ភ្នំពេញៈ បុរស​ម្នាក់​ស្លាប់ និង​ ២ ​នាក់​ទៀត​រងរបួស​ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​ក្នុង​បន្ទប់​ជួល​ ១ ​កន្លែង​ នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ​កាលពី​ថ្ងៃទី​ ២៣ វិច្ឆិកា ដោយសារ​ជនរងគ្រោះ​ចម្អិនម្ហូប បណ្តាល​ឱ្យ​ផ្ទុះ​ធុង​ហ្គាស​បង្ក​ជា​អណ្ដាតភ្លើង​។ គ្រោះ​អគ្គិភ័យ​នេះ​កើតឡើង​ក្រោយពី​សមត្ថកិច្ច​ជំនាញ​ក៏​បាន​ចុះ​ណែនាំ​ពលរដ្ឋ​ជា​បន្តបន្ទាប់​ឱ្យមាន​ការប្រុងប្រយ័ត្ន​ក្នុង​ការប្រើប្រាស់​ធុង​ហ្គាស​។

លោក​ សុខ សុផល នាយ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​សង្កាត់​ទឹកថ្លា​ឱ្យដឹងពី​ម្សិលមិញ​ថា សពជនរងគ្រោះ ឈ្មោះ​ ព្រីម សុខា ភេទ​ប្រុស អាយុ​ ២១ ​ឆ្នាំ មុខរបរ​ដើរ​ម៉ៅការ​បុកគ្រឹះ​សំណង់ ស្នាក់នៅ​បន្ទប់​ជួល​កន្លែងកើតហេតុ​នៅ​ភូមិ​ផ្សារទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​។

ជនរងគ្រោះ​មាន​ស្រុកកំណើត ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម និង​មាន​ប្រពន្ធ​កំពុងមាន​ផ្ទៃពោះ ៧ ​ខែ​។ ចំណែក​ជន​រងរបួស​ឈ្មោះ ព្រីម ឃីញ ភេទ​ប្រុស​អាយុ​ ២១ ​ឆ្នាំ​ (​បងប្អូន​ភ្លោះ​) និង​ក្មួយជីដូនមួយ​ម្នាក់​ស្នាក់​នៅ​ជាមួយ​គ្នា​បាន​រងរបួស​រលាក​ជើង​ទាំង​ ២ ​នាក់​។

លោក​បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​ ៣ ​នាក់​មកពី​ធ្វើការ​ដូច​សព្វមួយដង ហើយ​បាន​នាំគ្នា​បើក​ធុង​ហ្គាស​ស្ងោរ​មាន់​ធ្វើ​ម្ហូប​។ ប៉ុន្ដែ​មិនទាន់​នឹង​បាន​ហូប​ផង ស្រាប់តែ​ផ្ទុះ​ធុងហ្គាស​បណ្ដាល​ឱ្យ​ឆាបឆេះ​ផ្សែង​ខ្មួលខ្មាញ់​ចេញពី​បន្ទប់ជួល​។ ពេលនោះ​បុរស​ជា​ប្អូន និង​ក្មួយ​បាន​រត់​ចេញ​មក​ក្រៅ​ និង​ស្រែក​ឱ្យគេ​ជួយ​។ ចំណែក​បុរស​ជា​បង​នៅក្នុង​បន្ទប់ទឹក​មិន​បាន​ចេញ​មក​ក្រៅ​ទេ ដោយ​នៅ​ស្តាយ​ម៉ូតូ​ ១ ​គ្រឿង ហើយ​បម្រុង​យក​ចេញ​មក​ក្រៅ​។

បើតាម​មេ​ប៉ុស្តិ៍​រូបនេះ ខណៈ​ដែល​ប្អូន​មិនឃើញ​បង​ចេញ​មក​ក្រៅ​ក៏​ចូលទៅ​ជួយ បន្ទាប់​មក​បង​បាន​ចេញ​មកក្រៅ រីឯ​ប្អូន​ដែល​ចូល​ទៅ​ជួយ​បង​នោះ​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​ខ្លោច​ស្លាប់​នៅក្បែរ​ម៉ូតូ​តែម្ដង​។ ចំណែក​បុរស​ជា​បង និង​ក្មួយ​បាន​រងរបួស​ត្រូវ​បាន​រថយន្ត​សង្គ្រោះបន្ទាន់​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​។

លោក​ សុផល បញ្ជាក់ថា​៖ «​ក្រោយមក​ក៏​ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​រាយការណ៍​ជូន​សមត្ថកិច្ច ហើយ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ ២ ​គ្រឿង​មកជួយ​អន្តរាគមន៍ ខណៈ​មកដល់​អគ្គិភ័យ​ត្រូវបាន​រលត់​ទៅ​វិញ​។ សមត្ថកិច្ច​យើង​បាន​ស្រាវជ្រាវ និង​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ជូន​ទៅ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​»​។

លោក​ ហួរ ម៉េងវ៉ាង អធិការ​នគរបាល​ខណ្ឌ​សែនសុខ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណីនេះ ដោយ​លោក​អះអាង​ថា​កំពុង​ជាប់រវល់​ប្រជុំ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​មិន​អាច​និយាយ​ទូរស័ព្ទ​បាន​។

ស្នងការរង​នគរបាល​រាជធានីភ្នំពេញ​ទទួលបន្ទុក​អគ្គិភ័យ​លោក ឈាង ផាន់ណារ៉ា ថ្លែង​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ធ្វើ​យុទ្ធនា​ការអប់រំ និង​ណែនាំ​ប្រជាពលរដ្ឋ​ក៏ដូចជា​អាជីវករ​លក់ដូរ​ធុងហ្គាស​នានា​នៅតាម​តំបន់ ឬ​គោលដៅ​ដែល​ងាយ​រងគ្រោះ​បំផុត​។ ជាពិសេស​នៅ​តំបន់​ស្មុគស្មាញ តំបន់​ផ្លូវ​តូចចង្អៀត និង​តំបន់​សំណង់​មិន​រៀបរយ​មួយចំនួន​ទៀត​។

លោក​បញ្ជាក់ថា​៖ «​យើង​បាន​ប្រជុំ​ដាក់​បន្ថែម​ផែនការ​ចុះ​អប់រំ ណែនាំ​ពលរដ្ឋ​និង​អាជីវករ​លក់ដូរ​ហ្គាស ព្រោះ​ពេលនេះ​ចូលដល់​រដូវ​លម្ហើយ និង​រដូវក្ដៅ ដែល​ជា​ពេលវេលា​ងាយ​បង្ក​គ្រោះ​អគ្គិភ័យ​ខ្លាំង​បំផុត​។ ដូច្នេះ​យើង​ទាមទារ​ឱ្យ​ប្រជាពលរដ្ឋ​យល់ដឹង​ពី​ការទុកដាក់ ការប្រើប្រាស់​ធុងហ្គាស​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​រួមចំណែក​ទប់ស្កាត់​បញ្ហា​អគ្គិភ័យ​កើតឡើង​ជាយថាហេតុ​»​។

លោក​ ផាន់ណារ៉ា ក៏បាន​ចូលរួម​សោកស្ដាយ​ចំពោះ​ហេតុការណ៍​អាក្រក់​នេះ ដែល​បាន​កើតឡើង ដោយសារ​តែ​ការប្រើប្រាស់​ធុងហ្គាស​ខុស​បច្ចេកទេស​។ បើតាម​លោក​ស្នងការរង​ក្នុង​អំឡុងពេល​ចម្អិន​អាហារ​នោះ ជនរងគ្រោះ​បាន​ទុក​ម៉ូតូ​ក្បែរ​ចង្ក្រាន​បាយ ហើយ​ម៉ូតូ​មាន​សាំង​ដែល​ធ្វើឱ្យ​ងាយ​នឹង​ឆាបឆេះ​ខ្លាំង​។

លោក នេត វន្ថា ប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ធ្វើការ​អប់រំ ណែនាំ​ប្រជាពលរដ្ឋ​តាម​គោលដៅ​សំខាន់ៗ​ដែល​ងាយ​រងគ្រោះ​ជា​បន្តបន្ទាប់ ប៉ុន្ដែ​លោក​មិន​បាន​ចាំ​ច្បាស់​ពី​ចំនួន​គោលដៅ​ទេ​។

លោក​បាន​ថ្លែងថា​៖ «​យើង​ធ្វើការ​អប់រំ​ដល់​អាជីវករ​លក់ដូរ​កំប៉ុង ឬ​ធុងហ្គាស​ជា​ហូរហែ​កន្លង​មក​ហើយ ប៉ុន្ដែ​មិនដឹងថា ពួកគាត់​យកចិត្ត​ទុកដាក់​កម្រិត​ណា​ទេ​។ ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​ទប់ស្កាត់​ការបង្ក​អគ្គិភ័យ​ដែល​បណ្ដាលមកពី​ធុងហ្គាស ព្រោះ​អគ្គិភ័យ​អាច​បង្ក​គ្រោះមហន្តរាយ​ដល់​សង្គមជាតិ​យើង​»៕