ឧត្តរ​មាន​ជ័យ​៖ យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​បាន​ស្លាប់​ ​និង​ ​២ ​នាក់​ទៀត​ បាន​រង​របួស​ដោយ​សន្លប់​បាត់​ស្មារតី​ ​បន្ទាប់​ពី​មាន​ករណី​រន្ទះ​បាញ់​​មួយ​កើត​ឡើង​ កាល​ពី​រសៀល​ថ្ងៃ​ទី​១៣ ​ខែ​ មិថុនា​ ​ឆ្នាំ​២០​២០​ ​នៅ​ចំ​ណុច​ព្រៃ​រំដួល ​ស្ថិត​ក្នុង​ភូមិ​រំដួល​ចាស់ ​ឃុំអំ​ពិល ស្រុក​បន្ទាយ​អំ​ពិល​ ​ខេត្ត​ឧត្តរ​មាន​ជ័យ​។​

លោក​ ​ជា​ ​ពិសិដ្ឋ​ ​អ្នក​នាំ​ពាក្យ​រដ្ឋ​បាល​ខេត្ត​ឧត្តរ​មាន​ជ័យ​ ​និង ជា​ប្រ​ធាន​គណៈ​កម្មករ​ខេត្ត​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​បាន​ឲ្យ​ដឹង​​ថា បុរស​ឈ្មោះ ​ណូ ​ណយ ​អាយុ​ ១៩​ ឆ្នាំ​ ​មាន​ទី​លំ​នៅ​ក្នុង​ ភូមិ​-​ឃុំ​ កើត​ហេតុ​នោះ ​ត្រូវ​បាន​រន្ទះ​បាញ់​ស្លាប់​នៅ​នឹង​កន្លែង ខណៈ​ប្រពន្ធ​របស់​គាត់​ឈ្មោះ ​យិន ​សុភី ​និង​បង​ថ្លៃ​ប្រុស​របស់​គាត់​​ម្នាក់​ទៀត​ឈ្មោះ យិន​ ​ចំ​ណាន ​អាយុ ​២៦​ ឆ្នាំ​ ​បា​ន​រង​របួស​ដោយ​ដួល​សន្លប់​នៅ​ចម្ងាយ​ ប្រមាណ​តែ​ ១០ ​ម៉ែត្រ​ពី​គ្នា​ប៉ុ​ណ្ណោះ។​ ​

លោក​ ​ពិសិដ្ឋ​ ​បាន​ថ្លែង​ថា​៖​«​ករណី​រន្ទះ​បាញ់​នេះ​ កើត​ឡើង​ ខណៈ​ពួក​គេ​ទាំ​ង​ ៣ នាក់ កំពុង​នាំ​គ្នា​កាប់​គាស់​ដី​ចម្ការ​ ​ដើម្បី​​ដាំ​ដុះ​ដំណាំ​រួម​ផ្សំផ្សេងៗ​ ​​​អំឡុង​ពេល​មេឃ​កំ​ពុង​ភ្លៀង​»​ ​។​

លោក ​ពិសិដ្ឋ​ ​បាន​បន្ត​ថា​ ​ក្រោយ​កើត​ហេតុ​ ​ជន​រង​គ្រោះ ​ដែល​នៅ​មាន​ជីវិត​ ​ត្រូវ​បាន​ឪ​ពុក​ម្ដាយ​ ​និង​សមត្ថ​កិច្ច​នគរ​បាល​មូល​ដ្ឋាន​ ​ជួយ​អន្ត​រាគមន៍​នាំ​យក​ទៅ​ពិនិត្យ​ព្យា​បាល​ ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ឧត្តរ​មា​ន​ជ័យ​ ​ចំ​ណែក​សព​ជន​រង​គ្រោះ ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើ​បុណ្យ​នៅ​វត្ត​បន្ទាយ​អំ​ពិល​។​

លោក ​ពិសិដ្ឋ​ បាន​ឲ្យ​ដឹង​ថា ​ករណី​រន្ទះ​បាញ់​នៅ​ក្នុ​ង​ខេត្ត​ឧត្តរ​មាន​ជ័យ​ ចាប់​ពី​ដើម​ខែ​មករា មក​ទល់​ថ្ងៃទី​ ១៤​ ​ខែ​ មិថុនា​ ​ឆ្នាំ​ ២​០​២០​ ​នេះ​ បា​ន​បណ្ដាល​ឲ្យ​មនុស្ស​ ៣ នាក់​ស្លាប់​ និង ៤​ នាក់​ទៀត​រង​របួស​ ​និង​បាន​បណ្ដាល​ឲ្យ​ងាប់​គោ​ក្របី​ ចំនួន​ ១ ​ក្បាល​ ​។​

យោង​តាម​ទិន្ន​ន័យ​ដែល​ទទួល​បាន​ពី ​​គណៈ​កម្មា​ធិ​ការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ ​ក្នុង​រយៈ​ពេល​ ៥ ​ខែ​ដើម​ឆ្នាំ​ ២០​២០ ​បាតុ​ភូត​រន្ទះ​បាញ់ ​បាន​ធ្វើ​ឲ្យ​​មនុស្ស​ចំនួ​ន​ ១៤ ​នាក់​ស្លាប់​ ​និង​ ៩​ នាក់​ទៀត​រង​របួស​ ​ព្រម​ទាំង​ងាប់​គោ​ក្របី​ ២០ ​ក្បាល​ ​និង​​ខូច​ត​ខា​ត​ផ្ទះ ​៨ ​ខ្នង​ ​ ​ប៉ុន្តែ​ចំនួន​នេះ​ ​មាន​ការ​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ ​បើ​ធៀ​ប​ទៅ​នឹង​ឆ្នាំ​មុន​ក្នុង​រយៈ​ពេល​ដូច​គ្នា​នេះ ​ដែល​មាន​មនុស្ស​ស្លាប់​រហូត​ដល់​ ៤៦​ នាក់​និង ​របួស ​៤៤ ​នាក់​ ​ព្រម​ទាំង​ងាប់​គោ​ក្រ​បី​អស់​ ៦៣ ​ក្បាល​។​ ​

​ក្រ​សួង​ធន​ធាន​ទឹ​ក​ ​និង​ ​ឧតុ​និយម​ បាន​ធ្វើ​ការ​អំពាវ​នាវ​ ​​ជា​បន្ត​ន្ទាប់​ ​ដល់​ប្រ​ជា​ព​ល​រដ្ឋ​ឲ្យ​មាន​​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ចំ​ពោះ​ហានិ​ភ័យ​ ​ដែល​អាច​នឹង​កើត​មាន​ គ្រប់​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ ​ពិសេស​តំបន់​ខ្ពង់​រាប ​ជួរ​ភ្នំ​ដង​រ៉ែក​ ​និង​ ​តំបន់​​វាល​ទំ​នាប​កណ្ដាល​ ​៕​