ភ្នំពេញ៖ កម្មករ​រោងចក្រ​កាត់​ដេរ​ប្រុស និង​ស្រី​ចំនួន ៥ នាក់ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ជលគិរី ខេត្ត​កំពង់ឆ្នាំង ចាប់​បញ្ជូន​ទៅ​មណ្ឌល​ចត្តាឡីស័ក​ភ្លាមៗ បន្ទាប់​ពី​ពួក​គេ​នាំ​គ្នា​ជិះ​ម៉ូតូ​ចេញ​ពី​រាជធានី​ភ្នំពេញ​ទៅ​ដល់​ភូមិ-ឃុំពាមឆ្កោក ស្រុក​ជលគិរី ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃទី​២៦ មេសា។

លោក ហ៊ឹម យ៉ុង អធិការ​នគរបាល​ស្រុក​ជលគិរី បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី ២៦ មេសា​ថា បុគ្គល​ទាំង ៥ នាក់​នោះ​មាន ឈ្មោះ​ទី១-ទិត្យ មាន ភេទ​ប្រុស អាយុ ២៥ ឆ្នាំ ទី២-សួង វិចិត្រ ទី៣-ស្រិន ម៉ារី ភេទ​ស្រី អាយុ ២២ ឆ្នាំ ទី៤-ទិត្យ ភ័ស ភេទ​ប្រុស អាយុ ២៦ ឆ្នាំ (បងប្អូន​ ទិត្យ មាន)និង​ទី៥-សន វីរៈ ភេទ​ប្រុស អាយុ ២៦ ឆ្នាំ ពួក​គេ​រស់នៅ​ក្នុង​ភូមិ-ឃុំពាមឆ្កោក ស្រុក​ជលគិរី ខេត្ត​កំពង់ឆ្នាំង។

លោក យ៉ុង ប្រាប់​ថា៖ «ដោយសារ​តែ​អាជ្ញាធរ​យើង​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ហើយ​ម៉្យាង​ទៀត យើង​បាន​អនុវត្ត​យ៉ាង​តឹងរ៉ឹង​នូវ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ដូច្នេះ​បើ​មាន​មនុស្ស​ចូល​ស្រុក​យើង​ត្រូវ​អនុវត្ត​តាម​វិធាន​សុខាភិបាល​ភ្លាម»។

លោក​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃទី ២៦ មេសា មាន​មនុស្ស​ប្រុស និង​ស្រី បាន​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​មក​ដល់​ភូមិ​ពាមឆ្កោក ឃុំ​ពាមឆ្កោក ធ្វើ​ឱ្យ​អ្នក​ភូមិ​មាន​ការ​ភ្ញាក់​ផ្អើល​គ្រប់ៗ​គ្នា​ព្រោះ​ថា អំឡុង​ពេល​បិទ​ខ្ទប់​នេះ​មិន​គួរ​ណា​អ្នក​ទាំង ៥ នាក់​នេះ ហ៊ាន​ធ្វើ​ដំណើរ​មក​ដល់​ស្រុក​បែប​នេះ​ទេ។

លោក​ថ្លែង​ថា៖ «ដោយសារ​តែ​យើង​អនុវត្ត​វិធាន​សុខាភិបាល​អ៊ីចឹង​ពួក​គាត់​ត្រូវ​តែ​ចូល​មណ្ឌល​ធ្វើ​ចត្តាឡីស័ក។ យើង​មិន​ដឹង​ថា តើ​សុខភាព​របស់​ពួក​គាត់​យ៉ាង​ម៉េច​ទេ»។

លោក​ប្រាប់​ថា ចាប់​តាំង​ពី​អនុវត្ត​វិធានការ​បិទ​ខ្ទប់​មក​នៅ​ក្នុង​ស្រុកជលគិរី មិន​មាន​មនុស្ស​រត់​មក​ភូមិ​កំណើត​ច្រើន​ទេ។ បើ​សិន​ជា​មាន​ក៏​ត្រូវ​អាជ្ញាធរ​ស្រុក​នាំ​ទៅ​ធ្វើ​ចត្តាឡីស័ក​ដែរ ព្រោះ​អាជ្ញាធរ​ខ្លាច​មាន​ការ​ចម្លង​មេរោគ​ដ៏​កាច​សាហាវ​នេះ។

លោក​ឧត្តម​សេនីត្រីយ៍ អៀរ ប៊ុនធឿន អ្នក​នាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ឆ្នាំង ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​រសៀល​ថ្ងៃ​ទី ២៦ មេសា​ដែរ​ថា ចាប់​តាំង​ពី​អនុវត្ត​នូវ​វិធានការ​បិទខ្ទប់ និង​អនុវត្ត​តាម​វិធាន​របស់​ក្រសួង​សុខាភិបាល​មក នៅ​ទូទាំង​ខេត្ត​កំពង់ឆ្នាំង​ហាក់​មិន​សូវ​មាន​បុគ្គល​ល្មើស​នឹង​បម្រាម​បិទ​ខ្ទប់​ខេត្ត​ទេ។ ប៉ុន្តែ​សមត្ថកិច្ច​រឹត​បន្តឹង​បែប​នេះ​ក្តី​ក៏​បទល្មើស​នៅ​តែ​កើត​មាន​ខ្លះៗ​ដែរ​ ចំនួន​តិច​តួច​ទេ តែ​សមត្ថកិច្ច និង​អាជ្ញារធរ​គ្រប់​មូលដ្ឋាន​អាច​គ្រប់គ្រង​បាន។

លោក​ថ្លែង​ថា៖ «ករណី​នេះ​ ដោយសារ​ពលរដ្ឋ​លោក​យល់​ច្បាស់​ថា បើ​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​ត្រូវ​មាន​ទោស។ តែ​មាន​បុគ្គល​មួយ​ចំនួន​តូច​ទេ​​​ដែល​យើង​បាន​ចាប់​ទៅ​តុលាការ និង​ផាក​ពិន័យ»៕