បាត់ដំបងៈ មនុស្ស​ម្នាក់​ស្លាប់​ និង​ ៣ ​នាក់​រងរបួស ដោយសារ​គ្រាប់​មិន​ទាន់​ផ្ទុះ (​គ្រាប់​ B-40) បាន​ផ្ទុះឡើង​កាលពី​ថ្ងៃទី​ ៥ ខែ​ឧសភា ខណៈ​ពេល​ដែល​ពួកគេ​កំពុង​ដើររក​ផ្សិត​នៅក្នុង​ព្រៃរបោះ​នៅក្នុង​ភូមិ​ថ្មី ឃុំ​តាតោក ស្រុក​សំឡូត ខេត្ត​បាត់ដំបង​។ យោងតាម​ការ​ឲ្យ​ដឹង​របស់​មន្ត្រីនគរបាល​។

លោក កោ ប៊ុនកាំង អធិការនគរបាល​ស្រុក​សំឡូត​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា ក្មេងប្រុស​ដែល​ស្លាប់​មាន​អាយុ​ ១៥ ឆ្នាំ ក្មេងស្រី​អាយុ​ ១៦ ​ឆ្នាំ​រងរបួស​លើ​​ផ្ទៃមុខ ក្មេងប្រុស​អាយុ​ ១៤ ​ឆ្នាំ រងរបួស​ដាច់​ចុង​ច្រមុះ និង​យុវជន​អាយុ​ ២៥ ​ឆ្នាំ រងរបួស​ដាច់​ដៃស្ដាំ​ត្រឹម​កែងដៃ ហើយ​ភ្លាមៗ​នោះ​ជនរងគ្រោះ​ទាំង​ ៣ ​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​។

លោក ប៊ុនកាំង បាន​ឲ្យ​ដឹង​ដោយ​យោងតាម​សម្តី​ជនរងគ្រោះ​ម្នាក់​ថា​៖ «​ពួកគេ​បាននាំគ្នា​ចូល​ទៅ​ព្រៃរបោះ​មួយ​ដែល​មាន​ចម្ងាយ​ពី​ភូមិ​ប្រហែល​ ៦ ​គីឡូម៉ែត្រ​នៅ​ចំណុច​អូរជ្រៅ ភូមិ​ថ្មី ឃុំ​តាតោក ដើម្បី​រក​ដក​ផ្សិត​លក់​។ ពួកគេ​បាន​នាំគ្នា​ដើរ​សម្លឹង​​រកមើល​ផ្សិត ពេល​នោះ​គ្នា​គេ​ម្នាក់​ (​អ្នកស្លាប់​) រើស​បាន​ដែក​ ១ ​មាន​រាង​មូល​ ប៉ុន្តែ​ពួកគេ​មិន​ស្គាល់​ថា​ជា​អ្វី​ទេ​ហើយ​ជនរងគ្រោះ​បាន​យក​ទៅ​ដំ​នៅលើ​គល់ឈើ រីឯ​ពួកគេ​ ៣ ​នាក់​ទៀត​នាំគ្នា​ឈរ​មើល​ចៃដន្យ​ដែក​មូល​នោះ​បាន​ផ្ទុះឡើង​តែ​ម្តង ក្រោយពី​ផ្ទុះ​មក​ពួកគេ​មិនដឹង​ខ្លួន​ទេ​ហើយ​មួយសន្ទុះ​ក្រោយមក​ទើប​ឃើញ​មាន​មនុស្ស​ឈរ​ចោមរោម​ពួកគេ​ និង​ដឹក​ទៅ​មន្ទីរពេទ្យ​តែម្តង​»​។

លោក ប៊ុនកាំង បាន​ឲ្យ​ដឹងថា ក្រោយ​ហេតុការណ៍​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ និង​ពិនិត្យ​ជុំវិញ​ទីតាំង​នោះ​ឃើញ​មាន​អំបែង​គ្រាប់​ B-40 ១ ​គ្រាប់​ដែល​ក្រុម​ជនរងគ្រោះ​រើស​បាន​ហើយ​ដំ​លេង​។

លោក​ថ្លែងថា​៖ «​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា-ថៃ​ប្រមាណ​ជា​ ១០-២០ ​គីឡូម៉ែត្រ​គ្រាប់​នៅ​រាយប៉ាយ​ក្នុងព្រៃ​។ ​សំឡូត​ជា​ជម្រក​ជំរំ​ទ័ព​ចម្រុះ​ហើយ​»​។

លោក​ឲ្យ​ដឹងថា ចំពោះ​ជនរងគ្រោះ​ក្រោយពី​ដឹក​មក​ដល់​ភូមិ​គេ​បាន​យកទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ឃុំ​ដែល​នៅ​ជិត​ ប៉ុន្តែ​ដោយ​ស្ថានភាព​របួសធ្ងន់​ពេក​ក្រុមគ្រួសារ​បាន​នាំគ្នា​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​ទៅ​។ ​

បន្ទាប់ពី​គ្រូពេទ្យ​ព្យាបាល​បាន​ ២-៣ ​ថ្ងៃ​មកដល់​ពេល​នេះ​ឃើញថា​ស្ថានភាព​ជនរងគ្រោះ​ទាំង​ ៣ ​នាក់​បាន​ប្រសើរ​បន្តិច​ហើយ​ចំពោះ​អ្នក​ដែល​ទៅ​ដក​ផ្សិត​នោះ​ខ្លះ​មកពី​ស្រុក​វាលវែង​ខេត្តពោធិ៍សាត់ និង​អ្នកខ្លះ​មកពី​ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង​ដែល​ផ្សិត​នោះ​ច្រើន​តែ​ដុះ​នៅ​លើដី​ថ្មី​ដែល​ទើប​ឆេះ​ភ្លើង​ហើយ ហើយ​ផ្សិត​នោះ​មាន​លក្ខណៈ​មូលៗ​ប៉ុន​មេដៃ មេជើង​ដែល​គេ​លក់​ក្នុង​ ១ ​គីឡូក្រាម​បាន​ ៧ ​ទៅ​ ៨ ​ម៉ឺន​រៀល​ដែរ​ ប៉ុន្តែ​វា​ដុះ​ក្នុង​រយៈ​ ១០ ​ថ្ងៃ​ទៅ​កន្លះ​ខែ​ប៉ុណ្ណោះ​ក្នុង​ ១ ​ឆ្នាំ​ម្តង​។

លោក ព្រីង បញ្ញារិទ្ធ មន្ត្រី​ស៊ីម៉ាក់​ប្រចាំខេត្ត​បាត់ដំបង ខេត្ត​ពោធិ៍សាត់ និងខេត្ត​ប៉ៃលិន​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា នៅ​ស្រុក​សំឡូត​ក្នុង​ខេត្តបាត់ដំបង​ជន​ដែល​រងគ្រោះ​ដោយ​គ្រាប់មីន​ ឬ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​មាន​ចំនួន​កើន​ជាង​ឆ្នាំមុន​បន្តិច​តែ​លោក​មិន​ចាំ​តួលេខ​ទេ​ដោយសារ​តែ​ប្រជាពលរដ្ឋ​ចេះ​តែ​ដើរចូល​​រុករក​សត្វ​នៅក្នុង​ព្រៃ​ដែល​ជា​កន្លែង​អង្គភាព​ស៊ីម៉ាក់​មិនទាន់​បាន​ដោះមីន​ ឬ​សម្អាត​គ្រាប់មីន ខណៈ​តំបន់​តាម​ព្រំដែន​រាជរដ្ឋាភិបាល​កម្ពុជា​មិនទាន់​អនុញ្ញាត​ឲ្យ​ដោះ​ទេ​តែ​ពលរដ្ឋ​ចេះតែ​ទៅរក​សត្វ​ក្នុង​តំបន់​ដែល​ហាមឃាត់​។

លោក​ប្រាប់ថា អង្គភាព​ស៊ីម៉ាក់​បាន​ធ្វើការ​ដោះមីន​នៅ​តាម​តំបន់​ដី​ភូមិ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើស្រែ​ចម្ការ ហើយ​ខាង​ស៊ីម៉ាក់​ដោះមីន​តែ​តំបន់​ក្បែរៗ​ភូមិ​សិន​ទេ ចំណែក​នៅ​តំបន់​ព្រៃ​ជ្រៅៗ​គឺ​មិនទាន់​បាន​បោសសម្អាត​នៅឡើយ​ទេ​។ រីឯ​ស្រុក​វាលវែង​ដែល​មាន​ព្រំប្រទល់​ជាប់​សំឡូត​ក៏សម្បូរ​គ្រាប់មីន​ច្រើន​ដែរ​៕