ភ្នំពេញៈ មនុស្ស​ចំនួន​ ២១ ​នាក់​ស្លាប់ និង​ ៧០ ​នាក់​រងរបួស​ធ្ងន់​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅ​ទូទាំង​ប្រទេស​ចំនួន​ ៥១ ​លើក អំឡុង​ពេល​នៃ​ការឈប់​សម្រាក​សង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​រយៈពេល​ ៥ ​ថ្ងៃ​កន្លង​ទៅ​នេះ​។ តួលេខ​នេះ​មាន​ការកើនឡើង​ ១០ ​លើក ឬ​ស្មើនឹង​ ២៤ ​ភាគរយ​ក្នុង​នោះ​ទីក្រុង​ភ្នំពេញ​កើតឡើង​ច្រើន​ជាងគេ​។

យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ដែល​បានចេញ​ផ្សាយ​នៅ​ចុង​សប្តាហ៍​មុន​នេះ​ឱ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​ ១៧ ដល់​ថ្ងៃទី​ ២១ ខែ​សីហា​កន្លង​មក​នេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​មាន​ការកើនឡើង​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ទៅនឹង​ឆ្នាំ​ ២០១៩​។ ប៉ុន្តែ​ចំនួន​នៃ​អ្នក​ស្លាប់មាន​ ២១ ​នាក់​ដែល​មាន​ការថយចុះ​ចំនួន​ ១ ​នាក់​ ឬ​ស្មើនឹង​ ៥​ ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន​ដែល​មាន​អ្នកស្លាប់​ចំនួន​ ២២ ​នាក់​។

ប្រភព​ដដែល​បាន​បន្ថែម​ថា ចំនួន​អ្នករងរបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ មាន​ចំនួន​ ៧០ ​នាក់​ដែល​មាន​ការកើនឡើង​ចំនួន​ ២០ ​នាក់​ ឬ​ស្មើនឹង​ ៤០ ​ភាគរយ​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ​ក៏​បាន​បង្ក​ឱ្យ​មាន​ការខូចខាត​ម៉ូតូ​ចំនួន​ ៥៩ ​គ្រឿង និង​រថយន្ត​ចំនួន​ ៣០ ​គ្រឿង​។

លោក​ គង់ រតនៈ នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា ក្នុងអំឡុងពេល​នៃ​ការឈប់​សម្រាក​រយៈពេល​ ៥ ​ថ្ងៃ​កន្លងមក​នេះ​លោក​សង្កេត​ឃើញ​ថា ឥរិយាបថ​របស់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកប្រើប្រាស់​ផ្លូវ​នៅ​មិនទាន់​ប្រតិបត្តិ​ល្អ​ទៅ​តាម​ការកំណត់​របស់​ច្បាប់​ទេ​។ ពីព្រោះ​ចំនួន​គ្រោះថ្នាក់​នៅតែ​កើតមាន​ឡើង​ច្រើន​។ មុនពេល​ឈប់​សម្រាក ករណី​គ្រោះថ្នាក់​ចរាចរណ៍​មាន​ការថយចុះ​ដែល​ក្នុង​ ១ ​ថ្ងៃ​ពី​ ៥ ​ឬ​ ៦ ​នាក់​មក​នៅតែ​ ៣ ​ឬ​ ៤ ​នាក់​។

លោក​ រតនៈ ​បន្តថា មុនពេល​ឈប់​សម្រាក សមត្ថកិច្ច​មាន​ការរឹតបន្តឹង​ច្បាប់​ច្រើន​ដែល​ធ្វើឱ្យ​គ្រោះថ្នាក់​មាន​ការថយចុះ​។ ចំណុច​នេះ​បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់​មាន​ន័យថា ប្រជាពលរដ្ឋ​ខ្លាច​ប៉ូលិស​ជាង​ខ្លាច​ច្បាប់​។ បើ​ទោះបី​ជា​មាន​មន្ត្រីប៉ូលិស​យាម​នៅ​តាម​គោលដៅ​សំខាន់ៗ ប៉ុន្តែ​ពួកគាត់​មិន​បាន​រឹតបន្តឹង​ច្បាប់​នោះទេ គឺ​គ្រាន់តែ​ឈរ​ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​ច្រើនជាង​។

លោក​មាន​ប្រសាសន៍​ថា​៖ «​អ្វី​ដែល​ជា​កង្វល់​របស់​ខ្ញុំ នៅពេល​ដែល​មិនមាន​ការពង្រឹង​ច្បាប់​ឱ្យបាន​ហ្មត់ចត់​ ឬ​ឱ្យ​ច្បាស់លាស់​តឹងរ៉ឹង​ទេ នោះ​ចំនួន​នៃ​ការកើនឡើង​នៃ​គ្រោះថ្នាក់​នេះ​មិន​មាន​អ្វី​ចម្លែក​ទេ វា​ជា​រឿង​ធម្មតា​។ យើង​ចង់ឃើញ​មាន​ការអនុវត្ត​ច្បាប់​ឱ្យបាន​ស្មើៗ​គ្នា តម្លាភាព និង​ធ្វើ​ឱ្យ​បាន​ជាប់លាប់​»​។

លោក គង់ រតនៈ បាន​បញ្ជាក់​ថា ឥរិយាបថ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មិនសូវ​មាន​ការគោរព​ច្បាប់​ចរាចរណ៍​នេះ​កើត​មាន​តាំងពី​យូរណាស់​មកហើយ​។ ដូច្នេះ​ហើយ​ការកែប្រែ​របស់​ពួកគាត់​មិនអាច​ចំណាយ​ពេលវេលា​ខ្លី​ក្នុង​ការកែប្រែ​ដែរ ប៉ុន្តែ​អ្វី​ដែល​ត្រូវធ្វើ​មុនគេ​នោះ គឺ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មើល​ឃើញ​ថា ប្រព័ន្ធ​ច្បាប់​នៃ​ការអនុវត្ត​មាន​ភាពស្មើៗ​គ្នា​ដោយ​មិនមាន​អ្នក​ល្មើសច្បាប់​ណាមួយ​រួច​ផុតពី​ច្បាប់​នោះទេ​។

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​លើកឡើង​ថា គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​គឺ​មាន​នៅ​រាជធានី​ភ្នំពេញ ខេត្ត​ពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តតាកែវ ខេត្ត​ឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្ត​ព្រះវិហារ ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ និង​ខេត្តក្រចេះ​។

តាម​របាយការណ៍​ចំពោះ​ការពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​គឺ​ត្រូវ​បាន​យកចិត្ត​ទុកដាក់​ខ្ពស់ ដោយសារ​សមត្ថកិច្ច​គ្រប់​គោលដៅ​បាន​ធ្វើការ​ត្រួតពិនិត្យ​យានយន្ត​ទាំង​នៅ​តាម​ចំណត​ដើមទី តាម​ដងផ្លូវ​ជាតិ និង​គោលដៅ​សំខាន់ៗ​នៅក្នុង​ភូមិសាស្ត្រ​រាជធានី-ខេត្ត​ដោយ​បាន​រកឃើញ​យានយន្ត​ល្មើស និង​ផាកពិន័យ​សរុប​ចំនួន​ ៣ ៨៩១ ​គ្រឿង​ក្នុង​នោះ​ម៉ូតូ​ចំនួន ​២ ៨៨២ ​គ្រឿង​៕