សៀមរាបៈ មន្ត្រីនគរបាលមូលដ្ឋានបាននិយាយថា យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ និង ៤ នាក់ទៀតបានរងរបួសធ្ងន់ និងស្រាលក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្ត ២ គ្រឿងបុកគ្នាលើកំណាត់ផ្លូវជាតិលេខ ៦ ហើយបន្តទៅបុករះផ្ទះប្រជាពលរដ្ឋចំនួន ២ ខ្នងដែលស្ថិតនៅក្បែរនោះ។
លោក ទេព ពុំសែន អធិការស្រុកពួកបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃម្សិលមិញថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃពុធនៅចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៥១-៣៥២ ស្ថិតក្នុងភូមិកិត្តិយស ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។
លោក ពុំសែន បានឲ្យដឹងបន្តទៀតថា អ្នកបើកបររថយន្តដឹកទឹកកកឈ្មោះ រ៉េត សារឹទ្ធ អាយុ ២៧ ឆ្នាំមានលំនៅភូមិជ្រាស ឃុំល្វា ស្រុកពួក ខេត្តសៀមរាបបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈអ្នកបើកបររថយន្តដឹកត្រីឈ្មោះ សុខ យាងភារុត អាយុ ១៧ ឆ្នាំមានលំនៅភូមិថ្មដាកើត ឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តកំពង់ចាម និងអ្នករួមដំណើរម្នាក់ឈ្មោះ ជុន រដ្ឋធី អាយុ ២៧ ឆ្នាំព្រមទាំងអ្នកភូមិ ២ នាក់ទៀតរួមមានឈ្មោះ ហង់ បុត្រវីរៈ អាយុ ២៩ ឆ្នាំ និងឈ្មោះ ណាត ចាន់ណា អាយុ ២៧ ឆ្នាំបានរងរបួសធ្ងន់ និងស្រាល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានជួយអន្តរាគមន៍ដឹកអ្នករងរបួសទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកពួក និងបានទាក់ទងសាច់ញាតិជនរងគ្រោះដែលស្លាប់ ដើម្បីនាំយកសពទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ទាំង ២ ត្រូវបានអូសយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកពួក ដើម្បីរង់ចាំរកដំណោះស្រាយនៅពេលក្រោយ។
លោក ពុំសែន បានបញ្ជាក់ផងដែរថា៖ «គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយអ្នកបើកបររថយន្តដឹកត្រីដែលផ្ទុះបែកកង់មុខផ្នែកខាងស្ដាំ ហើយរេចង្កូតទៅបុករថយន្តដឹកទឹកកកដែលបើកបញ្ច្រាសទិសគ្នា ហើយជ្រុលទៅបុករះផ្ទះអ្នកភូមិចំនួន ២ ខ្នងទៀតឲ្យបាក់រាបដល់ដី»។
លោកបានបន្ថែមថា៖ «នៅពេលនេះអ្នកបើកបររថយន្តបង្កឈ្មោះ សុខ យាងភារុត និង អ្នករួមដំណើរម្នាក់ឈ្មោះ ជុន រដ្ឋធី កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកពួកដោយស្ថិតក្រោមការឃ្លាំមើលរបស់កម្លាំងនគរបាលជំនាញរបស់យើង ដើម្បីរង់ចាំយកចម្លើយផ្ទាល់ពីពួកគេ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់»។
ជុំវិញករណីនេះឪពុកជនរងគ្រោះឈ្មោះ ហង់ បុត្រវីរៈ គឺលោក ហង់ រឿង អាយុ ៦០ ឆ្នាំបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃម្សិលមិញថា គាត់មិនចង់ប្ដឹងផ្ដល់អ្វីវែងឆ្ងាយនោះទេ ប្រសិនបើភាគីអ្នកបើកបររថយន្តបង្កព្រមបង់សំណងខូចខាតផ្ទះនិង សម្ភារប្រើប្រាស់ផ្សេងៗ និងថ្លៃព្យាបាលរបួសកូនប្រុសរបស់គាត់ដោយសន្តិវិធីនោះ។
លោក រឿង បានថ្លែងដោយអះអាងថា ផ្ទះរបស់គាត់ទំហំទទឹង ៥,៥ ម បណ្ដោយ ៧ ម ធ្វើពីឈើប្រក់ស័ង្កសី និងទ្រព្យរបស់ផ្សេងៗមួយចំនួនទៀតបានរងការខូចខាតស្ទើរទាំងស្រុង។
លោកបាននិយាយថា៖ «ខ្ញុំគ្រាន់តែចង់បានសំណងសមរម្យគឺ ១០ ០០០ ដុល្លារសម្រាប់ការព្យាបាលរបួសកូនប្រុសរបស់ខ្ញុំ និងជួសជុលផ្ទះព្រមទាំងទិញសម្ភារមួយចំនួនដែលរងការខូចខាតពីការបុកកម្ទេចដោយរថយន្តបង្កប៉ុណ្ណោះ។ រឿងប្ដឹងផ្ដល់ឡើងតុលាការគឺខ្ញុំមិនចង់ទេ»។
ស្រដៀងគ្នានេះលោក ជួន លេន អាយុ ៣៤ ឆ្នាំដែលជាប្ដីរបស់ស្ត្រីរងគ្រោះឈ្មោះ ណាត ចាន់ណា អាយុ ២៧ ឆ្នាំ និងជាម្ចាស់ផ្ទះធ្វើពីដែកប្រក់ស័ង្កសីទំហំ ទទឹង ៤ ម បណ្ដោយ ៥ ម រងការខូចខាតមធ្យមនោះបាននិយាយថា គាត់ចង់បានដំណោះស្រាយដោយសន្តិវិធីពីម្ចាស់រថយន្តបង្កជាសំណងទឹកប្រាក់ចំនួន ៥ ពាន់ដុល្លារ ដើម្បីជួសជុលផ្ទះ និងព្យាបាលប្រពន្ធរបស់គាត់។ ពាក់ព័ន្ធនឹងករណីនេះភ្នំពេញប៉ុស្តិ៍មិនអាចស្វែងរកការទាក់ទងសុំការបំភ្លឺពីក្រុមគ្រួសារសាច់ញាតិ អ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ទាំង ២ នោះនៅឡើយទេកាលពីម្សិលមិញ។
យោងតាមមាត្រា ៤១ ថ្មីនៃច្បាប់ចរាចរណ៍ផ្លូវគោក ឆ្នាំ ២០១៧ អ្នកដែលមានសិទ្ធិបើកបររថយន្តលក្ខណៈគ្រួសារដែលមានចំណុះកៅអីចំនួន ៩ រួមទាំងអ្នកបើកបរនោះគឺត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ និង ត្រូវកាន់បណ្ណបើកបរប្រភេទ (ខ)។ សម្រាប់អ្នកបើកបររថយន្តប្រភេទដឹកទំនិញគឺត្រូវមានអាយុចាប់ពី ២២ ឆ្នាំឡើងទៅ និងត្រូវកាន់បណ្ណបើកបរប្រភេទ (គ)។
លោក ឈួន វ៉ន់ អ្នកនាំពាក្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា យោងតាមរបាយកាណ៍របស់សមត្ថកិច្ចនគរបាលមូលដ្ឋាន អ្នកបើកបររថយន្តដឹកត្រីបង្កគ្រោះថ្នាក់ចរាចរណ៍នោះបានប្រព្រឹត្តទោសកំហុសតាំងពីដំបូងមកម្ល៉េះពោលគឺអាយុរបស់គាត់ទើបតែ ១៧ ឆ្នាំប៉ុណ្ណោះពុំមានសិទ្ធិក្នុងការបើកបររថយន្តប្រភេទដឹកទំនិញនោះបានទេ បើទោះជាគាត់ចេះបើកបរក៏ដោយ។
លោកថា៖ «អំពើល្មើសរបស់គាត់បានកើតឡើងតាំងពីដំបូងមកម្ល៉េះ។ អំពើល្មើសដែលមិនអាចអត់ឱនឲ្យបាននោះគឺគាត់បានបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមានជនរងគ្រោះស្លាប់ និងរងរបួសច្រើននាក់»។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និង ត្រូវបញ្ជាយានជំនិះដោយប្រុងប្រយ័ត្ន និងដោយការទទួលខុសត្រូវខ្ពស់បំផុត៕