ភ្នំពេញៈ មនុស្ស​ទី ​៤​​ ត្រូវ​បាន​ផ្តល់​​ឲ្យ​នូវ​សម្បទា​​ឡើង​វិញ​ខណៈ​​មនុស្ស ៥​ នាក់​​​បន្ថែ​ម​ទៀត​​បាន​ដាក់​សំណើ​កាល​ពី​ថ្ងៃ​ចន្ទ​ដែល​បើ​ទោះ​បី​នេះ​ជា​របត់​នយោ​បាយ​ថ្មី​មួយក្តី​​ ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​និយាយ​ថា ការ​ផ្តល់​​សម្បទា​នយោបាយ​តែ​មួយ​​ គឺ​មិន​គ្រប់​គ្រាន់​​ ដើម្បី​រក្សា​​ «​គម្រោង​​អនុគ្រោះ​ពន្ធ​​សម្រា​ប់​​ការ​​នាំ​ចូលអ្វីៗគ្រប់​យ៉ាង​លើ​​ក​​​​លែង​តែ​អាវុធ ​​(EBA)​» ​​របស់​​សហភាព​អឺរ៉ុប​ទេ។

លោក សាយ ឈុំ ​​ប្រមុខ​រដ្ឋ​ស្តី​ទី​​ កាល​ពី​ថ្ងៃ​ចន្ទ​បាន​​ផ្តល់​សម្បទា​នយោបាយ​​​ដល់​លោក រៀល ខេម​រិន្រ្ទ​ ​អតី​ត​​​តំណាងរាស្រ្ត​​គណបក្ស​សង្គ្រោះ​ជាតិ ​តាម​សំណើ​របស់​លោក​។ នេះ​បើ​យោង​តាម​​ព្រះ​រាជ​ក្រឹត្យ​​ចុះ​ហត្ថលេខា​​កាល​ពី​ថ្ងៃ​ចន្ទ។

លោក ខេមរិន្ទ្រ​ ​គឺ​ជា​អ្នក​ទី​ ៤​​ ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​ការស្តារ​​សម្បទា​​បែប​នេះ​​ ចាប់​តាំង​ពី​​ច្បាប់​​វិសោធនកម្ម​បាន​ចូល​ជា​ធរ​មាន ​​កាល​ពី​ខែ​មករា។

ច្បាប់​វិសោធន​កម្ម​ បាន​ត្រួស​ត្រាយ​ផ្លូវ​​​ សម្រាប់​អ្នក​នយោ​បា​យ​ដែល​ត្រូវ​បាន​ហាម​​ពី​នយោ​​បាយ​​​​ឲ្យ​អាច​ត្រឡប់​​ចូល​សង្វៀ​ន​​នយោបាយ​​​វិញ​​ ដោយ​មិន​ចាំបាច់​រង់​ចាំ​​រយៈពេល ៥ ឆ្នាំ។

លោក ខេមរិន្ទ្រ​បាន​​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ កាល​ពី​ថ្ងៃ​ចន្ទ​ថា​៖ «​​ខ្ញុំ​រីក​រាយ​ដែល​ទទួល​បាន​សម្ប​​​ទា​ឡើង​វិញ​។ ​ខ្ញុំ​បាន​រៀប​ចំ​ឈ្មោះ​គណបក្ស​ថ្មី​ ​និង​ឡូ​ហ្គោ​រួច​ហើយ​។ ប៉ុន្តែ​ខ្ញុំ​មិន​អាច​​បង្ហា​ញ​​ទៅ​សាធារណ​​ជន​នា​ពេល​ឥឡូវ​​បាន​ទេ​​។ ​ខ្ញុំ​រង់​ចាំ​រហូត​ដល់​​មាន​ការ​សម្រេច​ពី​ក្រសួង​មហា​ផ្ទៃ​។ ​គណបក្ស​នេះ ​​​​​​នឹង​ចូល​រួម​ដោយ​អ្នក​​ស្នេហា​​ជាតិ​​ដែល​ស្រឡាញ់​ និង​ទុក​ចិត្ត​ខ្ញុំ»។

​លោក ខៀវ សុភ័គ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ ​បាន​ថ្លែង​ថា ​មនុស្ស​៥នាក់​​ទៀត ​បាន​ដាក់​​សំណើ​សុំ​​ស្តារ​សម្បទា​​រួម​មាន​​​អតី​ត​តំណាង​រាស្រ្ត​ ៤ ​នា​ក់​ ​គឺ​​ លោក អ៊ូ ច័ន្ទ​រ័ត្ន ​លោក ជីវ កត្តា លោកស្រី​ ទេព សុទ្ធី លោក កង​ គឹមហាក់ ​និង​លោក ច័ន្ទ សិលា​។ ​លោក​​ថ្លែង​ថា កាល​ពី​ពេល​ថ្មី​ៗ​នេះ​ មនុស្ស​ ២៦ ​នាក់​​បាន​ព្រលយ​​ថា ពួកគេ​នឹង​​ធ្វើ​សំណើ​​ដែរ ប៉ុន្តែ​​ ៧​ នាក់​រួច​ហើយ​​បាន​ដាក់​សំណើ​ ​ហើយ​ប្រហែល​ ១៩ ​នាក់​ទៀត​​ នឹង​ធ្វើ​​​នា​ពេល​​​ក្រោយ។

លោក អ៊ូ ច័ន្ធ​​រ័ត្ន ​បាន​បដិសេ​ធ​ធ្វើ​អត្ថា​ធិប្បាយ ​​​អំពី​មូល​ហេតុ​​នៃ​​ការ​ស្នើ​សុំ​​សម្បទា​​កាល​ពី​ថ្ងៃ​​ចន្ទ​។ ប៉ុន្តែ​ លោក​ស្រី​ទេព សុទ្ធី ​បាន​ថ្លែង​ថា​ លោក​ស្រី​មាន​គោល​ដៅ ​៣ ​​ចំពោះ​ការ​ស្នើ​សុំ​​សិទ្ធិ​នយោបាយ​វិញ​នេះ។

លោក​ស្រី​ថ្លែង​ថា​៖ «​ទី​១​ [យើង]​ចង់​រក្សា ​EBA សម្រាប់​កម្ពុជា​។ ​ទី​២​ យើង​ចង់​ឃើញ​​ការ​សម្រុះ​សម្រួល​ និង​ការផ្សះ​ផ្សា​​ជាតិ។ ​ខ្ញុំ​មិន​មែន​ជា​មនុស្ស​ស្វែង​រក​​បញ្ហា​ទ​»។​

លោក​ស្រី​ថ្លែងថា​ ប្រសិន​បើ​ EBA បាត់​បង់​​ វា​នឹង​ពិបាក​​ទទួល​បាន​វិញ​​។ ​​«​​វា​​ក៏​នឹង​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​សិទ្ធិ​មនុ​ស្ស​​​ផង​ដែរ​។ ​ចាប់​ពី​ពេល​ឥឡូវ ​​រហូត​ដល់​​ឆ្នាំ ​២០២២ ​វា​អាច​ទៅ​រួច​​សម្រាប់​ខ្ញុំ​​ ក្នុង​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​​នា​ពេល​ក្រោយ​។ ខ្ញុំ​មិន​ដឹង​ទេ​ឥឡូវ​នេះ​ ​ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​សិទ្ធិ»។

អ្នក​វិភាគ​នយោបាយ​ លោក ឯម​ សុវណ្ណារ៉ា​ ​បាន​ថ្លែង​ថា ការផ្តល់​សិទ្ធិ​នយោបាយ​​​​តែ​មួយ​​​មិន​គ្រប់​គ្រាន់​​​​ក្នុង​ការ​រក្សា ​​EB​A នោះ​ទេ ដោយ​សារ​សហភាព​អឺរ៉ុប​ ទាម​ទារ​​លក្ខខណ្ឌ​ដទៃ​ៗ​ទៀត​ជា​ច្រើន​ ​រួម​មាន​​​ការ​ធ្វើ​វិសោធន​​កម្ម​​ច្បាប់​​ស្តីពី​គណ​បក្ស​នយោបាយ​ ​ច្បាប់​ស្តីពី​សហ​ជីព ​និង​ការ​ដោះ​លែង​​លោក កឹម សុខា ​មេ​ដឹក​នាំ​​អតី​ត​គណបក្ស​​ប្រឆាំង​​។ ​«​​ប្រសិ​ន​បើ​ពួក​គេ​ទាំង​អស់​គ្នា​ ដាក់​សំណើ​ ​វា​នឹង​បង្ហាញ​ថា ​លម្ហ​ប្រជា​ធិបតេយ្យ​​​​មាន​លក្ខណៈទូលំ​ទូលា​យ ​​ក្នុង​ប្រទេស​កម្ពុជា​។ ​ប៉ុន្តែ​ជាមួយ​នឹង​​ចំនួន​តិច​តួច​នេះ​ ​វា​នឹង​មិន​ទាក់​ទាញ​ធ្វើ​ឲ្យ​​សហភាព​អឺរ៉ុប​​ បន្ទន់​ជំហ​របស់​ពួក​គេ​​ លើ​ការ​រក្សា​ EBA សម្រាប់​កម្ពុជា​នោះ​ទេ»។

លោក​បាន​ថ្លែង​ថា បើ​ទោះ​បី​ជា​​​​មាន​ការ​ធ្វើ​​សំណើ​​បន្ត​បន្ទាប់​​ និង​ការ​ផ្តល់​សម្បទា​បន្ត​បន្ទាប់​​ក៏​ដោយ ក៏​នេះ​មិន​ទាន់​ជា​ការផ្សះ​ផ្សា​ជាតិ​​ដែរ​។ «​​ការ​ផ្សះ​ផ្សា​​ជាតិ​ ត្រូវ​ការ​ការ​សន្ទនា​រវាង​គណបក្ស​កាន់​អំណាច​​ និង​អតី​ត​គណបក្ស​ប្រឆាំង​។ ប៉ុន្តែ​​បច្ចុប្បន្ន​នេះ​ ​គណបក្ស​ទាំង​ ២​ កំពុង​ប្រឈម​មុខ​ដាក់​គ្នា»។

លោក​​ថា ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​មេ​ដឹក​នាំ​​ ៨ នាក់​​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​​​ ដែល​ត្រូវ​បាន​ចេញ​កាល​ពី​ពេល​ថ្មី​ៗ​​​បង្ហាញ​ថា៖ «​​ស្ពាន​​​សម្រាប់​គណបក្ស​ទាំង​ ២ ​មិន​បើក​ចំហ​ទេ»។

​អ្នក​វិភាគ​នយោបាយ​ លោក ឡៅ ម៉ុង​ហៃបាន​ថ្លែង​ថា រដ្ឋា​​​ភិបាល ​​នៅ​តែ​ចៀស​វាង​​មិន​និយាយ​អំពី​ការ​ឆ្លើយ​តប​ទៅ​នឹង​លក្ខខណ្ឌ​​ដែល​កំណត់​​នៅ​ក្នុង EBA។

លោក​បាន​ថ្លែង​ដោយ​សំដៅ​​ទៅ​​ដំណើរ​ទស្សនកិច្ច​​របស់​សហភាព​អឺរ៉ុប​ មក​កម្ពុជា​នា​សប្តាហ៍​នេះ​ថា​៖ «​​វា​នឹង​ត្រូវ​តែ​ដោះ​ស្រាយ​​អ្វី​ ដែល​ត្រូវ​បាន​មើល​ឃើញ​​យ៉ាង​ទូលំ​ទូលាយ​​​ថា​ ជា​បញ្ហា​សំខាន់​​ គឺការ​ដោះ​លែង​លោក កឹម សុខា ​នៅ​ពេល​​ជួប​ជាមួយ​​គណៈ​ប្រតិភូ​សហភាព​អឺរ៉ុប»៕