ភ្នំពេញៈ​ មនុស្ស​ស្លាប់​បាន​កើន​ដល់​ ១៨ ​នាក់​ ខណៈ​ជាង ​៤ ម៉ឺន​គ្រួសារ​ទៀត​រង​ផល​ប៉ះពា​ល់​​ ដោយ​សារគ្រោះ​ទឹក​ជំនន់​ទឹក​ភ្លៀងនិ​ង​ជំនន់​ទន្លេ​មេគ​ង្គ នៅ​ទូទាំ​ង​ប្រទេស​កម្ពុជា​ គិត​ចាប់​តាំង​ពីចុង​ខែ​កក្កដារ​ហូត​ដល់​ជាង​ពាក់​កណ្ដាល​ខែ​សីហា​​​នេះ​​។ នេះ​​បើ​តាម​លោក​ កែវ វី អ្នក​នាំ​ពាក្យ​គណៈ​កម្មា​ធិ​ការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ដ​រាយ​ កាល​ពី​ម្សិល​មិញ។

លោក កែវ វី បាន​ថ្លែង​ថា​ខេត្ត​ត្បូង​ឃ្មុំ ​កំពង់​ចាម ​ក្រចេះ ស្ទឹង​ត្រែង និង​ព្រៃ​វែង ដែល​ជាខេត្ដ​ជាប់​ដង​ទន្លេ​មេ​គង្គ​កំពុង​​​ទទួល​រង​គ្រោះ​ព្រោះ​សន្ទុះ​ទឹក​នៅ​តែ​បន្ដ​ហក់​ឡើង​ជា​បន្ដ​បន្ទាប់ ​លើស​កម្រិត​ប្រ​កាស​អា​សន្ន​​ដែរ​។

លោក​បន្ថែម​ថា​៖«មនុស្ស​ស្លាប់​កើន​ឡើង​ដល់​១៨​នាក់​ហើយ​ក្នុង​នោះ​នៅ​ខេត្ដ​កំពង់​ចាម​មាន​ស្លាប់​ច្រើន​ជាង​គេដែល​​មាន​​រហូត​ដល់​១០​នាក់​ ​ហើយ​ទឹក​ទន្លេ​មេ​គង​នៅទ​ន្លេសេ​សា​ននិង​សេ​កុង​អី​សុទ្ធ​តែ​ឡើង​ហួស​កម្រិត​ប្រ​កាស​អា​សន្ន​…​»។

លោក កែវ វី បាន​លើក​ឡើង​ថា ជា​ធម្មតា ទឹក​ជំនន់​ទន្លេ​មេ​គង្គ ក្នុង​មួយ​ឆ្នាំ អាច​ឡើង​រយៈ​បីដ​ង​ហើយ​ឡើង​ខ្ពស់ឬទាប គឺ​អាស្រ័យ​លើ​អា​កាស​ធាតុនិង​ទឹក​ភ្លៀង​ផង​ដែរ​។

កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​សីហា ​ឆ្នាំនេះ​ លោក យន្ត មីន​ អភិ​បាល​ខេត្ត​ព្រះសី​ហនុបាន​ចុះចែក​ពូជ​ស្រូវ​ស្រាល​ចំនួន៥​តោន ជូន​​ពល​រដ្ឋចំនួន ​១១៣ ​គ្រួសារ​ ដែល​រស់នៅក្នុង​ភូមិ​ចំនួន​ ២ គឺ​ភូមិ​វាល​ ចំនួន​៧២​គ្រួសារ និង ភូមិថ្មី ចំនួន​៤១​គ្រួ​សារ​។

លោក ​យន្ត មីន បាន​ប្រាប់​ភ្នំពេញ​បុស្តិ៍​ កាល​ពី​ម្សិល​មិញ​ថា៖ «ការ​ផ្ដល់​ពូជ​ស្រូ​វ​នេះគឺ​ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​គ្រប់​គ្រាន់​យក​ទៅ​ដាំ​ដុះ ឲ្យ​បាន​ទាន់​ពេល​ នា​ដើម​រដូវ​វស្សា​​នេះ»​។

លោក​បន្ដ​ថា ស្រូវ​ពូជ​ដែល​ចែក​ជូន​​ពលរដ្ឋ​នេះ​ជា​ប្រភេទ​ស្រូវ​ស្រាល​មាន​រយៈ​ពេល១០៥​ថ្ងៃ​ចំពោះ​ការ​ដាំដុះ​ហើយ​អាច​ប្រមូល​ផលបាន​គឺត្រូវ​យក​ស្រូវ​ទៅ​សាប​ជា​សំណាប​ ដើម្បី​ដក​យក​ទៅ​ស្ទូង​ស្រែ​តាម​តម្រូវ​ការ​ របស់​ប្រជា​ពលរដ្ឋ​។

​ជំនន់​ទឹកភ្លៀងកាល​ពីចុង​ខែ​កក្កដា​ឆ្នាំ​នេះ​បណ្តាល​ឲ្យ​ខូច​ខាត​សន្ទូង​​ពល​រដ្ឋ​ជាង៥០ហិក​តានៅ​ឃុំ​កំពង់​សិលា ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហនុ​។

ក្រសួង​ធន​ធាន​ទឹក​បាន​បញ្ជាក់​កាល​ពីម្សិល​មិញ​ថាទឹក​ទន្លេ​មេគង្គ ខេត្ត​ក្រចេះបាន​កើន​ឡើង​ដល់​កម្ពស់២២,១១​ម៉ែត្រ( កម្ពស់​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន២២,០០ម៉ែត្រ)។ ទឹក​បាន​ចាប់​ផ្តើម​ហូរ​ហៀរ​ចេញ​តាម​ប្រព័ន្ធ​លូ​លិច​ចូល​តំ​បន់​ផ្សារ​ក្រុង​ក្រចេះ ជា​បណ្តើរៗ​ហើយ។

ក្រសួង​បាន​បញ្ជាក់​ថាមន្ទីរ​ធន​ធាន​ទឹក​ខេត្ដ​ក្រចេះ​បាន​ដំឡើង​ម៉ាស៊ីន​បូម​ទឹក​ចល័ត​ខ្នាត​មធ្យម​ចំនួន​១គ្រឿងដើម្បី​បូម​ទឹក​ដែល​ហូរ​ហៀរ​ចេញ​តាម​ប្រ​ព័ន្ធ​លូនោះ​បញ្ចូល​ទៅ​ក្នុង ​បឹង​រំលាច​៕