ភ្នំពេញៈ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ និង​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​បង្ក្រាប​គ្រឿងញៀន​មួយកន្លែង ដោយ​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស-ស្រី​ចំនួន​ ២៥ ​នាក់​ព្រមទាំង​ដកហូត​ថ្នាំញៀន​ ២១ ​កញ្ចប់​កាលពី​ព្រឹក​ថ្ងៃទី​ ១៨ ខែ​កញ្ញា​។

លោក​ ឌី រ័ត្នខេមរុណ អភិបាលរង​ខណ្ឌមានជ័យ​ប្រាប់​អ្នក​សារព័ត៌មាន បន្ទាប់ពី​ប្រតិបត្តិការ​នោះ​ថា​ការបង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​នេះ​ធ្វើ​ឡើង​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោក​ ពេជ្រ កែវមុន្នី អភិបាលខណ្ឌ​មានជ័យ និង​លោកស្រី ម៉ាកនី ព្រះរាជអាជ្ញារង និង​មានការ​ចូលរួម​ពី​មន្ត្រី​នគរបាល​អធិការដ្ឋាន​ខណ្ឌ​មានជ័យ មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌ និង​មន្ត្រីនគរបាល​ប៉ុស្តិ៍​សង្កាត់​ស្ទឹងមានជ័យ​ ២​។ កម្លាំង​សរុប​ចំនួន​ ១២០ ​នាក់​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​នៅ​ទីលាន​ចាក់សំរាម​ចាស់​ស្ថិត​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​។

លោក​បញ្ជាក់ថា​៖ «​ក្រុម​នេះ​តែងតែ​ឆ្លៀតឱកាស​ចែកចាយ​គ្រឿងញៀន​នៅ​តំបន់​ចាក់សំរាម​នេះ ដូច្នេះ​ហើយ​ដោយសារ​តែ​ថ្ងៃនេះ​មាន​ការឯកភាព​ពី​អភិបាល​ខណ្ឌ​បង្កើត​គណៈកម្មការ ហើយ​បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​នេះ​ដោយ​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស-ស្រី​ ២៥ ​នាក់ ស្រី​ ៦ ​នាក់​ព្រម​ទាំង​ដកហូត​ថ្នាំញៀន​ ២១ ​កញ្ចប់​ក្នុង​នោះ​ ២ ​កញ្ចប់​ធំ​។ ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន និង​ម៉ូតូ​ ២ ​គ្រឿង​»​។

លោក​បន្ថែមថា បន្ទាប់ពី​ឃាត់ខ្លួន​អ្នកពាក់ព័ន្ធ​ហើយ​សមត្ថកិច្ច​ក៏បាន​ធ្វើការ​រុះ​ខ្ទម​អស់​ ៥ និង​ដុត​កម្ទេច​ ១ ​ខ្ទម​ដោយសារ​តែ​ខ្ទម​ទាំងនេះ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ធ្វើការ​ចែកចាយ​គ្រឿងញៀន​។

លោក​បន្តថា​៖ «​យើង​រុះរើ​មិន​ឲ្យ​កើតមាន​នៅលើ​ទីតាំង​នេះ​ទៀត​ទេ ដោយសារ​តែ​កន្លងមក​ក្រុម​ចែកចាយ​គ្រឿងញៀន​នេះ​បាន​ធ្វើការ​ចែកចាយ​នៅ​ផ្លូវ​ ៦០ ​ម៉ែត្រ ហើយ​អាជ្ញាធរ​ខណ្ឌ​តែងតែ​ចុះបង្ក្រាប​នៅតាម​បណ្តោយ​ផ្លូវ​ ៦០ ​ម៉ែត្រ​»​។

លោក​ ឌី រ័ត្នខេមរុណ ឲ្យ​ដឹងថា បន្ទាប់មក​សមត្ថកិច្ច​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​ប៉ូលិស ដើម្បី​វែកមុខ​សញ្ញា ថា​តើ​មាន​អ្នកពាក់ព័ន្ធ​ណាខ្លះ​ជា​អ្នក​ចែកចាយ និង​អ្នកណា​ខ្លះ​ជា​អ្នកប្រើប្រាស់​។ សមត្ថកិច្ច​នឹង​បញ្ជូន​អ្នក​ទាំងនោះ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់វិធានការ​ទៅតាម​ច្បាប់​។

លោក​បញ្ជាក់ថា​៖ «​យើង​មិនទាន់​ដឹង​នៅពេល​ណា​ដែល​យើង​នឹង​បញ្ជូន​ពួកគេ​ទៅកាន់​តុលាការ​នោះទេ ពីព្រោះ​វា​មាន​ចំនួន​ច្រើនពេក​។ ពេលណា​យើង​ស៊ើបសួរ​ចប់ យើង​នឹង​បញ្ជូន​ទៅហើយ​។ នីតិវីធី​នៃ​ការឃាត់ខ្លួន​មិន​លើសពី​ ៤៨ ​ម៉ោង​នោះទេ​»​។

លោក​អះអាង​ថា​ក្នុង​មនុស្ស​ប្រុស-ស្រី​ចំនួន​ ២៥ ​នាក់ ​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​នោះ​ពុំ​មាន​ក្មេង​ក្រោម​អាយុ​នោះទេ​។

លោក​ មាស សុវណ្ណ ប្រធាន​សមាគម​សង្គ្រោះ​ជនរងគ្រោះ​ដោយ​គ្រឿងញៀន​កម្ពុជា គាំទ្រ​ចំពោះ​ការបង្ក្រាប​នេះ​។ លោក​ថា​ការបង្ក្រាប​ខាងលើ​នេះ​គឺជា​ផ្នែក​មួយ​នៃ​បទបញ្ជា​របស់​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន​ដែល​បាន​ដាក់ចេញ​នាពេល​កន្លងមក​។

លោក​ថ្លែងថា​៖ «​ឥឡូវនេះ​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ទាំង​ថ្នាក់ជាតិ និង​ក្រោម​ជាតិ គឺ​មាន​ផែនការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ហើយ​សហការ​គ្នា​ដើម្បី​បង្ក្រាប​គ្រឿងញៀន​។ សមត្ថកិច្ច​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ ដើម្បី​ជួយ​ទប់ស្កាត់ និង​បញ្ជ្រាប​ការយល់ដឹង​ពី​ផលប៉ះពាល់​នៃ​គ្រឿងញៀន​»​។

លោក​ក៏​ស្នើ​ឲ្យ​សមត្ថកិច្ច​ខិតខំ​បន្ថែម​ក្នុងការ​ទប់ស្កាត់​ទីផ្សារ​នាំចេញ​ចែកចាយ​ដែល​នាំ​ឲ្យ​មានការ​ប្រើប្រាស់​គ្រឿងញៀន និង​ជួយ​ផ្សព្វផ្សាយ​ដល់​សហគមន៍​ពី​ការព្យាបាល និង​ស្ដារនីតិសម្បទា​។

ជាមួយ​គ្នា​នេះ​យោង​តាម​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ឲ្យ​ដឹងថា ការបង្ក្រាប​គ្រឿងញៀន​ទូទាំង​ប្រទេស​នៅ​ថ្ងៃទី​ ១៧ កញ្ញា​នេះ​បាន​ចំនួន​​ ២៩ ​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ៤៦ ​នាក់​ ដែល​មាន​ស្រី​ ៣ ​នាក់​។ ក្នុង​ចំណោម​ជនសង្ស័យ​ទាំងនោះ​មាន​មុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន ២៩ ​នាក់ និង​អ្នកប្រើប្រាស់​ ១៧ ​នាក់ ។

គេហទំព័រ​បន្ថែមថា វត្ថុតាង​ដែល​ចាប់​សរុប​ថ្ងៃទី​ ១៧ ​កញ្ញា​រួមមាន មេតំហ្វេតាមីន​ (ICE) ​ទម្ងន់ ៣៧.២៩ ក្រាម និង​ ៤៣ ​កញ្ចប់​តូច​៕