ភ្នំពេញៈ នៅក្នុងថ្ងៃដំបូងនៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ដែលធ្វើឡើងពីថ្ងៃទី ១០ ខែកុម្ភៈ នៅក្នុងមន្ទីរពេទ្យធំៗចំនួន ៤ មានអ្នកចុះឈ្មោះចាក់វ៉ាក់សាំងជាង ៤០០ នាក់ ប៉ុន្តែអ្នកដែលបានចាក់រួចមានតែជាង ៣០០ នាក់ ខណៈក្រសួងសុខាភិបាលបានជំរុញឱ្យក្រុមគ្រូពេទ្យត្រូវចែកវេនគ្នាទៅចាក់វ៉ាក់សាំង ដើម្បីកុំឱ្យរាំងស្ទះដល់ដំណើរការមន្ទីរពេទ្យ។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានផ្តល់របាយការណ៍ថា ចំនួនអ្នកដែលបានចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ ១៩ នៅថ្ងៃទី ១០ ខែកុម្ភៈ មានសរុបចំនួន ៤២៥ នាក់ (ស្រី ១០៤ នាក់) ប៉ុន្តែអ្នកដែលបានចាក់វ៉ាក់សាំងរួចមានចំនួន ៣៣៩ នាក់ ក្នុងនោះមានស្រីចំនួន ៧៥ នាក់។ អ្នកដែលបានចុះឈ្មោះហើយមិនត្រូវបានគ្រូពេទ្យអនុញ្ញាតឱ្យចាក់នោះ មានចំនួន ៨៦ នាក់ (ស្រី ២៩ នាក់) ដោយសារពួកគាត់មានបញ្ហាសុខភាព។
ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីកម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩ជាបន្តនៅថ្ងៃទី ១១ ខែកុម្ភៈ និងថ្ងៃបន្តបន្ទាប់ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។
លោកស្រី ឱ វណ្ណឌីន លើកឡើងក្នុងសេចក្តីប្រកាសនេះថា ឥស្សរជន និងអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងនៅថ្ងៃទី ១០ ខែកុម្ភៈអាចទៅចាក់តាមទីកន្លែងដែលក្រសួងសុខាភិបាលបានកំណត់ទីតាំងរួចរាល់ហើយ។
លោកស្រីបញ្ជាក់ថា៖ «សម្រាប់ក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យអង្គឌួង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យកុមារជាតិ ដែលជាទីតាំងចាក់វ៉ាក់សាំងកូវីដ ១៩ សូមចាត់ចែងចាក់ជូនបុគ្គលិករបស់ខ្លួនឱ្យបានគ្រប់ៗគ្នានៅតាមទីតាំងរៀងៗខ្លួន»។
សម្រាប់ក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យព្រះកុសមៈមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិនទាំងអស់ត្រូវចែកពេលគ្នាទៅចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យកុមារជាតិ ដើម្បីកុំឱ្យរាំងស្ទះដល់ដំណើរការមន្ទីរពេទ្យ។ ចំណែកមន្ទីរពេទ្យកាល់ម៉ែត គឺសម្រាប់ចាក់ជូនសមាជិកព្រឹទ្ធសភា រដ្ឋសភា និងអង្គរក្សថ្នាក់ដឹកនាំកំពូលៗ ឯមន្ទីរពេទ្យព្រះអង្គឌួង គឺសម្រាប់ចាក់ជូនបុគ្គលិកមន្ត្រីរាជការព្រឹទ្ធសភា រដ្ឋសភា និងទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់។
ចំណែកកងកម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃ និងនគរបាលរាជធានីភ្នំពេញទាំងអស់ត្រូវទៅចាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា៖ «ការចាក់វ៉ាក់សាំងកូវីដ ១៩ នេះត្រូវបន្តធ្វើជារៀងរាល់ថ្ងៃធ្វើការចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៥ ល្ងាច ដោយសម្រាកពិសាអាហារថ្ងៃត្រង់ពីម៉ោង ១២ ដល់ម៉ោង ២»។ ចំពោះ ឥស្សរជន និងអ្នកដែលបានចាក់ដូសទី ១ រួចហើយ សូមទៅចាក់ដូសលើកទី ២ នៅតាមទីកន្លែងដែលខ្លួនបានចាក់លើកទី ១ ចន្លោះពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៨ ខែមីនា (មិនឱ្យលើសពីថ្ងៃទី ២៨ មីនា) គិតបន្ទាប់ពីថ្ងៃដែលបានចាក់លើកទី១។
អ្នកនាំពាក្យរូបនេះលើកឡើងទៀតថា៖ «ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនពីអាយុ ១៨ ឆ្នាំដល់ ៥៩ ឆ្នាំផ្សេងៗទៀតដែលនឹងទៅចាក់វ៉ាក់សាំងកូវីដ ១៩ ដោយស្ម័គ្រចិត្តនៅពេលក្រោយៗទៀត»។
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិថ្លែងក្នុងសន្និសីទកាសែតកាលពីរសៀលថ្ងៃទី ១០ ខែកុម្ភៈ នៅថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ជូនថ្នាក់ដឹកនាំកងទ័ពនៅមន្ទីរពេទ្យកេតុមាលាថា លោក និងកូនរួមនឹងអ្នកដែលនៅជុំវិញរូបលោកបានចាក់វ៉ាក់សាំងកូវីដ១៩ស៊ីណូហ្វាមរបស់សាធារណរដ្ឋប្រជាមានិតចិននេះរួចហើយ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំសុំអនុញ្ញាតនិយាយរឿងពិតមួយ គឺខ្លួនខ្ញុំបានចាក់រួចហើយ ហើយមកដល់ថ្ងៃនេះគឺនៅសល់តែ ១០ ថ្ងៃទៀតទេគឺបាន ១ ខែដែលខ្ញុំបានចាក់វ៉ាក់សាំងនេះ»។ លោកថា៖ «អ្នកនៅជុំវិញខ្លួនខ្ញុំមួយចំនួន គឺបានចាក់វ៉ាក់សាំងកូវីដ ១៩ រួចហើយនិយាយត្រង់គឺកូនរបស់ខ្ញុំ បានចាក់មុនខ្ញុំទៀត ដែលពេលនោះយើងទទួលបានក្នុងចំនួនមួយតិច។ កូនខ្ញុំចាក់ហើយមិនមានបញ្ហាអីទើបសម្រេចឱ្យខ្ញុំចាក់»។
លោកអះអាងថា លោកចាក់រួចហើយឃើញថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពល្អ ហើយអ្នកចាក់ទាំងអស់ ក៏មិនមានបញ្ហាអ្វីដែរ។ ដោយសារតែឃើញពីប្រសិទ្ធភាពរបស់វាហើយទើបលោកបានទំនាក់ទំនងទៅក្រសួងការពារជាតិចិន និងមានឱកាសបានទទួលអំណោយវ៉ាក់សាំងនេះផងដែរ។
លោក ទៀ បាញ់បញ្ជាក់ថា៖ «ជាលទ្ធផល វ៉ាក់សាំងនេះមានគុណភាពល្អ ប្រសិទ្ធភាពក៏ល្អ គឺមិនមានបញ្ហាអ្វីទាំងអស់»។
គួរបញ្ជាក់ផងដែរថា សាធារណរដ្ឋប្រជាមានិតចិនបានផ្តល់វ៉ាក់សាំងកូវីដ ១៩ ចំនួន ១ លានដូសដែលដំបូងនេះវ៉ាក់សាំងចំនួន ៦០ ម៉ឺនដូស ត្រូវបានដឹកមកដល់ប្រទេសកម្ពុជា ដោយក្នុងនោះវ៉ាក់សាំងចំនួន ៣០ ម៉ឺនដូសសម្រាប់ក្រសួងសុខាភិបាល និង ៣០ ម៉ឺនដូសសម្រាប់ក្រសួងការពារជាតិ។
គិតត្រឹមថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះកម្ពុជាមានអ្នកមានវីរុសកូវីដ ១៩ ចំនួន ៤៧៨ នាក់ក្នុងនោះអ្នកដែលបានព្យាបាលជាសះស្បើយមានចំនួន ៤៥៩ នាក់ និងអ្នកសម្រាកព្យាបាលមានចំនួន ១៩ នាក់៕