មណ្ឌលគិរីៈ បុរស​ម្នាក់​ក្នុង​ចំណោម​ ៣ ​នាក់​ត្រូវបាន​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការខេត្ត​មណ្ឌលគិរី ក្រោយពី​បាន​ឆែក​ឃើញ​សាច់សត្វ​ទន្សោង​ព្រៃ​ក្រៀម​ទម្ងន់​ ៧៦ ​គីឡូក្រាម ​កំពុង​ដឹក​ចេញ​ពី​ដែនជម្រក​សត្វព្រៃ​លំផាត់​ក្នុង​ភូមិ​រវាក់ ឃុំរយ៉ ស្រុក​កោះញែក និង​រឹបអូស​បាន​អាវុធ​ AK ​ស្វ័យ​បត់ ១ ​ដើម​។

លោក ម៉ម វ៉ាន់ដា អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ ព្រុត កាដុល ត្រូវបាន​ព្រះរាជអាជ្ញារង​ធ្វើការ​ចោទប្រកាន់​ពី​បទ​ប្រើប្រាស់​អាវុធ​ជាតិផ្ទុះ​ដែល​ធ្វើឲ្យ​ខូចខាត​ដល់​ធនធាន​ធម្មជាតិ​។

លោក​ថ្លែងថា​៖ «​ឥឡូវនេះ ជនសង្ស័យ​ត្រូវ​បញ្ជូន​បន្ត​ទៅ​ចៅក្រម​ស៊ើបសួរ​ទៀត​ដើម្បី​សម្រេច​ចោទប្រកាន់​ចុងក្រោយ​»​។

លោក កែវ សុភ៌គ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ព្រុត កាដុល អាយុ ២៩ ​ឆ្នាំ និង​ឈ្មោះ​មនុស្ស​ ២ ​នាក់​ទៀត ​ដែល​កំពុង​គេចខ្លួន​ត្រូវ​បាន​បញ្ជូនទៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី​កាលពី​ថ្ងៃទី​ ៧ កញ្ញា​។ មនុស្ស​ទាំង​ ៣ ​នាក់​ត្រូវបាន​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ​សាច់សត្វ​ព្រៃ​។

លោក សុភ៌គ បាន​ថ្លែងថា​៖ «​បើតាម​ខ្ញុំ​ដឹង​គឺ​ខាង​អយ្យការ​កំពុង​តែ​ចាត់ការ​លើ​សំណុំរឿង​នេះហើយ​។ ចំពោះ​អ្នក​គេចខ្លួន ២ ​នាក់ ខ្ញុំ​សុំ​មិន​បញ្ចេញឈ្មោះ​ទេ​»​។

លោក​រំឭក​ប្រាប់ថា ករណី​នេះ​កាលពី​ថ្ងៃទី​ ៥ ខែ​ កញ្ញា ឆ្នាំ​ ២០២០ វេលា​ម៉ោង​ ១៥ និង​ ៤០ ​នាទី មន្ត្រី​ឧទ្យានុរក្ស ប្រចាំការ​នៅ​ស្នាក់ការ​អូររវាក់​ក្នុង​ដែនជម្រក​សត្វព្រៃ​លំផាត់ ខេត្ត​មណ្ឌលគិរី បាន​ចុះ​ល្បាត​ស្រាប់តែ​ប្រទះឃើញ​ជនសង្ស័យ​ចំនួន ៣ ​នាក់ ​កំពុង​ជិះ​ម៉ូតូ​ ២ ​គ្រឿង ​ដោយ​មាន​ដឹក​ការុង​ដែល​សង្ស័យថា អាច​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​សត្វព្រៃ​។ ពេល​ដេញទាន់​ស្រាប់តែ​បុរស​ ២ ​នាក់​បាន​ផ្តួល​ម៉ូតូ​ចោល ហើយ​រត់គេច​ខ្លួន​ចូល​ក្នុង​ព្រៃបាត់ រីឯ​ម្នាក់ទៀត​រត់​មិនទាន់​ក៏​ត្រូវ​មន្ត្រី​អនុរក្ស​ចាប់បាន​។ ក្រោយពី​ចាប់ខ្លួន​បាន​ឆែកឆេរ​ក្នុង​ការុង ឃើញ​មាន​សាច់សត្វ​ទន្សោង​ព្រៃ​ក្រៀម​ទម្ងន់​ ៧៦ ​គីឡូក្រាម និង​ម៉ូតូ​ម៉ាកវ៉េវ​ចំនួន​ ២ ​គ្រឿង​ទៀត​ត្រូវ​បាន​រក្សាទុក​នៅ​មន្ទីរបរិស្ថាន ខេត្ត​មណ្ឌលគិរី ដែល​ជា​វត្ថុតាង​នៃ​បទល្មើស​។

លោក សុភ៌គ បាន​ឲ្យ​ដឹង​ទៀតថា ករណី​បទល្មើស​ដោយឡែក​មួយទៀត មន្ត្រី​ឧទ្យានុរក្ស ប្រចាំ​ស្នាក់ការ​មេម៉ង់ និង​បុគ្គលិក​អង្គការ WWF ផ្នែក​អនុវត្ត​ច្បាប់ បាន​ចុះ​ល្បាត​នៅ​ចំណុច​ផ្លូវ​ទៅ​ខ្ញែង​ស្ថិត​ក្នុង​ភូមិ​ខ្ញែង ឃុំ​ចុងផ្លាស់ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី​បាន​ប្រទះឃើញ​ជនសង្ស័យ​ចំនួន​ ២ ​នាក់ ​ជិះ​ម៉ូតូ​ ១ ​គ្រឿង​ ចេញ​ពី​ព្រៃ​កាលពី​ថ្ងៃទី​ ៦ ខែ​កញ្ញា ខណៈ​នោះ​ក្រុមមន្ត្រី​ឧទ្យានុរក្ស និង​មន្ត្រី​អង្គការ WWF ​បាន​ស្ទាក់​ឃាត់​ជនសង្ស័យ​បាន​ទាំង​ ២ ​នាក់ ហើយ​ពួកគេ​បាន​សារភាព​ថា ពួកគេ​ចេញ​ពី​ក្នុងព្រៃ​ដើម្បី​ទៅ​មើល​អន្ទាក់ ដែល​ពួកគេ​បានដាក់​ចំនួន​ ២២ ​ខ្សែ ដើម្បី​ចាប់​សត្វព្រៃ​។

លោក​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពី​រឹបអូស​យក​វត្ថុតាង​ និង​ធ្វើការ​ពិន័យ​អន្តរការណ៍ ពួកគេ​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​៕