
ជនប្រុសស្រី ៩ នាក់លេងល្បែងស៊ីសងខុសច្បាប់ត្រូវបានប៉ូលីសចុះបង្ក្រាបនៅភូមិឬស្សីតាម៉ាន់ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២១ ។ រូបថត ប៉ូលីស
ពោធិ៍សាត់ៈ រយៈពេល ៤ ថ្ងៃដើមខែឧសភានេះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបឹងបត់កណ្តាលបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ១២ នាក់ យកមកធ្វើការអប់រំ និងព្រមានដោយធ្វើកិច្ចសន្យាឲ្យឈប់ជួបជុំគ្នាលេងល្បែងស៊ីសងខុសច្បាប់ទៀត។
លោក ព្រឹម សុភ័ណ្ឌ នាយនគរបាលប៉ុស្តិ៍ឃុំបឹងបត់កណ្ដាលបានឲ្យដឹងថា ការឃាត់ខ្លួនមនុស្សទាំង ១២ នាក់នេះធ្វើឡើង ២ លើកដោយលើកទី ១ នៅថ្ងៃទី ២ ខែឧសភា ឃាត់ខ្លួនបានមនុស្ស ៣ នាក់ និងលើកទី ២ នៅថ្ងៃទី ៤ ខែឧសភា ឃាត់ខ្លួនបានមនុស្ស ៩ នាក់។
លោក ព្រឹម សុភ័ណ្ឌ ថ្លែងថា៖ «នៅថ្ងៃទី ៤ ខែឧសភា មានពលរដ្ឋរាយការណ៍ថា នៅចំណុចក្រោមផ្ទះរបស់ឈ្មោះ វ័ន្ត អ៊ូក ភេទស្រី អាយុ ២៧ ឆ្នាំ រស់នៅភូមិឫស្សីតាម៉ាន់ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ហ្នឹងមានមនុស្សនាំគ្នាលេងល្បែងស៊ីសង [លេងបៀ]។ អ៊ីចឹងខ្ញុំបានចាត់កម្លាំងប៉ុស្តិ៍ ៤ នាក់ចុះទៅបង្ក្រាប ហើយពេលកម្លាំងយើងចុះទៅដល់ឃើញថា ពួកគាត់ពិតជាលេងល្បែងមែន»។
បើតាមលោក សុភ័ណ្ឌ ការបង្ក្រាបល្បែងស៊ីសងនេះ សមត្ថកិច្ចឃាត់ខ្លួនមនុស្សបានចំនួន ៩ នាក់ក្នុងនោះមានស្រី ៦ នាក់ដែលពួកគេរស់នៅភូមិឫស្សីតាម៉ាន់ ឃុំបឹងបត់កណ្តោល ស្រុកបាកាន។
វត្ថុតាងមានបៀរចំនួន ២ ហ៊ូរ កម្រាលក្រាលចំនួន ២ និងកន្ទេលចំនួន ១។
ចំណែកមួយករណីទៀត កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃុំបឹងបត់កណ្ដាល បានចុះទៅបង្ក្រាបនៅភូមិព្រះអំពិល នៅផ្ទះរបស់ឈ្មោះ ស្រី ប៉ែន ភេទស្រីអាយុ ៥៤ ឆ្នាំ ដែលជាលទ្ធផលចាប់ខ្លួនបានមនុស្ស ៣ នាក់មានស្រីម្នាក់ និងប្រុស ២ នាក់។
លោកនាយប៉ុស្តិ៍បានបន្តថា មនុស្សដែលសមត្ថកិច្ចឃាត់ខ្លួនបានទាំងអស់នោះត្រូវបាននាំយកមកប៉ុស្តិ៍ ដើម្បីអប់រំ និងធ្វើកិច្ចសន្យាឲ្យត្រលប់ទៅផ្ទះវិញ ដោយមិនមានការផាកពិន័យអ្វីឡើយ៕