ភ្នំពេញៈ បុរស​ម្នាក់​ត្រូវ​ក្រុម​ជនល្មើស​ ​១ ​ក្រុម​តាម​វាយ​សម្លាប់​កាល​ពី​ម៉ោង ​១ ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី ​១៤ ​សីហា ​នៅ​លើ​ទំនប់​កប់​ស្រូវ ​ក្នុង​ភូមិ​ភ្លូផ្អែម ​សង្កាត់​គោករកា ​ខណ្ឌ​ ព្រែកព្នៅ ​ប៉ុន្តែ​សមត្ថកិច្ច​មិន​ទាន់​សន្និដ្ឋាន​ថា​ អាច​ជា​រឿង​គំនុំ ​ឬ​យ៉ាង​ណា​នោះ​ទេ​ និង​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​បន្ត​ទៀត​។

លោក ​ឈិន​ គឹមធុយ ​អធិការ​នគរបាល ​ខណ្ឌ​ព្រែកព្នៅ​ ប្រាប់​ពី​ម្សិលមិញ​ថា សាកសព​ជន​រងគ្រោះ​ឈ្មោះ ​សុទ្ធ ​សំបូរ​ ហៅ ​ម៉ៅ ​អាយុ ​៣៤ ​ឆ្នាំ​ មាន​លំនៅ​ក្នុង​សង្កាត់​គោក​រកា ​ខណ្ឌ​ព្រែកព្នៅ ​រាជធានី​ភ្នំពេញ​ ហើយ​សមត្ថកិច្ច​របស់​លោក​បាន​ប្រគល់​សាកសព​ទៅ​ជូន​ក្រុម​គ្រួសារ​របស់​ជន​រងគ្រោះ​ហើយ​កាល​ពី​វេលា​ម៉ោង ​១២ ​ថ្ងៃ​ត្រង់ ​ថ្ងៃទី ​១៤ ​សីហា។​

លោក​ថ្លែង​ថា​​៖ ​«​​រឿង​នេះ​ បើ​ទោះ​ជា​ជន​រងគ្រោះ​ត្រូវ​ប្រគល់​ឲ្យ​សាច់​ញាតិ​ក្តី ក៏​កម្លាំង​សមត្ថកិច្ច​របស់​យើង​នៅ​តែ​បន្ត​ស្រាវជ្រាវ​ទៀត ​ដើម្បី​ស្វែងរក​ជនល្មើស​មក​ផ្តន្ទាទោស​តាម​ច្បាប់​»​។

លោក​បញ្ជាក់​ប្រាប់​​ថា​ បើ​តាម​ការ​អះអាង​ពី​ប្រជាពលរដ្ឋ​នៅ​ក្បែរៗ​កន្លែង​កើត​ហេតុ​នោះ​បាន​ប្រាប់​ថា​ នៅ​អំឡុង​ប្រហែល​ជា​ម៉ោង​ ១ ​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃទី ​១៤ ​សីហា ​ប្រជាពលរដ្ឋ​​បាន​ឮសូរ​សំឡេង​ស្រែក​ឡូឡា​ពី​មនុស្ស ​១ ​ក្រុម​ ជាមួយ​នឹង​សំឡេង​រោទ៍​ម៉ូតូ​ខ្លាំងៗ​ ហើយ​ក្រោយ​មក​ក៏​ស្ងាត់​សំឡេង​ទៅ​វិញ​។​ បន្ទាប់​ពី​ស្ងាត់​សំឡេង​ម៉ូតូ​ និង​ដោយ​មាន​ការ​សង្ស័យ​ផង​នោះ​ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ទៅ​មើល​នៅ​កន្លែង​សំឡេង​ម៉ូតូ​នោះ​​ក៏​ស្រាប់​តែ​ឃើញ​មនុស្ស​ម្នាក់​ដេក​ស្លាប់​ផ្កាប់​មុខ​ទៅ​នឹង​ស្មៅ ​ហើយ​នៅ​ក្បាល​មាន​បែក​រយះ​ហូរ​ឈាម​ផង​។ ជាមួយ​គ្នា​​នោះ​ គេ​​ឃើញ​មាន​បន្សល់​ទុក​ម៉ូតូ ​១ ​គ្រឿង ​ម៉ាក ​C 125 ​ពណ៌​ខ្មៅ​ ដួល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សាកសព​។​ ​

លោក​ឲ្យ​ដឹង​ថា​​ ក្រោយ​ពី​មាន​ការ​ភ្ញាក់​ផ្អើល​ និង​មាន​សេចក្តី​រាយការណ៍​ពី​ប្រជាពលរដ្ឋ​មក​សមត្ថកិច្ច​របស់​លោក​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ ហើយ​បាន​ពិនិត្យ​មើល​សាកសព​ឃើញ​ថា​ នៅ​ផ្នែក​ក្បាល​របស់​ជន​រងគ្រោះ​​ត្រូវ​ជន​​សង្ស័យ​វាយ​​នឹង​វត្ថុ​រឹង​បែក​ក្បាល​។​

ទោះ​យ៉ាង​ណា ​លោក ​ជៀស ​ចាន់​ អនុប្រធាន​នគរបាល​ប៉ុស្តិ៍​សង្កាត់​គោករកា​ បាន​ប្រាប់​តាម​សម្តីរ​បស់​ប្រពន្ធ​សាកសព​ពី​ម្សិលមិញ​ថា​ ប្តី​​របស់​គាត់​ជា​​អ្នក​រត់​ម៉ូតូ​ឌុប​ហើយ​នៅ​យប់​មុន​ពេល​កើត​ហេតុ​ប្តី​របស់​គាត់​បាន​ជិះ​ម៉ូតូ​​ចេញ​ពី​ផ្ទះ​ ប៉ុន្តែ​ស្រ្តី​ជា​ប្រពន្ធ​​មិន​​បាន​ចាប់​​អារម្មណ៍​ថា​ប្តី​​ទៅ​ទីណា​ទេ​។​ លុះ​ដល់​ពេល​យប់​ជ្រៅ​ស្រ្តី​ប្រពន្ធ​​បាន​ដើរ​រក​​ប្តី​សព្វ​ទី​​កន្លែង​ដែរ​ តែ​រក​មិន​ឃើញ ​រហូត​ដល់​វេលា​ថ្ងៃ​ត្រង់​ថ្ងៃទី ​១៤ ​សីហា​ ទើប​បាន​ដឹង​ដំណឹង​ថា ​ប្តី​របស់​គាត់​ត្រូវ​បាន​គេ​សម្លាប់​។

លោក ​ជៀស​ ចាន់ ​បញ្ជាក់​ថា​ ជន​រងគ្រោះ​ត្រូវ​គេ​វាយ​បែក​ក្បាល​ពី​ក្រោយ​រយះ​ប្រហែល ​២ ​តឹក​​ បែក​​លលា​ដ៏​ក្បាល​​ចេញ​ខួរ​ និង​ដេក​ស្លាប់​ផ្កាប់​មុខ​៕