ភ្នំពេញៈ បើទោះបី​ជា​សមត្ថកិច្ច​បាន​អះអាងថា ប្រជាពលរដ្ឋ​ដែល​ជា​អ្នកបញ្ជា​យានយន្ត​នៅលើ​ដងផ្លូវ​នៅ​ទូទាំង​ប្រទេស​បាន​កែប្រែ​ឥរិយាបថ​មក​គោរព​ច្បាប់​ជា​បណ្ដើរៗ ប៉ុន្តែ​អត្រា​ស្លាប់​នៅតែ​មាន​ច្រើន ដូចជា​ក្នុង​រយៈពេល​ជាង​ ៥ ​ខែ ឆ្នាំ​នេះ​មាន​មនុស្ស​ ៧០០ ​នាក់​ស្លាប់​ និង​ជាង​ ២ ​ពាន់​នាក់​របួសធ្ងន់​ និង​ស្រាល ព្រោះ​ការបើកបរ​ល្មើស​ទៅនឹង​ច្បាប់​ចរាចរណ៍​។

លោក ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ថ្លែង​ឱ្យដឹង​កាលពី​ម្សិលមិញ​ថា ចាប់ពី​ថ្ងៃទី​ ១ ខែ​ឧសភា ដល់​ថ្ងៃទី​ ២១ ខែតុលា បើ​គិត​ទៅ​មាន​រយៈពេល ១៧៤ ​ថ្ងៃ​ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ១ ៤១៩ ​លើក​ បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ចំនួន ៧០៣ ​នាក់​ របួស​ចំនួន ២ ១៩០ ​នាក់ ក្នុងនោះ​របួសធ្ងន់ ១ ៣១១ ​នាក់ ចំណែក យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ​សរុប​ចំនួន ១៩៤ ៣៥០ ​គ្រឿង ​ក្នុង​នោះ​ម៉ូតូ​មាន​ចំនួន​ជាង​ ១៤៣ ៥៩២ ​គ្រឿង និង​រថយន្ត​ជិត ៥០ ៧៥៨ ​គ្រឿង​»​។

លោក​បញ្ជាក់ថា ទាំង​អ្នកបើកបរ​រថយន្ត​ និង​អ្នកបើកបរ​ម៉ូតូ​ដែល​បាន​ប្រឈម​ទៅនឹង​គ្រោះថ្នាក់​រហូត​ដល់​បាត់បង់​ជីវិត​ និង​រងរបួស ព្រោះ​ពួកគេ​បាន​ល្មើសច្បាប់​ចរាចរណ៍​ដោយ​មិន​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់​ផ្លាកលេខ ល្មើស​ល្បឿន អត់​បណ្ណ​បើកបរ អត់​ខ្សែក្រវាត់ គ្មាន​ស្លាក​លេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​ដោយ​មិន​ប្រើ​ឧបករណ៍​ជំនួយ​សំឡេង​។

លោក​ ឆាយ គឹមខឿន បាន​ថ្លែងថា បើ​មើល​តាម​តួលេខ​​នៃ​ប្រតិបត្តិការ​ប្រចាំថ្ងៃ​របស់​​សមត្ថកិច្ច​អាច​វាយតម្លៃ​បាន​ថា ឥរិយាបថ​របស់​ប្រជាពលរដ្ឋ​ជា​អ្នកប្រើប្រាស់​ផ្លូវ​មាន​ការប្រែប្រួល​មក​កាន់​ភាពវិជ្ជមាន​ហើយ​។ នេះ​មានន័យថា មាន​ប្រជាពលរដ្ឋ​ដែលជា​អ្នកបើកបរ​បាន​ងាក​មក​យកចិត្ត​ទុកដាក់​ក្នុង​ការគោរព​ច្បាប់​ច្រើន​ជាង​មុន​។

លោក​ គឹមខឿន ថ្លែងថា​៖ «​ខ្ញុំ​សូមបញ្ជាក់​ថា ឥរិយាបថ​ពលរដ្ឋ​ដែល​បាន​ប្រែ​មកកាន់​ភាពវិជ្ជមាន​នេះ គឺ​ដោយសារ​តែ ទី​ ១ យើង​ឃើញ​ថា គ្រោះថ្នាក់​មាន​ការថយចុះ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​កន្លងទៅ ទី​ ២ ​យើង​ឃើញ​ទិន្នន័យ​នៃ​ការពិន័យ ជាទូទៅ​ក៏មាន​ការថយចុះ​ដែរ ជាពិសេស​ប្រចាំថ្ងៃ​ជា​មធ្យម​ចន្លោះ​ ៥០០ ​ទៅ​ ៦០០ ​មិន​ដល់​ ១ ​ពាន់​គ្រឿង​ទេ​ឥឡូវនេះ​ដែល​ពីដំបូង​យើង​ពិន័យ​រហូតដល់​ ៣ ​ទៅ​ ៤ ​ពាន់​គ្រឿងក្នុង​ ១ ​ថ្ងៃ​»​។

លោក គឹមខឿន បានបង្ហាញ​ជា​ទឡ្ហីករណ៍​មួយចំនួន​ទៀត​ដែល​អាច​សន្និដ្ឋាន​បានថា ពិតជា​មានការ​ប្រែប្រួល​នូវ​ឥរិយាបថ​របស់​ពលរដ្ឋ​ក្នុង​ការប្រើប្រាស់​ផ្លូវ​គឺ ភាគច្រើន​អ្នក​ប្រើប្រាស់​យានយន្ត​តែងតែ​ទៅ​ក្រសួង​សាធារណការ ដើម្បី​ដាក់ពាក្យ​ប្រឡង​ដៃចង្កូត រៀន​បើកបរ​យានយន្ត ផ្លាស់ប្តូរ​បណ្ណ​សម្គាល់ ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត និង​ធ្វើ​បែបបទ​ផ្សេងៗ​ដែល​ជា​ឯកសារ​គតិយុត្ត​សម្រាប់​ឱ្យ​រថយន្ត​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​ស្របច្បាប់ និង​មាន​សុវត្ថិភាព​។

លោក គង់ រតនៈ នាយក​ស្តីទី​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ថ្លែងថា ចំនួន​អ្នក​ដែល​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ និង​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​មិន​ទាន់​បាន​ធ្លាក់​ទាប​នៅឡើយ​ទេ បើ​ផ្អែកទៅលើ​ទិន្នន័យ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​។

លោក រតនៈ ថ្លែងថា​៖ «​ខ្ញុំ​មើលឃើញ​ថា មាន​ប្រសិទ្ធភាព​ខ្លះ​ដែរ ប៉ុន្តែ​មិនទាន់​ដល់​កម្រិត​ដែល​យើង​ចង់បាន​»​។

លោក រតនៈ ថ្លែងថា​កម្ពុជា​នៅតែ​ត្រូវការ​ការរឹតបន្តឹង​ច្បាប់​ចរាចរណ៍​ឱ្យបាន​ជាប់​ជាប្រចាំ ព្រោះ​កន្លង​មក​ប្រជាពលរដ្ឋ​ខ្លាច​ប៉ូលិស​ជាង​ការខ្លាច​គ្រោះថ្នាក់​ខ្លួនឯង ហេតុនេះ​បើ​សិន​ជា​មាន​ប៉ូលិស​ដាក់​នៅ​តាម​គោលដៅ នៅពេល​ដែល​ពួកគាត់​ឃើញ​គឺ​គាត់​គោរព​ច្បាប់​ច្រើនជាង​៕