កំ​ពង់​ចាមៈ ​មនុស្ស​ម្នាក់​ស្លាប់​ និង​ ២ នាក់​បាត់​ខ្លួន​ បន្ទាប់​ពី​​ជួប​គ្រោះ​​ថ្នាក់​ចារាច​រណ៍​កាណូត​បុក​គ្នា​កាល​ពី​យប់​ថ្ងៃ​ទី​ ១០​ ឧសភា​ ស្ថិត​ក្នុង​ភូមិ​ទី​ ២​ ឃុំ​កោះ​សំ​រោង​ ស្រុក​កំពង់​សៀម ​ខេត្ត​កំពង់​ចាម​។

លោក ​ឯក ​ប៉ាន់​​ដន​ អធិការ​នគរ​បាល​ស្រុក​កំពង់​សៀម​ឲ្យ​ដឹង​ពី​ម្សិល​មិញ​ថា​ សមត្ថ​កិច្ច​បាន​​រ​ក​ឃើញ​បុរសរង​គ្រោះ​ម្នាក់​ហើយ ​ហើយ​បុរស​រង​គ្រោះ​ ២ នាក់​ទៀត​​សមត្ថ​កិច្ច​ និង​ក្រុម​គ្រួសារ​កំពុង​​ស្វែង​។​

លោក​ គា ​​សុគន្ធ​ នាយ​នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំកោះ​សំរោង​ឲ្យ​ដឹង​ពីម្សិល​មិញ​ថាសមត្ថ​កិច្ច​របស់​លោក ​និង​នគរ​បាល​ជំនាញ​ស្រុក​កំពង់​សៀម​​ក៏​ដូច​ជា​អាជ្ញាធរ​ស្រុក​កំពុង​​ស្វែង​រក​សាក​សព​ជន​រងគ្រោះ​​បន្ត​ទៀត​យ៉ាង​សកម្ម​ ប៉ុន្តែ​ស​មត្ថ​កិច្ច​នៅ​មិន​ទាន់​រក​ឃើញ​ជន​រងគ្រោះ​​ ២ នាក់​​ទៀត​នៅ​ឡើយ​ទេ​រហូត​ដល់​ថ្ងៃ​ទី​ ១១ ​ឧសភា​។​

លោក​ប្រាប់​តាម​សម្តី​សាក្សី​ដែល​នៅរស់​ពី​គ្រោះ​ថ្នាក់​នោះ​​ថា​ ជន​រងគ្រោះ​មាន​គ្នា​ ១០​ នាក់​ ជិះ​កាណូត​ ១ ​គ្រឿង ​(​ទូក​អូស​យ៉ាំង​កាវ​ )​ ឆ្លង​ទន្លេ​ដើម្បី​ទៅ​ចូល​រួម​ក្នុង​ពិធី​មង្គល​ការ​នៅ​ត្រើយ​ម្ខាង​ នៅ​ឃុំ​រំចេក​ក្នុង​ស្រុក​កំពង់​សៀម​​​។​លុះ​នៅ​វេលាម៉ោង​​ប្រមាណ​ជា​ ១០ យប់​ពួក​គេ​បាន​នាំ​គ្នា​ជិះ​កាណូត​ត្រឡប់​​មក​ភូមិ​វិញ​ ដោយ​ជិះ​បណ្តោយ​ទឹក​។​ ពេល​ពួក​គេ​​កំពុង​ជិះ​កាណូត​​ចូល​ដល់​ភូមិ​-​ឃុំខាង​លើ​​ ស្រាប់​តែ​មាន​កាណូត​ ១​ គ្រឿង​ទៀត ​(​ទូក​ចាប់​គែម​ )​ បើក​​បរ​ក្នុង​ទិស​ដៅ​​ទទឹង​ទឹក​ហើយ​បាន​បុក​​កាណូត​របស់​ភាគី​រង​គ្រោះ​​ពេញ​ទំហឹង​​បណ្តាល​ឲ្យ​ក្រឡាប់​ហើយ​មនុស្ស​ដែល​ជិះ​នៅ​លើ​កាណូត​នោះ​បាន​ធ្លាក់​ទឹក​។​

លោក​បន្ត​ទៀ​ត​ថា​ ដោយ​សារ​ភាព​ងងឹត​ពួក​គេ ​(​ជន​រង​គ្រោះ)​ ម្នាក់​ៗ​ខំ​ប្រវ៉េប្រវ៉ា​រក​វត្ថុណា​ដែល​អាច​តោង​បាន​និង​ខំ​ប្រឹង​ហែល​ទឹក​សំដៅ​ទៅ​មាត់​ច្រាំង​ទន្លេ​ដែល​មាន​ចម្ងាយ​ពី​កន្លែង​កើត​ហេតុ​ប្រហែល​ជា ​២០០​ ម៉ែត្រ។​ ប៉ុន្តែ​​ដោយ​សារ​ពួក​គេ​ខ្លះ​ (ជន​រងគ្រោះ)​​ មិន​ចេះ​ហែល​ទឹក​ ឬ​អាច​ពេល​​បុក​មាន​របួស​ ឬស​ន្លប់​ផង​នោះទើ​ប​​លិច​បាត់​តែ​ម្តង​។​ នៅ​យប់​នោះ​ភ្លាមៗ​បន្ទាប់​ពី​កើត​ហេតុ​មក​ទាំង​ប្រជា​ពល​រដ្ឋ​ទាំង​អាជ្ញាធរ​​ស្រុក​រួមនឹង​សមត្ថ​កិច្ច​ស្រុក​កំពង់​សៀម​​បាន​ព្យាយាម​ចាត់​អ្នក​ចេះ​​មុជ​ទឹក​ឲ្យ​ជួយ​រាវរក​ជនរ​ង​គ្រោះ​​តែ​រក​មិន​ឃើញ​ឡើយ​។​

លោក​​ប្រាប់​ថា​៖​ «ភាគី​បង្កគ្រោះ​ថ្នាក់​​បើ​ករត់​បាត់​សមត្ថកិច្ច​កំពុង​ស្រាវ​ជ្រាវ​ហើយ​។​ បើមាន​​ភ្លើង​សញ្ញា​ប្រ​ហែល​ជា​គ្មាន​គ្រោះ​ថ្នាក់​ទេ​»​។​

លោក​ប្រាប់​បន្ថែម​ថា​ ករណី​គ្រោះ​ថ្នាក់​នោះ​បើតាម​​ការ​ស្រាវជ្រាវ​ពី​សមត្ថ​កិច្ច ​​និង​តាម​ការ​សាក​សួរ​ពី​ជន​រងគ្រោះ​​ថា​ កាណូត​​ទាំង​​សងខាង​នោះ​​គ្មាន​ភ្លើង​​សញ្ញាអ្វី​ដើម្បី​បំភ្លឺ​ផ្លូវ​ឬជា​សញ្ញា​ ដើម្បី​បញ្ចៀស​គ្រោះ​ថ្នាក់​ទេ​ទើប​បណ្តាល​ឲ្យ​កើត​មាន​ហេតុ​ការ​ណ៍​បែប​នេះ​៕​​