ស្ទឹងត្រែងៈ ពលរដ្ឋ​ប្រមាណ​ជាង​ ៥ ​ពាន់​នាក់​ស្មើ​នឹង​ជាង​ ១២៨៩ ​គ្រួសារ​នៅ​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង​ត្រូវ​បាន​ជម្លៀស​ដល់​ទីទួល​សុវត្ថិភាព​​ ខណៈ​ស្រុក​មួយ​នេះ​មាន​ពលរដ្ឋ​រស់នៅ​ជាង​ ២ ​ម៉ឺន​នាក់​។ ​នេះ​បើ​តាម​លោក ម៉ុម សារឿន ​អភិបាលខេត្ដ​ស្ទឹងត្រែង​។

លោក​អភិបាលខេត្ដ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ម៉ោង​ប្រមាណ​ ៧ ​យប់​មិញ​ថា ពលរដ្ឋ​សរុប​ក្នុង​ស្រុក​សៀមប៉ាង​មាន​ជាង​ ២៥០០០ ​នាក់ ហើយ​អ្នក​រងគ្រោះ​ដោយ​ទឹកជំនន់​ជាង​ ៥០០០ ​នាក់​ត្រូវ​បាន​ជម្លៀស​ដល់​ទីទួល និង​ទទួល​បាន​ការផ្គត់ផ្គង់​សម្ភារ ស្បៀងអាហារ​ថ្នាំពេទ្យ​គ្រប់ៗ​គ្នា​។

លោក សារឿន បាន​អះអាង​ថា​៖ «​ទឹក​មិន​ស្ទុះ​ឡើង​ដូច​មុន​ទេ​។ ​ពលរដ្ឋ​រងគ្រោះ យើង​បាន​ប្រក់​តង់​សម្រាប់​ពួកគាត់​សម្រាន្ត ថ្នាំពេទ្យ មុង ទឹកស្អាត ពិសេស​មី បាន​បញ្ជូន​ទៅ​ដល់​ពួកគាត់​ជា​បន្ដបន្ទាប់​ហើយ​» ប៉ុន្តែ​លោក​ថា ចំនួន​ពលរដ្ឋ​ដែល​បាន​ជម្លៀស​នេះ​ជា​តួលេខ​បណ្ដោះអាសន្ន​ប៉ុណ្ណោះ​។

បើ​តាម​ក្រសួង​ធនធាន​ទឹក​មក​ដល់​ម៉ោង​ ៣ និង​ ១០ ​នាទី​រសៀល​ម្សិលមិញ ទឹកទន្លេ​សេកុង​ក្នុង​ខេត្ត​ស្ទឹងត្រែង​បាន​បន្ត​ឡើង​ដល់​កម្ពស់​ ១២,១០ ​ម៉ែត្រ​ខណៈ​កម្រិត​ប្រកាសអាសន្ន​​មាន​ត្រឹម​ ១១,៥០ ​ម៉ែត្រ ។

លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ដែរ​ថា​៖ «​ក្នុង​ពេល​ ១ ​ថ្ងៃ​ទៀត​ចំនួន​ពលរដ្ឋ​ដែល​ជម្លៀស​ទៅ​ទីទួល​ប្រហែល​​មាន​ការ​ប្រែប្រួល​ខ្លះ​ទៀត​ព្រោះ​ទឹក​កំពុង​កើនឡើង ខ្ញុំ​មិន​ទាន់​ទទួល​បាន​ចំនួន​សរុប​នៅ​ឡើយ​ទេ​ថ្ងៃ​នេះ​។ ​អ៊ីចឹង​ចាំ​សរុប​តែ​ម្ដង​ទៅ​យក​ចំនួន​ចាស់​​ពី​ម្សិលមិញ​ ១២៨៩ គ្រួសារ​»​។

លោក ផែន ប៊ុនធឿន ប្រធាន​ប្រតិបត្តិ​កម្មវិធី​អង្គការ​ភ្លែន​អន្តរជាតិ​ខេត្ត​ស្ទឹងត្រែង​ដែល​បាន​ចូលរួម​អង្កេត​ទឹកជំនន់​នេះដែរ​បាន​ឲ្យ​ដឹង​ថា ក្រៅពី​ទឹកជំនន់​នៅ​ស្រុក​សៀមប៉ាង​ក៏​មាន​ភ្លៀង​ខ្លះៗ​ដែរ តែ​មិន​ខ្លាំង​​ទេ ខណៈ​ផ្ទះ​ពលរដ្ឋ​ខ្លះ​អាច​លិច​មិន​អាច​ស្នាក់​នៅ​បាន​។

លោក​បន្ដ​ថា​៖ «​ខាង​ក្រុម​ពួក​ខ្ញុំ​បាន​ចុះ​ទៅ​ប្រមូល​ព័ត៌មាន​នៅ​ទី​នោះ ហើយ​ពួក​ខ្ញុំ​នឹង​ចុះ​ទៅ​ធ្វើ​បន្ដ​ទៀត ព័ត៌មាន​ដែល​ប្រមូល​បាន​គឺ​ដាក់​ជូន​ទៅ​ដើម្បី​ធ្វើការ​ឆ្លើយតប​។ ​គ្រួសារ​ពិតប្រាកដ​ដែល​កំពុង​រងគ្រោះ​នៅ​ឃុំ​សន្ដិភាព និង​ឃុំ ថ្មកែវ​គឺ​មាន​ ៥៦២ ​គ្រួសារ​ដែល​​ត្រូវការ​ជំនួយ​សង្គ្រោះបន្ទាន់​ទាក់ទង​នឹង​តង់ ទឹក និង​សម្ភារ ផ្នែក​អនាម័យ​អ្វី​ផ្សេងៗ​ជាដើម​»​។

ពលរដ្ឋ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ទៅ​ទីទួល​សុវត្ថិភាព​។ រូបថត ក្រសួង​ធនធាន​ទឹក

បើ​តាម​លោក ប៊ុនធឿន តម្រូវការ​ជាងគេ​របស់​ពលរដ្ឋ​រងគ្រោះ​​គឺ​ទឹក ដូច្នេះ​យើង​កំពុង​ស្នើ​ទៅ​ថ្នាក់លើ​ដើម្បី​ផ្ដល់​ធុង​ទឹកស្អាត និង​តង់​បន្ថែម​។

បើ​តាម​លោក កែវ វី គម្រោង​សម្រាប់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ រដ្ឋាភិបាល​បាន​ត្រៀម​ផ្គត់ផ្គង់​ចំពោះ​​គ្រោះ​ទឹកជំនន់​ក្នុង​ ១ ​ឆ្នាំ រួមមាន​​អង្គរ​ ១ ​ម៉ឺន​តោន ស្រូវពូជ​ ២ ​ពាន់​តោន និង​មាន​គ្រាប់ពូជ​បន្លែ​ ៥០ ​តោន ខណៈ​កញ្ចប់​ថវិកា​លុះត្រា​មាន​ករណី​ពិសេស​​ទើប​រាជរដ្ឋាភិបាល​ទម្លាក់​ឲ្យ​ប្រើប្រាស់​។

លោក​ថា​៖ «​ចំនួន​ខាងលើ​នេះ​សម្រាប់​ការសង្គ្រោះ​បន្ទាន់ និង​ការស្ដារ​ឡើងវិញ ប៉ុន្ដែ​ប៉ុន្មាន​ឆ្នាំ​នេះ យើង​មិន​ដែល​ប្រើប្រាស់​ទេ​ព្រោះ​អាជ្ញាធរ​ខេត្ដ​អាច​ម្ចាស់ការ​បាន​លើ​ខ្ទង់​ចំណាយ​របស់​ពួកគាត់​...»​។

លោក វី ថា នៅ​ខេត្ដ​ក្រចេះ​ទឹកទន្លេ​មេគង្គ​បាន​ឡើង​ដល់​កម្រិត​ជាង​ ២០ ​ម៉ែត្រ និង​បាន​ជន់​លិច​ទៅ​តាម​តំបន់​ទំនាប​មួយ​ចំនួន ប៉ុន្ដែ​កម្ពស់​ទឹក​នា​ថ្ងៃ​​ម្សិលមិញ ទើបតែ​ឡើង​ដល់​ ២០,១៦ ​ម៉ែត្រ​ប៉ុណ្ណោះ ខណៈ​កម្ពស់​ ២២ ​ម៉ែត្រ​គឺជា​កម្រិត​ប្រកាស​អាសន្ន​ក្នុង​ខេត្ត​នេះ​។

លោក​បន្ថែម​ថា​ «​ថ្ងៃនេះ​ទឹកទន្លេ​ក្រចេះ​មាន​កម្ពស់​ ២០,១៦ ​ម៉ែត្រ​ដល់​កម្ពស់​ប្រុងប្រយ័ត្ន​ ២២ ​ម៉ែត្រ​នៅ​ច្រើន​ទៀត​ដែរ​ទើប​លិច ប៉ុន្ដែ​ក្រចេះ​នេះ​នៅ​តំបន់​ទំនាប​ផ្សេងៗ ដាំពោត​ដាំ​ល្ហុង អីហ្នឹង​គឺ​លិច​ហើយ​»​។

លោក វី បាន​ឲ្យ​ដឹង​ថា​ដូច្នេះ​ទើប​ក្រសួង​ធនធាន​ទឹក​ណែនាំ​ឲ្យ​អ្នក​នៅ​តាម​ទី​ទំនាប​ប្រញាប់ ប្រមូលផល​មុន​ទឹក​លិច​ដល់​៕