត្តកោះកុង​ក៏​ត្រូវបាន​ជូនដំណឹង​ឱ្យ​ចុះ​ពិនិត្យ​នៅ​តាម​តំបន់ឆ្នេរ​សមុទ្រ​ផងដែរ ។

លោក​ថ្លែងថា​៖ «​នៅពេល​ដែល​ពួកគាត់​ចុះ​នេសាទ​ហ្នឹង សុំឱ្យ​ពួកគាត់​ជួយ​ពិនិត្យមើល ហើយ​បើ​ឃើញ សុំឱ្យ​គាត់​រាយការណ៍​មក​សមត្ថកិច្ច​»​។

នៅ​ថ្ងៃទី​ ២៩ ប្អូនស្រី​របស់ Amelia Bambridge ឈ្មោះ Georgie Bambrigde បាន​សរសេរ​បង្ហោះ​នៅតាម​ទំព័រ​ហ្វេសប៊ុក​អំពាវនាវ​ទៅដល់​អ្នក​ដែល​បាន​ទៅលេង​កោះរ៉ុង​ជួយផ្ដល់​ដំណឹង​អំពី​ការបាត់​ខ្លួន​បងស្រី​របស់​នាង ប្រសិន​បើ​ទទួល​បាន​តម្រុយ​អ្វីមួយ ខណៈ Amelia ពុំមាន​ទូរស័ព្ទ លិខិតឆ្លងដែន ឬ​លុយ​នៅ​ជាប់​នឹង​ខ្លួន​នោះ​។

នាង​បាន​និយាយថា​៖ «​នាង​ (Amelia) បាន​រៀបចំ​គម្រោង​ដំណើរ​កម្សាន្ត​រយៈពេល​ ២ ​ឆ្នាំ​ ដ៏​ប្រុងប្រយ័ត្ន​បំផុត​ បន្ទាប់ពី​ទៅលេង​ឪពុក​នៅក្នុង​ប្រទេស​ វៀតណាម​។ អំឡុង​ស្នាក់នៅ​រយៈពេល​ខ្លី​នៅ​កោះរ៉ុង នាង​បាន​ជួប​ជាមួយ​មិត្តភក្ដិ​មួយ​ចំនួន​ដែល​បាន​ឃើញ​នៅក្នុង​កាមេរ៉ា​សុវត្ថិភាព ខណៈ​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ (​ពិធី​ជប់លៀង​) ​នៅ Police Beach នៅ​វេលា​ម៉ោង​ ២ ​ព្រឹក និង​មិន​បានឃើញ​ត្រឡប់​មកវិញ​នោះទេ​»​។

ជាមួយ​គ្នា​នេះ​អភិបាលក្រុង​កោះរ៉ុង​លោក​ នួន ប៊ុនថុល បាន​បញ្ជាក់​ដែរ​ថា អាជ្ញាធរ​កំពុង​សង្ស័យ​អំពី​មូលហេតុ​ដែល​កាបូប​នាង​ស្ថិត​នៅលើ​ផ្ទាំង​ថ្ម​ជាប់​ទឹក ខណៈ​វីដេអូ​នៅក្នុង​កាមេរ៉ា​សុវត្ថិភាព​មិន​បាន​ឃើញ​នាង​ត្រឡប់​មកពី​កម្មវិធី​ជប់លៀង​វិញ​៕