The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មនុស្ស​ម្នាក់​ស្លាប់​ និង​ ៨ ​នាក់​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុករះ​ប្រមាណ​ ២០ ​គ្រឿង

មនុស្ស​ម្នាក់​ស្លាប់​ និង​ ៨ ​នាក់​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុករះ​ប្រមាណ​ ២០ ​គ្រឿង

Content image - Phnom Penh Post
រថយន្ត​ធុន​ធំ​តូច​បុក​បន្តកន្ទុយ​គ្នា​ថ្ងៃ​ទី​ ៣ មករា នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៤ ។ រូបថត Fresh News

មនុស្ស​ម្នាក់​ស្លាប់​ និង​ ៨ ​នាក់​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុករះ​ប្រមាណ​ ២០ ​គ្រឿង

កំពង់ស្ពឺៈ មនុស្ស​ម្នាក់​បាន​ស្លាប់ និង​ ៨ ​នាក់​រងរបួស​ធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏រន្ធត់​មួយ​ដែល​បង្កឡើង​ដោយ​រថយន្ត​ដឹក​ថ្ម​ ១ ​គ្រឿង​ដាច់​ហ្វ្រាំង​បុក​រះ​រថយន្ត​ប្រមាណ​ ២០ ​គ្រឿង​ទៀត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៤ ជិត​ជ្រោះ​ពេជ្រនិល​ស្ថិត​ក្នុង​ភូមិ​ ៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​កាលពី​រសៀល​ម្សិលមិញ​។ នេះ​បើ​តាម​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​លោក​ សម សាមួន​។

លោក​ស្នងការ​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​រថយន្ដ​ ១ ​គ្រឿង​កំពុង​ចុះ​ចំណោត​ក្នុង​ល្បឿន​លឿន​នៅ​តំបន់​ជិត​ជ្រោះ​ពេជ្រនិល​ស្រាប់​តែ​ដាច់​ហ្វ្រាំង​រួច​បន្ដ​ទៅ​បុក​រះ​រថយន្ដ​មាន​ទាំង​ធុន​ធំ និង​តូច ប្រមាណ​ ២០ ​គ្រឿង​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​រងរបួស​ ៨ ​នាក់​។

លោក​បញ្ជាក់​ថា​៖ «​គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​ជា​ជនជាតិ​ខ្មែរ និង​រងរបួស​ ៨ ​នាក់​ខូច​ឡាន ២០ ​គ្រឿង​។ គ្រោះថ្នាក់​នេះ​កើតឡើង​ដោយសារ​ឡាន​ដឹក​ថ្ម​ ១ ​គ្រឿង​បើក​មកពី​ទិសដៅ​ពី​ខាង​កើត​រួច​ក៏​ដាច់​ហ្វ្រាំង នៅ​ពេល​ចុះ​ចំណោត​ពេជ្រនិល​រួច​ក៏​បុក​បន្ដ​កន្ទុយ​គេ​រហូត​អ៊ីចឹង​ទៅ​»​។

លោក​បន្ថែម​ថា​៖ «​អ្នក​រងគ្រោះ​ទាំងអស់​សុទ្ធតែ​ជា​ខ្មែរ​យើង​ទេ ទាំង​អ្នក​ស្លាប់ និង​អ្នក​រងរបួស​មិន​មាន​ជនបរទេស​ទេ​។ ក្រោយ​កើតហេតុ​យើង​បាន​ចុះ​ទៅ​អន្ដរាគមន៍​ភ្លាមៗ និង​បញ្ជូន​ជនរងគ្រោះ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ដ​កំពង់ស្ពឺ ចំណែក​អ្នក​រងរបួស​ធ្ងន់​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ភ្នំពេញ​»​។

លោក​ តែង វុឌី នាយប៉ុស្តិ៍​ឃុំ​ត្រែងត្រយឹង​ដែល​ចុះ​ដល់​ទីតាំង​កើតហេតុ​នោះ​បាន​បញ្ជាក់​ថា​មនុស្ស​ដែល​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ភេទ​ប្រុស ចំណែក ៨ ​នាក់​ទៀត​រងរបួស​ធ្ងន់ និង​កំពុង​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ដ​កំពង់ស្ពឺ និង​ភ្នំពេញ​។

លោក​បន្ថែម​ថា​៖ «​ស្លាប់​ម្នាក់​ភេទ​ប្រុស​ដោយ​កៀប​ជាប់​នៅ​ក្នុង​ឡាន ចំណែក​អ្នករងរបួស​ផ្សេង​ទៀត​សុទ្ធតែ​របួសធ្ងន់ តែ​យើង​បាន​បញ្ជូន​ពួក​គាត់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ដ និង​ភ្នំពេញ​ហើយ​។ ពេល​នេះ​កំពុង​ស្ទះចរាចរណ៍​ខ្លាំង​ (​ម៉ោង​ ៥ ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ )​នៅ​កន្លែង​កើតហេតុ​»​។

លោក វុឌី បាន​បញ្ជាក់​ថា​ដំបូង​ឡើយ​រថយន្ដ​ ១ ​គ្រឿង​កំពុង​ចុះ​ចំណោត​ក្នុង​ល្បឿន​លឿន​នៅ​ទីតាំង​ក្បែរ​ជ្រោះ​ពេជ្រនិល​នៅ​ម្ដុំ​យាយ​ម៉ៅ ស្រាប់តែ​ដាច់​ហ្វ្រាំង​ទៅ​បុក​រះ​រថយន្ដ​ជាង​ ២០ ​គ្រឿង​ជា​បន្ដបន្ទាប់​មាន​ទាំង​រថយន្ដ​ធំ និង​រថយន្ដ​តូច​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ខ្លះ​បៀប​ជាប់​នៅ​ក្នុង​រថយន្ដ​តែម្ដង ហើយ​រថយន្ដ​ខ្លះ​ធ្លាក់​ជ្រោះ​ថែម​ទៀត​៕

អត្ថបទគួរចាប់អារម្មណ៍